បារាំងប្តេជ្ញាបន្តគាំទ្រទាំងបច្ចេកទេស​ និងថវិកា​ ដើម្បីអភិវឌ្ឍន៍វិស័យ​កសិកម្ម​កម្ពុជា​

(ភ្នំពេញ)៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៣ ខែកុម្ភ: បានអនុញ្ញាតឱ្យលោកស្រី Ophelie BOURHIS នាយិកាថ្មីដែលទើបត្រូវបានតែងតាំងនៃទីភ្នាក់ងារបាំរាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ថ្មីប្រចាំកម្ពុជា លោក Christain FUSILLIER ប្រតិភូជាន់ខ្ពស់អញ្ជើញមកពីទីស្នាក់ការធំនៅទីក្រុងប៉ាសីស និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារទាក់ទងនឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងលើវិស័យកសិកម្មកន្លងមក និងការគាំទ្រក្នុងការរៀបចំគម្រោងអភិវឌ្ឍន៍វិស័យកសិកម្មថ្មី ដែលផ្តោតទៅលើដំណាំរំពឹងទឹកភ្លៀង។

ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលបារាំងតាមរយ:​អង្គការ​ AFD ដែលបានបន្តគិតគូ យកចិត្តទុកទាក់ និងគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាទទួលបានលទ្ធផលជាផ្លែផ្កាដូចពេលបច្ចុប្បន្ននេះ។ ក្នុងបរិបទនៃកំណើនសេដ្ឋកិច្ច បដិវត្តន៍ឧស្សាហកម្មទី៤ ឌីជីថលភាវូបនីយកម្ម និងបញ្ហាកង្វះពលកម្មក្នុងវិស័យកសិកម្ម ក្រសួងកំពុងអនុវត្ត​គោលនយោបាយអភិវឌ្ឍវិស័យនេះដោយផ្តោតជាសំខាន់ក្នុងការជំរុញទំនើបកម្មកសិកម្ម និងយន្តុប​នីកម្មកសិកម្ម តាមរយៈការបំពេញខ្សែច្រវាក់តម្លៃផលិតកម្មដោយចាប់ផ្តើមពី A ដល់ Z ដើម្បីបង្កើនតម្លៃបន្ថែមដល់ផលិតផលកសិកម្ម ពង្រីកនិងពង្រឹងវិស័យកែច្នៃ វេចខ្ចប់ ឃ្លាំងស្តុក ឃ្លាំងត្រជាក់ និង​ការដឹកជញ្ជូនប្រកបដោយជំនាញ បច្ចេកទេស និងការធានាគុណភាព សុវត្តិភាព អនាម័យ និងភូត​គាម​អនាម័យ ដើម្បីកាត់បន្ថយការនាំចេញវត្ថុធាតុដើមក្នុងនោះមានវត្ថុធាតុដើមដូចជា ដំឡូងមី ស្រូវ ស្វាយ និងស្វាយចន្ទី។ល។

លោកស្រី Ophelie BOURHIS បានបញ្ជាក់ថា អង្គការ AFD មានឆន្ទ:យ៉ាងមុតមាំក្នុងការឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស និងថវិកាដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា ដោយសង្កត់ធ្ងន់ទៅលើការកសាងផែនការ និងគោនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មពាក់ព័ន្ធនឹងខ្សែច្រវាក់តម្លៃផលិតកម្ម និងតម្លៃបន្ថែមលើផលិតកម្មស្រូវ បន្លែ ការកែប្រែគុណភាពដី និងកៅស៊ូគ្រួសារ។ មានយោបល់ក្នុងកិច្ចប្រជុំនេះ លោក Christain FUSILLIER ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី និងមន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលតែងតែផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធដល់ក្រុមការងាររបស់អង្គការ AFD ដែលកិច្ចសហការនេះហើយបានផ្តល់ជាជំនឿទុកចិត្តមកអង្គការ AFD ដើម្បីបន្តការគាំទ្រ និងរៀបចំគម្រោងអភិវឌ្ឍន៍វិស័យកសិកម្មថ្មីដែលផ្តោតទៅលើដំណាំរំពឹងទឹកភ្លៀង​។

ពាក់ព័ន្ធនឹងគម្រោងដែលបានលើកឡើងខាងលើ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា វិស័យកសិកម្ម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀង ជម្រុញកំណើនសេដ្ឋកិច្ចតាមរយៈការនាំចេញ លើកកម្ពស់ផលិតកម្មក្នុងស្រុក បង្កើតការងារ បង្កើនប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេស។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា ដើម្បីដើរឱ្យទាន់បរិបទនៃកំណើនសេដ្ឋកិច្ច និងឈានឆ្ពោះទៅសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ ការអភិវឌ្ឍវិស័យកសិកម្មត្រូវភ្ជង់ផ្តោតទៅលើការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងរន្តរភាព និងបរិយាប័ន្នតាមរយ:ការអនុវត្តបច្ចេកវិទ្យាកសិកម្មទំនើបទាន់សម័យសមស្រប អនុវត្តនិងបំពេញខ្សែច្រវាក់ផលិតកម្ម និងតម្លៃបន្ថែម អនុវត្តផែនការផលិតកម្មច្បាស់លាស់ និងផលិតកម្មកសិកម្មតាមកិច្ចសន្យា ធានានិរន្តរភាពក្នុងការផ្គត់ផ្គង់ គុណភាព អនាម័យ ភូតគាមអនាម័យ និងការប្រកួតប្រជែង។ មិនតែប៉ុណ្ណោះ ដៃគូអភិវឌ្ឍន៍នានាក៏ត្រូវគិតគូ និងពិនិត្យឡើងវិញនូវរាល់សកម្មភាពគម្រោងដែលបានអនុវត្តកន្លងមក ធ្វើយ៉ាងណាតម្រង់ទិសឱ្យចំគោលដៅរបស់ក្រសួង ក៏ដូចជារបស់រាជរដ្ឋភិបាលគឺ កំណើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ។

ដោយឡែក ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំដល់អង្គការ AFD និងក្រុមការងារពិនិត្យពិចារណាលទ្ធភាពជួយផ្តល់ការគាំទ្រលើការពិសោធន៍និងផលិតពូជ បច្ចេកទេសដាំដុះ និងប្រមូលផល ឃ្លាំងស្តុក​ឡ​សម្ងួត​លើដំណាំមួយចំនួនទៀត ដូចជាដំណាំពោតចំណី ដំឡូងមី ស្វាយ និងស្វាយចន្ទីដែលកំពុងមានសក្តានុពលនៅលើទីផ្សារក្នុងនិងក្រៅស្រុក ហើយបានផ្តល់ចំណូលយ៉ាងល្អជូនប្រជាកសិករ។ ទន្ទឹមនឹងនេះ ជំរុញការរៀបចំចងក្រងសហគមន៍ផលិត ដើម្បីអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ប្រយោជន៍ដល់ធានាការផ្គត់ផ្គង់ទាំងបរិមាណ គុណភាព និងស្ថិរភាពតម្លៃ និងជាពិសេសផែនការមេនិងប្រព័ន្ធធារាសាស្ត្រស្រោចស្រពដែលផ្តោតលើដំណាំទាំងនេះជាសំខាន់៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង