(ភ្នំពេញ)៖ សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤។នេះបើយោងតាមសារលិខិត របស់ សម្ដេចតេជោ នាព្រឹកថ្ងៃទ១៧ ខែឧសភា ឆ្នាំ២០២៤ ដែលមានខ្លឹមសារដូច្នេះថា៖បងប្អូនជនរួមជាតិជាទីគោរពស្នេហា !លោក លោកស្រី សមាជិក សមាជិកានៃក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងនៅទូទាំងប្រទេស ជាទីមេត្រី!ជាបឋមក្នុងនាម គណបក្សប្រជាជនកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងការគោរព និងដឹង គុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទី ដែលមានការជឿជាក់យ៉ាងមុតមាំ លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរូបខ្ញុំ នៅគ្រប់កាលៈទេសៈ តាំងពីដំណាក់កាលសង្គ្រោះ ជាតិពីរបបប្រល័យពូជសាសន៍ រហូតមកដល់ដំណាក់កាលសន្តិភាព និងការអភិវឌ្ឍបច្ចុប្បន្ននេះ និង បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់ក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥។ តាមរយៈការបោះឆ្នោតនេះ បានឆ្លុះបញ្ចាំងទាំងស្រុងនូវឆន្ទៈដ៏ថ្លៃថ្លារបស់ប្រជាជនកម្ពុជានៅទូទាំងប្រទេស ក្នុងការថែរក្សាសន្តិភាព លទ្ធិប្រជាធិបតេយ្យ និងបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដើម្បីលើកស្ទួយជីវភាព របស់ខ្លួន។ ព្រមជាមួយនេះ ខ្ញុំក៏សូមសម្តែងនូវការគោរព និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកានៃ ក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែងនៅទូទាំងប្រទេស ដែលបានយកអស់កម្លាំងកាយ កម្លាំងចិត្ត និងកម្លាំង ប្រាជ្ញា ក្នុងការបំពេញភារកិច្ចបម្រើប្រជាជន។នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃអាទិត្យ ៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ខាងមុខនេះ គឺជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដែលជាការបោះឆ្នោតមួយដ៏មានសារៈសំខាន់សម្រាប់ការបន្តជំរុញដំណើរការអភិវឌ្ឍសង្គមជាតិយើង ពិសេស ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ ទោះបីការបោះឆ្នោតនេះជាការបោះ ឆ្នោតអសកល ប៉ុន្តែគឺជាការបោះឆ្នោតដែលកើតចេញពីឆន្ទៈរបស់ប្រជាជនកម្ពុជាពិតប្រាកដ ព្រោះថា សមាជិក សមាជិកានៃក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែង ដែលជាអ្នកបោះឆ្នោតផ្ទាល់ គឺជាអ្នកតំណាងដ៏ ឧត្តុង្គឧត្តមរបស់ប្រជាជនដែលបានប្រសូត្រចេញពីឆន្ទៈរបស់ប្រជាជន។គណបក្សប្រជាជនកម្ពុជា សូមប្រកាសជាឱឡារិកនូវការចូលរួមក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នេះ ដោយគោរពអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌នៃការបោះឆ្នោត និងគោរពលទ្ធផលនៃការបោះឆ្នោត។ គណបក្សប្រជាជនកម្ពុជាចូលរួមជាមួយបណ្តាគណបក្សនយោបាយ មជ្ឈដ្ឋានចម្រើនជឿនលឿននានាក្នុង សង្គម និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាបរិយាកាសនយោបាយសម្រាប់ការបោះឆ្នោត ឱ្យប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី យុត្តិធម៌ មានសណ្តាប់ធ្នាប់ល្អ និងសុវត្ថិភាព។គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាអនុវត្តកម្មវិធីនយោបាយរបស់ខ្លួន ដែលបានប្រកាសជូនបង ប្អូនជនរួមជាតិរួចហើយឱ្យបានសម្រេចជោគជ័យទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ ដើម្បីធានា ដល់ការថែរក្សាសន្តិភាព និងស្ថិរភាព ការការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងកសាងព្រះ រាជាណាចក្រកម្ពុជាជារដ្ឋប្រជាធិបតេយ្យសេរី ពហុបក្សដ៏រឹងមាំដែលផ្អែកលើច្បាប់ មានការគោរពសិទ្ធិ មនុស្សយ៉ាងខ្ជាប់ខ្ជួន មានសេដ្ឋកិច្ចរីកចម្រើនលឿន ធ្វើឱ្យប្រជាជនកម្ពុជាគ្រប់ក្រុមគ្រួសារមានជីវភាព កាន់តែល្អប្រសើរឡើង ឥតឈប់ឈរ និងរស់នៅយ៉ាងសុខដុមរមនាក្នុងសង្គម។ក្នុងស្មារតីនេះ ខ្ញុំសូមអំពាវនាវដល់លោក លោកស្រី ជាសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងទាំងអស់នៅទូទាំងប្រទេស សូមអញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតគាំទ្រ គណបក្ស ប្រជាជនកម្ពុជា ដែលមានរូបសញ្ញា ទេវតាបាចផ្កា ជាសញ្ញាសម្គាល់នៅលើសន្លឹកឆ្នោត ឱ្យបាន គ្រប់ៗគ្នា។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺធានាជោគវាសនាដ៏រុងរឿងរបស់ប្រទេសជាតិ ប្រជាជន និងខ្លួនឯងផ្ទាល់។ខ្ញុំសូមប្រសិទ្ធពរជូនបងប្អូនជនរួមជាតិ និងសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែង ទាំងអស់ សូមបានប្រកបនូវពុទ្ធពរ និងពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕
(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ ២០២៤ យោងតាមការបង្ហោះខ្លឹមសារលើគណនីហ្វេសប៊ុករបស់ ឯកឧត្តម ហ៊ុន ម៉ានី បានឱ្យដឹងថាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ សំទុះនៃការគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ពីក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស និងប្រជាពលរដ្ឋដែលរស់នៅនាយសមុទ្រទូទាំងពិភពលោក បានកើតឡើងយ៉ាងភ្លូកទឹកភ្លូកដី តាមរយៈការបញ្ចេញមតិ ញត្តិគាំទ្រ និងចុងក្រោយតាមរយៈយុទ្ធនាការប្តូរប្រូហ្វាលបង្ហាញពីការគាំទ្រព្រែកជីកហ្វូណនតេជោ។ ការសម្រេចចិត្តក្នុងការធ្វើព្រែកជីកហ្វូណនតេជោ គឺជាការបង្ហាញនូវភាពម្ចាស់ការរបស់កម្ពុជា ក្នុងការកសាងខឿនសេដ្ឋកិច្ចរបស់ខ្លួន ដែលត្រូវបានគូសវាសដោយថ្នាក់ដឹកនាំកម្ពុជា។ នេះជាការខិតខំប្រឹងប្រែងកសាងប្រទេសជាតិ ដែលបានងើបចេញពីគំនរផេះផង់នៃសង្រ្គាមរ៉ាំរ៉ៃ និងត្រូវបានបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុង ក្លាយជាកម្ពុជាក្នុងពេលបច្ចុប្បន្ន ប្រកបដោយសក្តានុពលលើគ្រប់វិស័យ។ កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរៀបចំរបៀបវារៈនៃការអភិវឌ្ឍរបស់ខ្លួនសម្រាប់បច្ចុប្បន្ន និងអនាគត។ ទាំងនេះបានកើតចេញពីឆន្ទៈមោះមុត ការប្តេជ្ញាចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលជំនាន់មុន និងដែលត្រូវបានបន្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ជាថ្មីម្តងទៀត ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ខ្ញុំសូមប្រកាសគាំទ្រគំនិតផ្តួចផ្តើម និងដំណើរការនៃគម្រោងព្រែកជីកហ្វូណនតេជោនេះ ដើម្បីជាឧត្តមប្រយោជន៍ដ៏មានតម្លៃកាត់ថ្លៃពុំបានសម្រាប់ប្រទេសជាតិ។ ខ្ញុំសូមគូសបញ្ជាក់ម្តងទៀតថា គម្រោងនេះគឺជាការគិតគូរ យ៉ាងយកចិត្តទុកដាក់ គ្រប់ជ្រុងជ្រោយ និងប្រកបដោយទស្សនវិស័យយូរអង្វែងដោយឈរលើការតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាចម្បង។ ដើម្បីសម្រេចបានចក្ខុវិស័យរបស់ខ្លួនក្នុងការក្លាយខ្លួនជាប្រទេសអភិវឌ្ឍន៍ ច្បាស់ណាស់យើងត្រូវការចាំបាច់នូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់ដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដែលមិនត្រឹមតែបម្រើឱ្យវិស័យដឹកជញ្ជូន និងភស្តុភារកម្មប៉ុណ្ណោះទេ តែក៏បានចែករំលែកនូវផលប្រយោជន៍សម្រាប់វិស័យកសិកម្ម ទេសចរណ៍ និងវិស័យសេដ្ឋកិច្ចពាក់ព័ន្ធផ្សេងទៀតដល់សហគមន៍ដែលរស់នៅតាមដងព្រែកជីកផងដែរ៕
(សុខភាព)៖ មនុស្សចំនួនមិនសូវបានដឹងទេថា ខ្ញីមានសុខភាពល្អយ៉ាងណាចំពោះសុខភាពយើង។ ខ្ញី គឺជាគ្រឿងទេស ដែលមានរសជាតិខ្លាំង ថែមទាំងមានគុណសម្បតិ្តល្អជាច្រើនដោយវាមានផ្ទុក gingerol, shogaol, zingiberene និងវីតាមីន និងសារធាតុរ៉ែជាច្រើនប្រភេទ។ ដូច្នេះវាមិនគួរឱ្យភ្ញាក់ផ្អើលទេ ដែលខ្ញីមានប្រវត្តិជាឱសថដ៏យូរលង់ណាស់មកហើយ។ ជាច្រើនសតវត្សមុន ខ្ញីត្រូវបានគេប្រើ ដើម្បីព្យាបាលជំងឺគ្រប់ប្រភេទ។ លើសពីនេះ ការទទួលទានខ្ញីជាប្រចាំក៏អាចជួយឱ្យ រាងកាយរបស់អ្នកមានសុខភាពល្អផងដែរ។សារធាតុ gingerol នៅក្នុងខ្ញី ជាសារធាតុសកម្មជីវសាស្រ្តដែលជួយកាត់បន្ថយរោគសញ្ញាដូចជាចង្អោរ និងក្អួត។ សារធាតុនេះក៏ជួយកាត់បន្ថយការហើមសន្លាក់ផងដែរ។ ខ្ញីក៏មានផ្ទុកសារធាតុ shoagol ដែលជាសារធាតុដែលមានប្រសិទ្ធិភាពថ្នាំស្ពឹកដែលជួយប្រឆាំងនឹងជំងឺមហារីក និងជំងឺបេះដូងផងដែរ។ Zingiberene នៅក្នុងខ្ញីគឺល្អជាពិសេសសម្រាប់ការរំលាយអាហារ។ មិនត្រឹមតែប៉ុណ្ណឹងទេ ខ្ញីក៏មានឥទ្ធិពលប្រឆាំងនឹងជំងឺទឹកនោមផ្អែម និងធ្វើអោយមុខងារខួរក្បាល និងប្រព័ន្ធការពារប្រសើរឡើងផងដែរ។យោងតាមការសិក្សាមួយចំនួន ខ្ញីជួយកាត់បន្ថយឱកាស នៃការកើតជំងឺមហារីក ហើយថែមទាំងជួយការពារការរលាកពោះវៀនផងដែរ។ ខណៈពេលដែលនេះគ្រាន់ តែជាការចាប់ផ្តើមនៃការសិក្សាដែលធ្វើដើម្បីមើលពីរបៀបដែលខ្ញីជួយការពារជំងឺមហារីក ប៉ុន្តែមានរឿងមួយប្រាកដណាស់ ផលប៉ះពាល់គឺវិជ្ជមាន ហើយយើងគួរតែចាប់ផ្តើមទទួលទានវាបន្ថែមទៀត៕