(ខេត្តមណ្ឌលគិរី)÷ លោកឌិន ប៊ុនធឿន អនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី បានមានប្រសាសន៍ថា មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មានការសោកស្តាយជាពន់ពេកចំពោះការបាត់បង់សត្វដំរីព្រៃញី១ក្បាលដែល មានរបួសធ្ងន់ធ្ងរនៅចំណុចអូរក្រាក់ នៃដែនជម្រកសត្វព្រៃភ្នំព្រេច នៅវេលាម៉ោង៥និង៣៨នាទីព្រឹក នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា។លោកអនុប្រធានមន្ទីរ បានបញ្ជាក់ថា ខាងជំនាញសហការជាមួយអង្គការWWF បានប្រឹងប្រែងព្យាយាមប្រឹងប្រែងជួយសង្គ្រោះសត្វដំរីញី១ក្បាលនោះ អស់លទ្ធភាពហើយ។ លោកប្រាប់ថា សត្វដំរីនោះទំនងជាប់ ផុងយូរនៅក្នុងល្បាប់អូរក្រាក់ ទម្រាំមានប្រជាពលរដ្ឋប្រទះ ឃើញដូច្នេះយើងលំបាកនឹងស្ដារសុខភាពដំរីនោះឡើងវិញខ្លាំងណាស់។ លោកបញ្ជាក់ថា យើងបានប្រឹង ប្រែងខ្លាំងណាស់ដើម្បីជួយសង្គ្រោះសត្វដំរីនេះ។គួររំលឹកថា ក្រុមការងារនៃដែនជម្រកសត្វព្រៃភ្នំព្រេចបានប្រទះឃើញសត្វដំរីព្រៃញី១ក្បាល បានជាប់ក្នុងល្បាប់ភក់ចំណុចអូរក្រាក់កាលពីថ្ងៃទី ៣០ ខែមេសាឆ្នាំ ២០២៤។ ក្រុមការងារបានព្យាយាមជួយសង្គ្រោះសត្វដំរីញី១ក្បាលនោះ ប៉ុន្តែគួរឱ្យសោកស្ដាយ 10 ថ្ងៃក្រោយមក ដំរីញី១ក្បាលនោះបានបាត់បង់ជីវិត។ក្រុមការងារនៃមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរីរួមសហការជាមួយអង្គការ WWF មន្ត្រីជំនាញ និងក្រុមការងារនៃក្រុមហ៊ុនលឹមរ៉ូយ៉ាល់បាន ធ្វើការជួយសង្គ្រោះសត្វដំរីព្រៃញី១ក្បាលដែលកំពុងជាប់ក្នុងល្បាប់ភក់ និងមានរបួសជើងមុខខាងឆ្វេងនិងផ្នែកពោះអស់រយៈពេល៣ថ្ងៃនៅ កន្លែងកើតហេតុ។ ក្រុមការងារក៏បានដឹកជញ្ជូនដំរីព្រៃញី១ក្បាលនេះ មកបន្តព្យាបាលនៅទីស្នាក់ការកណ្ដាលរយ៉លើ នៃដែនជម្រកសត្វព្រៃលំផាត់មណ្ឌលគិរី។ដោយសុខភាព សត្វដំរីព្រៃញី១ក្បាលនេះមានសភាពខ្សោយពីមួយថ្ងៃទៅមួយថ្ងៃ នាថ្ងៃទី១០ ខែឧសភាឆ្នាំ ២០២៤ ក៏បានស្លាប់បាត់បង់ជីវិត។ នៅវេលាម៉ោង២រសៀលនាថ្ងៃនេះក្រុមការងារនឹងរៀបចំជីករណ្តៅកប់នៅទីស្នាក់ការរយ៉លើដែនជម្រកសត្វព្រៃលំផាត់ ភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី៕
(ភ្នំពេញ)៖ សិស្សដែលកំពុងសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺលើកឡើងថា ការដឹកនាំអ្នកសាព័ត៌មានចុះមកទស្សនកិច្ចផ្ទាល់នៅតាមវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស គឺជារឿងចាំបាច់ ដើម្បីអ្នកសារព័ត៌មានស្វែងយល់កាន់តែច្បាស់ និងដើម្បីផ្សព្វផ្សាយព័ត៌មានបានយ៉ាងទំលំទូលាយអំពីកម្មវិធីបណ្តុះបណ្តាលជំ នាញវិជ្ជាជីវៈ និងបច្ចេកទេសនេះទៅកាន់ប្រជាពលរដ្ឋ។ ការលើកឡើងបែបនេះបន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំអ្នកសារព័ត៌មានចំនួន២០នាក់ មកពី ១០ស្ថាប័ន ចុះស្វែងយល់អំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ (PIKS)។ យុវជន សម្បត្តិ ឈាំង ជាសិស្សនៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺលើកឡើងថា៖«ខ្ញុំគាំទ្រពីការដឹកនាំអ្នកសារព័ត៌មានជាច្រើននាក់មកកាន់វិទ្យាស្ថានបណ្តុះបណ្តាលរបស់ខ្ញុំនៅពេលនេះ ពីព្រោះអ្នកសារព័ត៌មានអាចផលិតមាតិកាល្អៗអំពីការបណ្តុះបណ្តាលជំនាញរបស់សាលាខ្ញុំ ដើម្បីផ្សព្វផ្សាយទៅកាន់សាធារណជន»។ យុវជនរូបនេះបន្ថែមថា ការផ្សព្វផ្សាយព័ត៌មានអំពីការការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈគឺមានសារសំខាន់ណាស់ ពីព្រោះការផ្សព្វផ្សាយគឺជាវិធីសាស្រ្តមួយក្នុងការកៀរគរយុវជនគោលដៅ ក៏ដូចជាពលរដ្ឋឱ្យមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះឱ្យបានច្រើន។ លើសពីនេះទៅទៀត អ្នកសារព័ត៌មានអាចផលិតវីដេអូសំខាន់ៗនៃការបណ្តុះបណ្តាល ដើម្បីឱ្យសាធារណជនឃើញពីអត្ថប្រយោជន៍នៃការបណ្តុះបណ្តាលជំនាញបច្ចេកទេសនេះ។ ដោយឡែកយុវជន មុយ សៀងហៃ ជាសិស្សនៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ក៏បង្ហាញអារម្មណ៍ដែរថា៖«រីករាយដែលបានឃើញអ្នកសារព័ត៌មានជាច្រើននាក់ចុះមកយកព័ត៌មានផ្ទាល់នៅវិទ្យាស្ថានរបស់ខ្ញុំ ពីព្រោះអ្វីដែលវិទ្យាស្ថានខ្ញុំបាននឹងកំពុងចូលរួមយ៉ាងសំខាន់លើការបណ្តុះបណ្តាលធនធានមនុស្សនៅតំបន់នេះ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើបណ្តាញសារព័ត៌មាន និងប្រព័ន្ធអ៉ីនធើណែត»។ យុវជនរូបនេះសង្ឃឹមថាកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាលនឹងរីកសាយភាយនៅលើបណ្តាញសារព័ត៌មាន និងបណ្តាញអ៉ីនធើណែត បន្ទាប់អ្នកសារព័ត៌មានបានចុះផ្ទាល់មកកាន់វិទ្យាស្ថានបណ្តុះបណ្តាលនៅពេលនេះ ហើយសង្ឃឹមថាក្រសួងការងារនឹងបន្តរៀបចំការដឹកនាំអ្នកសារព័ត៌មានចុះទៅកាន់វិទ្យាស្ថានបណ្តុះបណ្តាលដ៏ទៃទៀតនៅទូទាំងប្រទេស ដើម្បីបំផុសព័ត៌មានទៅដល់មូលដ្ឋាន ទាក់ទាញយុវជនចូលរៀនជំនាញឱ្យបានច្រើន។ ទន្ទឹមនឹងការទទួលបានជំនាញមួយពិតប្រាកដប្រចាំជីវិតតាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលនេះដែរ សិស្សនៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ សូមអំពាវនាវ និងលើកទឹកចិត្តដល់យុវជនដ៏ទៃទៀតដែលពុំទាន់មានជំនាញច្បាស់លាស់ សូមកុំស្ទាក់ស្ទើរក្នុងការសាកសួរព័ត៌មាននៃការសិក្សាផ្ទាល់ និងចុះឈ្មោះចូលរៀនជំនាញដែលខ្លួនពេញចិត្តនៅវិទ្យាស្ថានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដែលនៅក្នុងតំបន់ខេត្ត ក្រុងរបស់ខ្លួនរស់នៅ ព្រោះនេះជាឱកាសដ៏ពិសេសក្នុងការសិក្សាមិនគិតថ្លៃ និងជាស្ពានសម្រាប់ការផ្លាស់ប្តូរជីវិត និងជួយលើកស្ទួយជីវភាពគ្រួសារក្រោយសិក្សាចប់តែម្តង។ គួរបញ្ជាក់ផងដែរថា វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺស្ថិតនៅភូមិទំពូង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងនោះវិទ្យាស្ថានបាននឹងកំពុងបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់សិស្សចំនួន ៧៩៣នាក់ លើមុខជំនាញចំនួន១៩ដូចជា ការងារកំបោរ ការដំឡើងបណ្តាញបំពង់ទឹក ការដំឡើងបណ្តាញអគ្គិសនីក្នុងអាគារ ការដំឡើងពុម្ភ ការដំឡើងកាមេរ៉ាសុវត្ថិភាព ការផ្សារអគ្គិសនី ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត ការថែទាំ និងជួសជុលអគ្គិសនីរថយន្ត សេវាកម្មធនធានមនុស្ស សេវាកម្មកុំព្យូទ័រ សេវាកម្មអតិថិជន ការរចនាក្រាហ្វិកដោយកុំព្យូទ័រ សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ធុរកិច្ចភេសជ្ជៈ ការធ្វើម្ហូបខ្មែរ ការដាំ ថែទាំ និងប្រមូលផលដំណាំស្វាយកែរមៀត ការចញ្ចឹម និងថែទាំត្រីប្រា និងការកែច្នៃបន្លែ និងផ្លែឈើ។សម្រាប់ព័ត៌មាននៃការចុះឈ្មោះសិក្សា សូមទំនាក់ទំនងផ្ទាល់មកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ តាមរយៈលេខទូរស័ព្ទ ០១២ ៩៩៥ ៩៥២ / ០៨១ ៩៩៥ ៨៩៨ / ០៩៨ ៤០៤ ៣៤៣ ឬតាមរយៈ Facebook Page: វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ (https://www.facebook.com/pikspeu) ឬទូរស័ព្ទមកលេខ៖ ១២៩៧ ឬ ១២៨៦៕
(បាងកក)៖ ក្រសួងសុខាភិបាលថៃបាននិយាយថា ជំងឺគ្រុនក្តៅ បានសម្លាប់មនុស្សចំនួន៦១នាក់ នៅក្នុង ប្រទេសថៃ មកទល់ពេលនេះ ច្រើនជាងនៅឆ្នាំ ២០២៣ បន្ទាប់ពីអាកាសធាតុក្តៅខ្លាំង ជាច្រើនសប្តាហ៍នៅទូទាំងតំបន់។រលកនៃអាកាសធាតុក្តៅខ្លាំងបានវាយលុកប្រទេសថៃ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលជំរុញឱ្យអាជ្ញាធរ ចេញការព្រមានអំពីអាកាសធាតុក្តៅក្រហាយជារៀងរាល់ថ្ងៃ។ ក្រសួងសុខាភិបាលបាននិយាយថា មនុស្ស61នាក់បានស្លាប់ ដោយសារជំងឺគ្រុនក្តៅចាប់តាំងពីដើមឆ្នាំ 2024 ធៀបនឹង37នាក់ក្នុងឆ្នាំ 2023 ។ក្រសួងបាននិយាយថា ភាគឦសានរបស់ប្រទេសថៃ ដែលជាតំបន់បេះដូងកសិកម្ម បានឃើញចំនួន អ្នកស្លាប់ច្រើនជាងគេ។អ្នកវិទ្យាសាស្ត្របានព្រមានជាយូរមកហើយថា ការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយ មនុស្សនឹង បង្កើតរលកកំដៅញឹកញាប់ យូរជាង និងកាន់តែខ្លាំង។ខណៈពេលដែលបាតុភូត El Nino កំពុងជួយជំរុញឱ្យមានអាកាសធាតុក្តៅខ្លាំងក្នុងឆ្នាំនេះ អាស៊ីក៏ កំពុងឡើងកំដៅលឿនជាងមធ្យមភាគពិភពលោក៕