ថ្មីបំផុត
  • Ads-1
    Ads-2
    Ads-3
    Ads-4
    Ads-5

    ad

(ក្រចេះ-មណ្ឌលគិរី)៖ នាព្រឹកថ្ងៃសៅរ៍នេះ ក្បួនរថយន្តដឹកឈើខុសច្បាប់ប្រហែល៣០គ្រឿង របស់ក្រុមឧកញ៉ា សិង្ហ សំអុល ដែលចាប់ផ្តើមចេញដឹកជញ្ជូនតាំងព្រលប់ថ្ងៃសុក្រ មិនទាន់ចេញផុតអស់ពីព្រៃអស់នៅឡើយទេ ព្រោះក្បួនរថយន្តទាំងនេះ ផ្ទុកឈើច្រើនពេក។

ក្បួនរថយន្តជិត៣០គ្រឿងរបស់ក្រុមឈ្មួញឈើទុច្ចរិត កំពុងតែសម្រុកដឹកឈើប្រណីត និងឈើប្រភេទលេខ១ ចេញតំបន់ព្រៃការពារភ្នំព្រេច ដែលពួកគេបានកាប់បំផ្លាញរួចមក។ ប្រភពច្បាស់ការណ៍ក្នុងខេត្តទាំងពីរនេះ បានប្រាប់ភ្នាក់ងារ Swift News ឲ្យដឹងថា ក្បួនរថយន្តធុនធំ ដែលអ្នកស្រុកហៅថា ប្រភេទយីឌុប មានផ្ទុកឈើប្រណីតពេញប្រៀប ចាប់ផ្តើមចេញដំណើរទីស្នាក់ការក្រុមហ៊ុនម៉ាស្ទើ ខេសាន់ ក្នុងភូមិសាស្ត្រ ភូមិសុខសាន្ត ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយគ្រោងឆ្លងកាត់ចូលទៅក្នុងទឹកដីវៀតណាម តាមច្រករបៀងមួយចំនួន នៅក្នុងខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ។

លោក អ៊ំ វណ្ណសុភគៈ នាយខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី បានប្រាប់ Swift News ថា ក្នុងចំណោមរថយន្តដឹកឈើជិត៣០គ្រឿងរបស់លោក សិង្ហ សំអុល មានតែប្រាំបីគ្រឿងប៉ុណ្ណោះ មានលិខិតអនុញ្ញាតពីមន្ត្រីរដ្ឋបាលព្រៃឈើ សម្រាប់ដឹកជញ្ជូនផល និងអនុផលព្រៃឈើ ក្រៅពីនោះ រថយន្តលើសចំនួន គឺលោកមិនដឹងទេ។

សកម្មភាពដឹកឈើយ៉ាងសម្រុកនៅពេលយប់ និងដោយលាក់លៀមនេះ បានចាប់ផ្តើមធ្វើឡើងកាន់តែខ្លាំងថែមទៀត បន្ទាប់ពីមេការបស់លោកឧកញ៉ា សិង្ហ សំអុលម្នាក់ កាលពីថ្ងៃទី១១ ខែកញ្ញានេះ បានចែកលុយឲ្យអ្នកកាសែតជាង១០០នាក់ ក្នុងស្រុកស្នួល ខេត្តក្រចេះ ដើម្បីជាថ្នូរមិនចុះផ្សាយពីសកម្មភាពដឹកឈើខុសច្បាប់របស់ខ្លួន។

នៅក្នុងសប្តាហ៍មុន និងនៅក្នុងសប្តាហ៍នេះ ក្រុមកម្មករកាប់ឈើបានប្រមូលគ្រឿងចក្រ និងរថយន្តធុនធំរាប់សិបគ្រឿង ចូលទៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ក្នុងស្រុកពេជ្រាដា និងស្រុកកោះញែក ខេត្តមណ្ឌលគិរី ដើម្បីត្រៀមដឹកឈើខុសច្បាប់ចេញនៅពេលយប់ស្ងាត់។ សកម្មភាពបំផ្លាញធនធានព្រៃឈើ ដែលនៅសល់ចុងក្រោយតិចតួចសម្រាប់ប្រទេសកម្ពុជា គឺកើតឡើងបន្ទាប់ពីអាជ្ញាធរខេត្ត ជាពិសេស មន្ត្រីឧទ្យានុរក្សនៃមន្ទីរបិរស្ថានខេត្ត បានចុះបង្ក្រាបបទល្មើសព្រៃជាបន្តបន្ទាប់ និងចាប់រឹបអូសបានគ្រឿងចក្រមួយចំនួន ដែលបម្រើឲ្យសកម្មភាពកាប់បំផ្លាញព្រៃឈើនៅក្នុងខេត្តនេះ។

ប៉ុន្តែ តាមប្រភពច្បាស់ការណ៍ បានរាយការណ៍មកថា អាជ្ញាធរខេត្តបានដោះលែងរថយន្ត និងគ្រឿងចក្រទាំងនោះទៅវិញ ដែលធ្វើឲ្យក្រុមឧកញ៉ា សិង្ហ សំអុល កាន់តែមានកម្លាំងចិត្តសម្រុកកាប់ និងដឹកឈើចេញយ៉ាងកក្រើកព្រៃភ្នំ៕ (ផាន់ អាណា)