ភ្នំពេញ៖ អ្នកសារព័ត៌មានក្នុងស្រុកប្រមាណ២០រូបមកពី១០ស្ថាប័ននៅកម្ពុជា បានលើកឡើងថា តាមរយៈការចូលរួមក្នុងការផ្សព្វផ្សាយរបស់ខ្លួននឹងធ្វើឲ្យកម្មវិធីបណ្តុះបណ្តាលជំនាញ១,៥លាននាក់ដល់យុវជនគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា កាន់តែទូលំទូលាយ។ ការអះអាងរបស់អ្នកសារព័ត៌មានបែបនេះ បានធ្វើឡើងនាឱកាសដំណើរទស្សនកិច្ចទៅកាន់វិទ្យាស្ថានជាតិពហុបច្ចេកវិទ្យាកម្ពុជា(NPIC) ដែលរៀបចំដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីឱ្យអ្នកសារព័ត៌មានមានឱកាសស្វែងយល់អំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់កាន់តែស៊ីជម្រៅ។លោក អាន គុណធារ៉ា អ្នកសារព័ត៌មាននៃអង្គភាពព័ត៌មាន Fresh News បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មាន នាពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ្នកសារព័ត៌មាន ក៏ដូចជា សាធារណៈជនព្រោះតាមរយៈសំណេរ ឬអត្ថបទរបស់អ្នកសារព័ត៌មាននឹងធ្វើឱ្យសង្គមទទួលបានព័ត៌មានកាន់តែច្បាស់ និងពិតប្រាកដ។ លោកអះអាងថា« ខ្ញុំមើលឃើញថាចំណុចសំខាន់នៃកម្មវិធី ១,៥លាននាក់ នេះក្រៅពីជួយបណ្ដុះបណ្ដាល ជួយបំពាក់បំប៉នដល់យុវជននៅជំហ៊ានដំបូងពិតមែន តែខ្ញុំមើលឃើញថាវាដើរស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ ពិតណាស់បេះដូងអ្នកសារព័ត៌មាន តែងតែចង់ទៅឲ្យជិតនឹងប្រភពព័ត៌មាន អ៊ីចឹងចំពោះទស្សនកិច្ចនេះពិតជាមានសារៈសំខាន់សម្រាប់អ្នកសារព័ត៌មាន»។ ក្នុងនាមជាអ្នកសារព័ត៌មានលោក អាន គុណធារ៉ា ពិតជាពេញចិត្តក្នុងការចូលរួមផ្សព្វផ្សាយនូវកម្មវិធីដ៏មានសារៈសំខាន់នេះ ជូនសាធារណៈជនឲ្យកាន់តែទូលំទូលាយ។ទន្ទឹមនឹងនេះ កញ្ញា ជូន រស្មី ជាអ្នកសារព័ត៌មាននៃអង្គភាពព័ត៌មាន ស៊ីស៊ីថាមស៍ ក៏បានកត់សម្គាល់ពីសារៈសំខាន់នៃទស្សនកិច្ចរបស់អ្នកសារព័ត៌មានទៅកាន់តែវិទ្យាស្ថាន NPIC ដោយអះអាងថាការផ្សព្វផ្សាយនឹងបន្ថែមពីព័ត៌មានដែលសាលាមានទៅកាន់ប្រជាពលរដ្ឋបានយ៉ាងល្អនិងទូលំទូលាយ។កញ្ញា ជូន រស្មី បញ្ជាក់ថា៖ «ខ្ញុំសង្ឃឹមថាការចេញផ្សាយអត្ថបទ ឬជាវីឌីអូផ្សេងៗរបស់អ្នកសារព័ត៌មាននឹងអាចនាំសារនេះទៅដល់សាធារណៈជន និងពលរដ្ឋគោលដៅ។ ខ្ញុំសង្ឃឹមថាក្រសួងការងារនឹងបន្តដឹកនាំអ្នកសារព័ត៌មានទៅតាមវិទ្យាស្ថានផ្សេងៗទៀត ព្រោះការផ្សព្វផ្សាយរបស់អ្នកសារព័ត៌មាន មានឥទ្ធិពលដល់សាធារណៈជន»។ ដោយឡែក លោក សំ ងីម ជាអ្នកសារព័ត៌មានមកពីស្ថាប័នទូរស្សន៍ BTV យល់ឃើញថា ការចូលរួមរបស់អ្នកសារព័ត៌មាន នឹងជំរុញការផ្សព្វផ្សាយកម្មវិធី១,៥លាននាក់របស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីឱ្យយុវជនគោលដៅចូលសិក្សាបានកាន់តែច្រើនបន្ថែមទៀត។ លោកមើលឃើញថា ៖«កម្មវិធីនេះ មានទាំងសិស្សនារី សិស្សបុរស និងសិស្សវ័យចំណាស់ក៏មានដែរ។ ខ្ញុំគិតថាជំនាញទាំងអស់នេះ មានសារៈសំខាន់ណាស់សម្រាប់ពួកគាត់ ដែលមកពីគ្រួសារខ្សត់ខ្សោយ។ ខ្ញុំសង្ឃឹមថាក្រសួងការងារនឹងពង្រីកសកម្មភាពទាំងអស់នេះបន្តទៀត»។ សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានទៅកាន់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) គឺជាលើកទី២ហើយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំ និង ដឹកនាំដោយឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យដើម្បីជំរុញការផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈឱ្យកាន់តែច្រើនបន្ថែមទៀត៕
សិស្សដែលកំពុងសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)បានលើកឡើងថា អ្នកសាព័ត៌មានជាភាគីចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលទៅដល់មូលដ្ឋានរបស់ពលរដ្ឋ យុវជនគោលដៅ ដើម្បីជួយជម្រុញពួកគេឱ្យមកចុះឈ្មោះចូលរៀនជំនាញដោយឥតបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ។ ការលើកឡើងបែបនេះបន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំអ្នកសារព័ត៌មានចំនួន២០នាក់ មកពី ១០ស្ថាប័ន ចុះស្វែងយល់អំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)។ យុវជន ទេព សាមុត ជាសិស្សនៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) លើកឡើងថា៖«ក្នុងនាមជាសិក្ខាកាមដែលកំពុងសិក្សាជំនាញប ច្ចេកទេស និងវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាល ខ្ញុំសប្បាយចិត្តនៅពេលមានអ្នកសារព័ត៌មានជាច្រើននាក់បានចុះមកផលិតព័ត៌មាន ធ្វើការសម្ភាសន៍យុវជនដែលកំពុងសិក្សាជំនាញនៅពេលនេះ។ ការធ្វើបែបនេះគឺមានសារសំខាន់ណាស់ក្នុងការផ្សព្វផ្សាយនូវព័ត៌មានល្អៗពីការសិក្សាជំនាញរបស់យុវជន»។ យុវជនរូបនេះបន្ថែមថា កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះគឺជាស្ពានក្នុងការឱ្យយុវជនដែលមានជីវភាពក្រីក្របានបន្តការសិក្សា មិនត្រឹមតែប៉ុណ្ណោះយុវជនក្រីក្រក៏បានទទួលប្រាក់ឧបត្ថម្ភពីសំណាក់រាជរដ្ឋាភិបាលរហូតរៀនចប់ជំនាញវិជ្ជាជីវៈផងដែរ។ ការជួយជ្រោមជ្រែងទាំងអស់នេះហើយទើបធ្វើឱ្យយុវជនដែលមានជីវភាពក្រីក្រមានក្តីសង្ឃឹម និងសិក្សាជំនាញមួយនេះដោយភាពកក់ក្តៅ មិនព្រួយបារម្ភលើកត្តាជីវភាព។ដោយឡែកយុវជន ប៊ុន សុធា សិស្សនៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ក៏បង្ហាញអារម្មណ៍ដែរថា អ្នកសារព័ត៌មានគឺជាភាគីមួយយ៉ាងសំខាន់ក្នុងផ្តល់ព័ត៌មានអំពីកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសរបស់រាជរដ្ឋាភិបាលមួយនេះបានយ៉ាងទូលំទូលាយទៅដល់មូលដ្ឋានភូមិ ឃុំ សង្កាត់ ស្រុក តំបន់ផ្សេងទៀត ដែលអាចធ្វើឱ្យពលរដ្ឋ ក៏ដូចជាយុវជនគោលដៅ បានដឹងបានឮបានឃើញបានជ្រាបអំពីការផ្តល់ការសិក្សាជំនាញបច្ចេកទេសដោយឥតគិតថ្លៃ។ យុវជនរូបនេះថា៖«ដូចខ្ញុំចឹង! ដំបូងឡើយខ្ញុំអត់ដឹងថាកម្ពុជាមានវគ្គសិក្សាជំនាញដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភដែលផ្តល់ឱ្យដោយរាជរដ្ឋាភិបាលនោះទេ រហូតដល់ខ្ញុំឃើញមានការផ្សព្វផ្សាយព្រោងព្រៀតពីកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសនេះនៅតាមបណ្តាញសង្គម ជាពិសេសតាមទូរទស្សន៍ និងសារព័ត៌មានក្នុងស្រុកនានា។ បន្ទាប់ពីទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយពីកម្មវិធីសិក្សាជំនាញនេះហើយ ទើបខ្ញុំបានសម្រេចចិត្តដាក់ពាក្យចូលរៀនជំនាញបច្ចេកទេសនៅសាលា NPIC នៅពេលនេះ»។ ទន្ទឹមនឹងនេះយុវជនដែលកំពុងសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាបានអំពាវនាវឱ្យយុវជនទាំងអស់ ជាពិសេសយុវជនដែលមានជីវភាពក្រីក្រ និងបានបោះបង់ការសិក្សាសូមរួសរាន់មកដាក់ពាក្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ពីព្រោះការសិក្សាជំនាញនេះគឺរៀនដោយឥតគិតថ្លៃ ប្រសិនបើយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យយុវជននឹងទទួលបានប្រាក់ឧបត្ថម្ភជាប្រចាំខែពីរាជរដ្ឋាភិបាលផងដែរ។ ការជួយជ្រោមជ្រែងនេះគឺជាការផ្តល់ឱកាសមាសពីសំណាក់រដ្ឋាភិបាល ដើម្បីឱ្យយុវជន ក៏ដូចជាពលរដ្ឋកម្ពុជាមានជំនាញ និងមានការងារធ្វើគ្រប់ៗគ្នា ដែលអាច ជួយស្រោចស្រង់ជីវភាពគ្រួសារ និងខ្លួនឯងនាពេលអនាគតដ៏ខ្លី។ យុវជនដែលកំពុងសិក្សាជំនាញសង្ឃឹមថាកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាលនឹងរីកសាយភាយនៅលើបណ្តាញសារព័ត៌មាន និងបណ្តាញអ៉ីនធើណែត បន្ទាប់អ្នកសារព័ត៌មានបានចុះផ្ទាល់មកកាន់វិទ្យាស្ថានបណ្តុះបណ្តាលនៅពេលនេះ ហើយសង្ឃឹមថាក្រសួងការងារនឹងបន្តរៀបចំការដឹកនាំអ្នកសារព័ត៌មានចុះទៅកាន់វិទ្យាស្ថានបណ្តុះបណ្តាលដ៏ទៃទៀតនៅទូទាំងប្រទេស ដើម្បីបំផុសព័ត៌មានទៅដល់មូលដ្ឋាន ទាក់ទាញយុវជនចូលរៀនជំនាញឱ្យបានច្រើន៕
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចុះផ្សាយរបស់ឌឹខេមបូឌាដេលី(The Cambodia Daily) ដែលបានមួលបង្កាច់ បំផ្លើស បំភ្លៃ និងគ្មានការពិតទាល់តែសោះដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រមុខរាជរដ្ឋាភិបាល និងឯកឧត្តមហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្រសួងបញ្ជាក់ថា៖ “ការផ្សាយនេះ គឺជាការប្រឌិតនូវព័ត៌មានមិនពិតដែលធ្វើឱ្យមានការយល់ច្រឡំ មួលបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រមុខរាជរដ្ឋាភិបាល និង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលនេះជាទង្វើគ្មានវិជ្ជាជីវៈ គ្មានក្រមសីលធម៌សារព័ត៌មាន និងគ្មានការទទួលខុសត្រូវ”។សម្រាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នេះមិនមែនជាលើកទី១ ទេ ដែលខេមបូឌាដេលី បានផ្សព្វផ្សាយព័ត៌មានដែលគ្មានការពិត និងបំផ្លើសរបៀបនេះ ដើម្បីយកមកធ្វើជាឈ្នាន់បិទបាំងសកម្មភាពនយោបាយជ្រុលនិយម លាបពណ៌ និងវាយប្រហារមកលើប្រមុខ រាជដ្ឋាភិបាលកម្ពុជា និងឯកឧត្តម ហេង សួរ ដើម្បីលាភសក្ការៈរបស់ខ្លួនតែប៉ណ្ណោះ។ សារព័ត៌មាន ខេមបូឌាដេលី ត្រូវតែសុំទោសជាសារធារណៈ និងកែតម្រូវការផ្សាយរបស់ខ្លួនជាបន្ទាន់៕