ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ«សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» បង្ហាញពីចក្ខុវិស័យមួយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍវិស័យការងារនៅកម្ពុជា។ នេះបើតាម លោក តុល ផាន់មឿង ប្រធានអគ្គសម្ព័ន្ធសហភាពសហជីពកម្ពុជាដែលបានថ្លែងក្នុងការប្រមូលផ្តុំប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ក្នុងរាជធានីភ្នំពេញ។ ប្រធានអគ្គសម្ព័ន្ធសហភាពសហជីពកម្ពុជារូបនេះ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យច្បាស់លាស់ក្នុងការអភិវឌ្ឍវិស័យការងារនៅកម្ពុជា សំដៅប្រែក្លាយទៅជាចលនាជាតិមួយ នៅកន្លែងធ្វើការងារ ដែលគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសកម្មករនិយោជិត និងនិយោជកដើម្បីចូលរួមបង្កើតភាពសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅតាមរោងចក្រសហគ្រាស។ លោកបន្ថែមថា រាជរដ្ឋាភិបាលក៏បានបន្តខិតខំលើកកម្ពស់សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ស្របតាមច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីរបបសន្តិសុខសង្គម ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា និងលិខិតបទដ្ឋាន ការងារអន្តរជាតិនានាផងដែរ។ បន្ថែមពីនេះ លោក តុល ផាន់មឿង ក៏មិនភ្លេចរំលេចពីវឌ្ឍនភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ចំពោះអនុសាសន៍ចំនួន១០ចណុចដែលរួមមានការដំឡើងប្រាក់ឈ្នួល ការផ្តល់ការថែទាំសុខភាពសម្រាប់សមាជិកក្នុងបន្ទុក ការផ្តល់ឱកាសឱ្យសិក្សាជំនាញបច្ចេកទេស ការប្រែក្លាយសហគ្រាសមួយទៅជាសហគមន៍សុខសាន្តមួយ គម្រោងបង្កើតទារកដ្ឋាន ឬមតេយ្យសហគមន៍នៅតាមតំបន់រោងចក្រ ជំរុញឱ្យមានអាហារដ្ឋានសមរម្យ និងមធ្យោបាយធ្វើដំណើរប្រកបដោយសុវត្ថិភាពជាដើម។ដោយឡែកឯកឧត្តម សាន គឹមហុង អនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតំណាងឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានចូលរួមក្នុងកម្មវិធីប្រារព្ឋទិវាពលកម្មអន្តរជាតិ១ឧសភាដែរនោះ បានលើកឡើងថា ការប្រារព្ធទិវាពលកម្មអន្តរជាតិក្រោមប្រធានបទ«សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» មានសារសំខាន់ណាស់សម្រាប់បង្កើតឱ្យមានសុខដុមនីយកម្មនៅក្នុងសហគ្រាសរោងចក្រនៅទូទាំងប្រទេស ហើយនេះក៏ជាអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ឯកឧត្តមបន្ថែមថា គោលនយោបាយប្រែក្លាយសហគ្រាសមួយ សហគមន៍សុខសាន្តមួយ នឹងមិនទទួលបានជោគជ័យនោះទេ ប្រសិនបើគ្មានការចូលរួមពីសំណាក់បងប្អូន កម្មករ និងភាគីពានិងសហជីព និងភាគីនិយោជក រួមទាំងភាគីពាក់ព័ន្ធ៕
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគនយោបាយនៅកម្ពុជានៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤នេះ បានគាំទ្រចំពោះការដាក់ចេញប្រធានបទស្តីពីសហគ្រាសមួយជាសហគមន៍សុខសាន្តមួយរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីរំលឹកខួបលើកទី១៣៨នៃទិវាពលកម្មអន្តរជាតិ។ ប៉ុន្តែទន្ទឹមនឹងនេះ លោកបណ្ឌិតយង់ ពៅ ក៏បានអំពាវនាវឱ្យសហជីពនៅកម្ពុជាមិនត្រូវវង្វេងអ្វីដែលជាប្រយោជន៍របស់កម្មករដោយពិតប្រាកដនោះឡើយ ឬជាអ្វីដែលលោកហៅថា ឆ្នាំងបាយរបស់កម្មករ។សម្រាប់លោក សហជីពនៅកម្ពុជា គួរតែមកគិតពីសុខដុមវិជ្ជាជីវៈក្នុងការបំពេញការងារដើម្បីភាពចម្រុងចម្រើនទាំងកម្មករ និងនិយោជកដែលជាការរក្សាបានឆ្នាំងបាយ ហើយក៏មិនគួរធ្វើជាឈ្នាន់នយោបាយដើរទៅតាមខ្សែញាក់ពីបរទេសនោះឡើយ។ចំពោះអ្នកវិភាគរូបនេះ រាជរដ្ឋាភិបាលក៏ដូចជាក្រសួងជំនាញ បានអនុវត្តច្បាប់យ៉ាងត្រឹមត្រូវដើម្បីការពារប្រយោជន៍ដល់កម្មករនិយោជិត និងនិយោជកដោយឈរលើគោលការច្បាប់ក្នុងការរក្សាសុខដុមនីយកម្ម និងការថែរក្សាឆ្នាំងបាយរួម៕
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអះអាងថា ការប្រារព្ឋខួបអនុស្សាវរីយ៍លើកទី១៣៨នៃទិវាពលកម្មអន្តរជាតិ១ឧសភានៅកម្ពុជា មានភាពផុលផុស រីករាយ និងស្និទ្ធស្នាល។ចំពោះការប្រារព្ឋទិវាពលកម្មអន្តរជាតិ ១ ឧសភាដែលជាខួបលើកទី១៣៨នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានវាយតម្លៃថាមានភាពផុលផុស កាន់តែសកម្ម ក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាលក្នុងសុខសន្តិភាព ស្ថិរភាព និងទំនាក់ទំនងវិជ្ជាជីវៈរវាងនិយោជិត និងនិយោជកកាន់តែល្អប្រសើរដោយឈរលើនីតិរដ្ឋ៕