គណៈកម្មការដោះស្រាយកូដកម្មបាតុកម្ម កោះប្រជុំសមាជិកប្រចាំឆ្នាំជាលើកដំបូង ក្រោយEU ព្យួរEBA លើមុខទំនិញមួយចំនួន

(ភ្នំពេញ)៖ នាព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅកិច្ចប្រជុំគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញា លើកទី១ ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធាន គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា បានលើកឡើងថា កន្លងមកនេះយើងពិតជាមានមោទនៈភាពណាស់ដែលគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញារបស់យើងទាំងនៅថ្នាក់ជាតិ និងតាមរាជធានីខេត្ត បានចូលរួមអនុវត្តប្រកប ដោយជោគជ័យ នូវតួនាទី និងភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូន ។ ទន្ទឹមនឹងនេះ បានរៀបចំ និងពង្រឹងយន្តការគណៈកម្មការសម្រា ប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាម គ្រប់មុខសញ្ញា និងបានយកចិត្តទុកដាក់ដល់ការបណ្តុះបណ្តាល កសាង សមត្ថភាពប្រតិបត្តិការ និងស្មារតីទទួលខុសត្រូវក្នុងការបំពេញភារកិច្ច។

ឯកឧត្តម អ៊ិត សំហេង បញ្ជាក់បន្តថា ជាការពិតណាស់ គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាម គ្រប់មុខសញ្ញា ពិតជាបានរួមចំណែកដ៏សំខាន់ក្នុងការចូលរួមថែរក្សាការពារនូវ សុខសន្តិភាព សណ្តាប់ធ្នាប់សង្គម និងការពង្រឹងនីតិរដ្ឋ ដើម្បីជីវភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងបានទប់ស្កាត់ និងដោះស្រាយដោយជោគជ័យ នូវសកម្មភាពបាតុកម្មនយោបាយរបស់ក្រុមជ្រុលនិយម បដិវត្តន៍ពណ៌ ដែលមានការគាំទ្រ និងលើកទឹកចិត្តពីបណ្តា មជ្ឈដ្ឋានខាងក្រៅ ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រមុខរាជរដ្ឋាភិបាលរបស់យើង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យកសន្តិភាព ជាមូលដ្ឋានគ្រឹះ សម្រាប់ជម្រុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយនិរន្តភាព និងបរិយាប័ន្ន។

រដ្ឋមន្ត្រីក្រសួងការងារ បន្តទៀតថា រាជរដ្ឋាភិបាល បានអនុវត្តដោយពេញលេញ នូវសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋ ក្នុងការបញ្ចេញមតិ ការជួបជុំដើម្បីធ្វើកូដកម្ម បាតុកម្មស្របទៅតាមច្បាប់ជាធរមាន ។ កម្ពុជានៅតែបន្តធ្វើដំណើរឆ្ពោះទៅមុខ យ៉ាងត្រឹមត្រូវតាមគន្លងនៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការប្រព្រឹត្តទៅនៃនីតិរដ្ឋ សិទ្ធិសេរីភាពរបស់បុគ្គល សេរីភាពខាងសារព័ត៌មាន និងការបញ្ចេញមតិ សិទ្ធិធ្វើបាតុកម្ម សកម្មភាពនៃបណ្តាគណបក្សនយោបាយអង្គការសង្គមស៊ីវិល និងសហជីព ការចូលរួមរបស់ប្រជាពលរដ្ឋ ។ល។ ត្រូវបានគោរព និងការពារ ។ ដូចនេះ គណៈកម្មការសម្រាប់ដោះស្រាយ បញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា ត្រូវតែបន្តអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវក្នុងការដឹកនាំបញ្ជាបំពេញ ភារកិច្ច ដើម្បីធានាសន្តិភាព ស្ថិរភាពនយោបាយ ទប់ស្កាត់សកម្មភាពពិសពុលខាងលើ និងបន្តរក្សាបរិយាកាសនយោបាយ ស្របតាមសារាចរណែនាំនិងបទបញ្ជារបស់រាជរដ្ឋាភិបាល ហើយផែនការនេះនឹងធ្វើការកែលម្អ និងកាន់តែមុតស្រួច សម្រាប់ឆ្នាំ២០២០-២០២៤បន្តទៀត៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង