(ភ្នំពេញ)៖ សិស្សដែលកំពុងសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺលើកឡើងថា ការដឹកនាំអ្នកសាព័ត៌មានចុះមកទស្សនកិច្ចផ្ទាល់នៅតាមវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស គឺជារឿងចាំបាច់ ដើម្បីអ្នកសារព័ត៌មានស្វែងយល់កាន់តែច្បាស់ និងដើម្បីផ្សព្វផ្សាយព័ត៌មានបានយ៉ាងទំលំទូលាយអំពីកម្មវិធីបណ្តុះបណ្តាលជំ នាញវិជ្ជាជីវៈ និងបច្ចេកទេសនេះទៅកាន់ប្រជាពលរដ្ឋ។ ការលើកឡើងបែបនេះបន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំអ្នកសារព័ត៌មានចំនួន២០នាក់ មកពី ១០ស្ថាប័ន ចុះស្វែងយល់អំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ (PIKS)។ យុវជន សម្បត្តិ ឈាំង ជាសិស្សនៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺលើកឡើងថា៖«ខ្ញុំគាំទ្រពីការដឹកនាំអ្នកសារព័ត៌មានជាច្រើននាក់មកកាន់វិទ្យាស្ថានបណ្តុះបណ្តាលរបស់ខ្ញុំនៅពេលនេះ ពីព្រោះអ្នកសារព័ត៌មានអាចផលិតមាតិកាល្អៗអំពីការបណ្តុះបណ្តាលជំនាញរបស់សាលាខ្ញុំ ដើម្បីផ្សព្វផ្សាយទៅកាន់សាធារណជន»។ យុវជនរូបនេះបន្ថែមថា ការផ្សព្វផ្សាយព័ត៌មានអំពីការការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈគឺមានសារសំខាន់ណាស់ ពីព្រោះការផ្សព្វផ្សាយគឺជាវិធីសាស្រ្តមួយក្នុងការកៀរគរយុវជនគោលដៅ ក៏ដូចជាពលរដ្ឋឱ្យមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះឱ្យបានច្រើន។ លើសពីនេះទៅទៀត អ្នកសារព័ត៌មានអាចផលិតវីដេអូសំខាន់ៗនៃការបណ្តុះបណ្តាល ដើម្បីឱ្យសាធារណជនឃើញពីអត្ថប្រយោជន៍នៃការបណ្តុះបណ្តាលជំនាញបច្ចេកទេសនេះ។ ដោយឡែកយុវជន មុយ សៀងហៃ ជាសិស្សនៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ក៏បង្ហាញអារម្មណ៍ដែរថា៖«រីករាយដែលបានឃើញអ្នកសារព័ត៌មានជាច្រើននាក់ចុះមកយកព័ត៌មានផ្ទាល់នៅវិទ្យាស្ថានរបស់ខ្ញុំ ពីព្រោះអ្វីដែលវិទ្យាស្ថានខ្ញុំបាននឹងកំពុងចូលរួមយ៉ាងសំខាន់លើការបណ្តុះបណ្តាលធនធានមនុស្សនៅតំបន់នេះ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើបណ្តាញសារព័ត៌មាន និងប្រព័ន្ធអ៉ីនធើណែត»។ យុវជនរូបនេះសង្ឃឹមថាកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាលនឹងរីកសាយភាយនៅលើបណ្តាញសារព័ត៌មាន និងបណ្តាញអ៉ីនធើណែត បន្ទាប់អ្នកសារព័ត៌មានបានចុះផ្ទាល់មកកាន់វិទ្យាស្ថានបណ្តុះបណ្តាលនៅពេលនេះ ហើយសង្ឃឹមថាក្រសួងការងារនឹងបន្តរៀបចំការដឹកនាំអ្នកសារព័ត៌មានចុះទៅកាន់វិទ្យាស្ថានបណ្តុះបណ្តាលដ៏ទៃទៀតនៅទូទាំងប្រទេស ដើម្បីបំផុសព័ត៌មានទៅដល់មូលដ្ឋាន ទាក់ទាញយុវជនចូលរៀនជំនាញឱ្យបានច្រើន។ ទន្ទឹមនឹងការទទួលបានជំនាញមួយពិតប្រាកដប្រចាំជីវិតតាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលនេះដែរ សិស្សនៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ សូមអំពាវនាវ និងលើកទឹកចិត្តដល់យុវជនដ៏ទៃទៀតដែលពុំទាន់មានជំនាញច្បាស់លាស់ សូមកុំស្ទាក់ស្ទើរក្នុងការសាកសួរព័ត៌មាននៃការសិក្សាផ្ទាល់ និងចុះឈ្មោះចូលរៀនជំនាញដែលខ្លួនពេញចិត្តនៅវិទ្យាស្ថានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដែលនៅក្នុងតំបន់ខេត្ត ក្រុងរបស់ខ្លួនរស់នៅ ព្រោះនេះជាឱកាសដ៏ពិសេសក្នុងការសិក្សាមិនគិតថ្លៃ និងជាស្ពានសម្រាប់ការផ្លាស់ប្តូរជីវិត និងជួយលើកស្ទួយជីវភាពគ្រួសារក្រោយសិក្សាចប់តែម្តង។ គួរបញ្ជាក់ផងដែរថា វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺស្ថិតនៅភូមិទំពូង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងនោះវិទ្យាស្ថានបាននឹងកំពុងបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់សិស្សចំនួន ៧៩៣នាក់ លើមុខជំនាញចំនួន១៩ដូចជា ការងារកំបោរ ការដំឡើងបណ្តាញបំពង់ទឹក ការដំឡើងបណ្តាញអគ្គិសនីក្នុងអាគារ ការដំឡើងពុម្ភ ការដំឡើងកាមេរ៉ាសុវត្ថិភាព ការផ្សារអគ្គិសនី ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត ការថែទាំ និងជួសជុលអគ្គិសនីរថយន្ត សេវាកម្មធនធានមនុស្ស សេវាកម្មកុំព្យូទ័រ សេវាកម្មអតិថិជន ការរចនាក្រាហ្វិកដោយកុំព្យូទ័រ សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ធុរកិច្ចភេសជ្ជៈ ការធ្វើម្ហូបខ្មែរ ការដាំ ថែទាំ និងប្រមូលផលដំណាំស្វាយកែរមៀត ការចញ្ចឹម និងថែទាំត្រីប្រា និងការកែច្នៃបន្លែ និងផ្លែឈើ។សម្រាប់ព័ត៌មាននៃការចុះឈ្មោះសិក្សា សូមទំនាក់ទំនងផ្ទាល់មកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ តាមរយៈលេខទូរស័ព្ទ ០១២ ៩៩៥ ៩៥២ / ០៨១ ៩៩៥ ៨៩៨ / ០៩៨ ៤០៤ ៣៤៣ ឬតាមរយៈ Facebook Page: វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ (https://www.facebook.com/pikspeu) ឬទូរស័ព្ទមកលេខ៖ ១២៩៧ ឬ ១២៨៦៕
(បាងកក)៖ ក្រសួងសុខាភិបាលថៃបាននិយាយថា ជំងឺគ្រុនក្តៅ បានសម្លាប់មនុស្សចំនួន៦១នាក់ នៅក្នុង ប្រទេសថៃ មកទល់ពេលនេះ ច្រើនជាងនៅឆ្នាំ ២០២៣ បន្ទាប់ពីអាកាសធាតុក្តៅខ្លាំង ជាច្រើនសប្តាហ៍នៅទូទាំងតំបន់។រលកនៃអាកាសធាតុក្តៅខ្លាំងបានវាយលុកប្រទេសថៃ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលជំរុញឱ្យអាជ្ញាធរ ចេញការព្រមានអំពីអាកាសធាតុក្តៅក្រហាយជារៀងរាល់ថ្ងៃ។ ក្រសួងសុខាភិបាលបាននិយាយថា មនុស្ស61នាក់បានស្លាប់ ដោយសារជំងឺគ្រុនក្តៅចាប់តាំងពីដើមឆ្នាំ 2024 ធៀបនឹង37នាក់ក្នុងឆ្នាំ 2023 ។ក្រសួងបាននិយាយថា ភាគឦសានរបស់ប្រទេសថៃ ដែលជាតំបន់បេះដូងកសិកម្ម បានឃើញចំនួន អ្នកស្លាប់ច្រើនជាងគេ។អ្នកវិទ្យាសាស្ត្របានព្រមានជាយូរមកហើយថា ការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយ មនុស្សនឹង បង្កើតរលកកំដៅញឹកញាប់ យូរជាង និងកាន់តែខ្លាំង។ខណៈពេលដែលបាតុភូត El Nino កំពុងជួយជំរុញឱ្យមានអាកាសធាតុក្តៅខ្លាំងក្នុងឆ្នាំនេះ អាស៊ីក៏ កំពុងឡើងកំដៅលឿនជាងមធ្យមភាគពិភពលោក៕
(អន្តរជាតិ)៖ ស្ត្រីជនជាតិឡាវអាយុ 23 ឆ្នាំម្នាក់នៅទីក្រុងហាណូយបានស្រកទម្ងន់ 40 គីឡូក្រាមបន្ទាប់ពី បានប្រើប្រាស់ផឹកទឹកលាងបង្គន់ ដែលធ្វើអោយនាងមិនអាចទទួលទានអាហារបានធម្មតា។ ស្ត្រីរូបនេះបានផឹកទឹកសម្អាតបង្គន់នៅពេលដែលនាងមានអារម្មណ៍តូចចិត្ត និងរំខានពីបញ្ហាផ្ទាល់ខ្លួនកាលពីជាងមួយឆ្នាំមុន ។ ទោះជាយ៉ាងណាក៏ដោយ ការទទួលទានទឹកលានបង្គន់បានបំផ្លាញក្រពះពោះវៀនរបស់នាងយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឲ្យនាងមិនអាចទទួលទានអាហាររឹងបាន។ អស់រយៈពេលបីខែ នាងមិនអាចផឹកទឹកបានឡើយ។ស្ត្រីរូបនេះបានទៅពិនិត្យកន្លែងព្យាបាលជំងឺមួយចំនួននៅទីក្រុងវៀងចន្ទន៍ រាជធានីឡាវ។ នាងក៏ត្រូវបាន អ្នកជំនាញក្នុងប្រទេសវៀតណាមធ្វើការព្យាបាលជាច្រើនលើកដែរ រួមទាំងការពង្រីកបំពង់អាហារ និងការបញ្ចូល stent ផងដែរ។ លោក Tran Manh Hung ប្រធានផ្នែកវះកាត់ទូទៅនៅមន្ទីរពេទ្យ Bach Mai ក្នុងទីក្រុងហាណូយ បាននិយាយថា អ្នកជំងឺបានមកមន្ទីរពេទ្យកាលពីពីរខែមុន ដោយសារកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ។ ពីក្មេងស្រីដែលមានសុខភាពល្អមានទម្ងន់ 74 គីឡូក្រាមនាងមានទម្ងន់ត្រឹមតែ 34 គីឡូក្រាម កាលពីពីរខែមុន។ Hung បាននិយាយថា "ការរលាកក្រពះពោះវៀនទាំងអស់ របស់អ្នកជំងឺត្រូវ បានដុតដោយសារ តែសារធាតុច្រេះ ដែលបណ្តាលឱ្យបំពង់អាហាររបស់នាងរួញ" ដោយបន្ថែមថា ការព្យាបាលនាង នឹងពាក់ព័ន្ធនឹងការកែទម្រង់ស្មុគស្មាញ នៃក្រពះពោះវៀនផ្នែកខាងលើរបស់នាង។ គ្រូពេទ្យបានសម្រេចចិត្តធ្វើការវះកាត់ដើម្បីឱ្យពួកគេអាចចិញ្ចឹមនាងដោយផ្ទាល់តាមរយៈក្រពះពោះវៀនរបស់នាង។ នៅពេលដែលស្ថានភាពរបស់អ្នកជំងឺមានភាពប្រសើរឡើង ការវះកាត់មួយទៀតនឹងដកបំពង់ អាហារចេញ ហើយកែទម្រង់ក្រពះពោះវៀនខាងលើរបស់នាងឡើងវិញ។មួយខែបន្ទាប់ពីការវះកាត់លើកដំបូង សុខភាពរបស់ស្ត្រីចាប់ផ្តើមប្រសើរឡើង។ នាងបានឡើងទម្ងន់ 10 គីឡូក្រាម ហើយ BMI របស់នាងគឺគ្រប់គ្រាន់ដើម្បីរៀបចំនាងសម្រាប់ការវះកាត់ធំ។ នៅចុងខែមុន លោក Hung និងសហការីរបស់គាត់បានទទួលជោគជ័យក្នុងការវះកាត់លើកទីពីររបស់ពួកគេ ដើម្បីកែទម្រង់ក្រពះពោះវៀនផ្នែកខាងលើរបស់អ្នកជំងឺ។ ពេលនេះនាងមានសុខភាពល្អ ហើយបានចេញពីមន្ទីរពេទ្យហើយ។ ទោះជាយ៉ាងណា នេះជាបទពិសោធន៍ដែលមនុស្សគ្រប់រូបមិនត្រូវយកគំរូរតាមនោះទេ វិធីសាស្ត្រនៃការសម្រកទម្ងន់មានច្រើនណាស់ ដូច្នេះ ត្រូវរកវិធីសាស្ត្រណាមួយដែលត្រឹមត្រូវ និងធ្វើឱ្យសុខភាពរបស់យើងល្អប្រសើរ៕