ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ ការដឹកនាំដោយធម៌របស់សម្តេចតេជោហ៊ុន សែន គឺជួយសង្គ្រោះជីវិតនិងនាំមកនូវសន្តិភាព

(កំពត)៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធិផលនានា ក្នុងវត្តដងទង់ ស្ថិតក្នុងស្រុកដងទង់ ខេត្តកំពត នាថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកបានមានប្រសាសន៍ចូលរួមអបអរសាទរចំពោះការជួបជុំគ្នាសប្បាយរីករាយជាមួយនឹងសេចក្តីស្រឡាញ់ ភាពកក់ក្តៅ និងការគោរពប្រតិបត្តិ ដើម្បីសម្ពោធសមិទ្ធិផលថ្មីៗ នៅក្នុងវត្តដងទង់ ដែលមានអាយុកាលដ៏ចំណាស់ជាងបីសតវត្សរ៍ ក្រោមការរួបរួមគ្នាកសាងឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ តាមលទ្ធភាពរបស់បងប្អូនប្រជាពលរដ្ឋ ហើយដែលបច្ចុប្បន្នយើងមានលទ្ធភាពច្រើន ដូច្នេះបានចូលរួមគ្នាកសាងចែករំលែកបានច្រើន ស្របតាមសា្ថនភាពអភិវឌ្ឍរបស់ប្រទេសជាតិ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា ការដឹកនាំដោយធម៌ គឺសំខាន់ណាស់ ខណៈដែល រាជរដ្ឋាភិបាលសព្វថ្ងៃ ដឹកនាំដោយផ្អែកលើគោលការណ៍នេះ ធ្វើឱ្យប្រជាពលរដ្ឋចេះរស់នៅដោយធម៌ ចេះគោរពគ្នា ចេះស្រឡាញ់គ្នា ចេះជួយយកអាសារគ្នា មានគុណធម៌ មានសីលធម៌។ គោលការណ៍ទាំងនេះ មាននៅក្នុងការបង្រៀនរបស់គ្រប់សាសនា ហើយដែលប្រជាពលរដ្ឋខ្មែរមានសិទ្ធិសេរីភាពក្នុងការគោរពប្រតិបត្តិ ប្រកបដោយសុខដុមនីយកម្ម គ្មានជម្លោះដោយសារអំពើជ្រុលនិយមណាមួយឡើយ។ គ្មានអ្វីដែលលំបាក ជាងពេលដែលខ្មែរបែកបាក់គ្នា នោះទេ។ ពិតណាស់ បច្ចុប្បន្ន យើងមានបញ្ហាប្រឈមដែលត្រូវដោះស្រាយ ហើយការអភិវឌ្ឍតែងតែមានតម្រូវការជាប់ជានិច្ចមិនអាចបានគ្រប់គ្រាន់ ប៉ុន្តែយើងមិនអាចត្រឡប់ទៅអតីតកាលដ៏ជូរចត់ទៀតបានឡើយ។ ការដឹកនាំដោយធម៌របស់សម្តេចតេជោ គឺជួយសង្គ្រោះជីវិតប្រជាពលរដ្ឋពីរបប ប៉ុល ពត ជាបុណ្យធំមួយ ជាបុណ្យជួយជីវិតមនុស្ស និងការបញ្ចប់សង្គ្រាមទាំងស្រុងដោយនយោបាយឈ្នះឈ្នះ នាំមកនូវសន្តិភាពពេញផ្ទៃប្រទេស។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្ថែមថា ខ្លឹមសារនៃពាក្យអភិវឌ្ឍសម្រាប់សម្តេចតេជោ គឺការធ្វើឱ្យប្រជាជនមានជីវភាពរស់នៅល្អប្រសើរមានបាន, ផ្តោតលើសុខទុក្ខប្រជាជន ការពារផលប្រយោជន៍ប្រជាជន ដោះស្រាយបញ្ហាជូនប្រជាជន យកប្រជាជនជាគោល ដោយបានខិតខំថែរក្សាសន្តិភាពជូនប្រជាជន បង្កើតឱកាសសិក្សារៀនសូត្រជូនកូនចៅប្រជាជន បង្កើតច្បាប់គ្រប់គ្រងដឹកនាំប្រទេសឱ្យមានការរីកចម្រើនក្រោមគោលការណ៍នីតិរដ្ឋ, ជំរុញមន្ត្រីគ្រប់លំដាប់ថ្នាក់ឱ្យជួយបម្រើប្រជាពលរដ្ឋឱ្យបានល្អ ស្វែងរកទីផ្សារ និងកៀគរអ្នកវិនិយោគបង្កើតការងារជូនប្រជាជន ហើយមិនដែលបង្កើតការសន្យានោះទេ ប៉ុន្តែបានខិតខំប្រឹងធ្វើជាក់ស្តែង ហើយអាចធ្វើបានពិតប្រាកដ។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណប្រជាពលរដ្ឋទូទាំងប្រទេស រួមទាំងប្រជាពលរដ្ឋក្នុងស្រុកដងទង់ និងខេត្តកំពតផ្ទាល់ ដែលតែងជឿជាក់លើរាជរដ្ឋាភិបាល និងបានចូលរួមក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពរបស់ប្រទេសយើង ជាពិសេសតាមរយៈការជ្រើសរើសមេដឹកនាំត្រឹមត្រូវ ដែលប្រកបដោយធម៌ យុត្តិធម៌ គុណធម៌ មិនរត់ចោលប្រជាពលរដ្ឋ មិនរត់ចោលមិត្តក្នុងកាលៈទេសៈលំបាក ជាពិសេសរក្សាជំហរច្បាស់លាស់ប្រយ័ត្នប្រយែងចំពោះកិច្ចមនុស្សធម៌សម្រាប់មនុស្សជាតិគ្រប់ជាតិសាសន៍ក្នុងសហគមន៍អន្តរជាតិដោយគ្មានការរើសអើង ទន្ទឹមនឹងការទទួលខុសត្រូវម៉ឺងម៉ាត់ចំពោះជោគវាសនាអនាគតជាតិ និងប្រជាជន៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង