សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ស្វាគមន៍ និង​ប្រកាស​ឲ្យ​អ្នកទេសចរ​ជាង ២០០០​នាក់ ៤១​សញ្ជាតិ លើ​នាវា​ទេសចរ​អាមេរិក Westerdam អាច​ចុះ និង​ដើរលេង ងូតទឹក​សមុទ្រ នៅ​កម្ពុជា​

(​ខេត្ត​ព្រះសីហនុ​)៖ ដូច​ការគ្រោងទុក នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​១៤ ខែកុម្ភៈ​នេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អញ្ជើញ​ទៅ​ជួប និង​ស្វាគមន៍​ដោយផ្ទាល់​ដល់​អ្នកទេសច​របរ​ទេស​ជាង ២០០០​នាក់ នៅលើ​នាវា​ទេសចរណ៍​អាមេរិក Westerdam ដែល​កំពុង​ចត​នៅ​កំពង់ផែ ខេត្ត​ព្រះសីហនុ​។ សម្តេចតេជោ ​ហ៊ុន សែន​ បានទទួលស្វាគមន៍យ៉ាង​រាក់ទាក់​ ​ចាប់ដៃ ​និង​ជូនផ្កាកូឡាប​ម្នាក់​មួយទង ដល់​អ្នក​ទេសចរ​បរទេស ដែលចុះពីលើនាវាទេសចរណ៍ដ៏ធំនេះ​។

សម្តេច​តេ​ជោ ហ៊ុន សែន បានថ្លែងតាមមេក្រូ ពីលើកំពង់ផែក្រុងព្រះសីហនុ ទៅកាន់អ្នកទេសចរ​នៅ​លើនាវា ដោយសម្តេច​ប្រកាស​​អនុញ្ញាត​ឲ្យ​ក្រុម​អ្នកទេសចរ​បរទេស​ទាំង​អស់​លើ​នាវា អាច​ដើរ​លេង​គ្រប់​កន្លែង​នៅ​កម្ពុជា អាច​ងូតទឹក​សមុទ្រ ក៏ដូចជា ធ្វើដំណើរ​បន្តទៅ​លេង​អង្គរវត្ត និង​គ្រប់​ទីកន្លែង នៅ​កម្ពុជា​។​

​ជាមួយគ្នានេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​កុំ​ឲ្យ​មានការ​ភ័យខ្លាច ទាំង​អ្នកទេសចរ​លើ​នាវា ក៏ដូចជា ប្រជាពលរដ្ឋ​ខ្មែរ អ្នកធ្វើការ​ខាង​សេវាកម្ម ភោជនីយដ្ឋាន សណ្ឋាគារ ការដឹកជញ្ជូន​នានា​។ សម្តេច​បាន​ធានាថា មិនមាន​ការឆ្លង​ជំងឺ​រលាក​សួត កូ​វីដ ១៩ នោះទេ ហើយ​បើ​មាន​បញ្ហា​សុខភាព គឺ​សម្តេច​នឹងមាន​បញ្ហា​មុនគេ​ហើយ ព្រោះ​សម្តេច​បានមក​ជួប​អ្នកទេសចរ​ទាំងនេះ ដោយផ្ទាល់​តែម្តង​។​

​សូម​រម្លឹកថា នាវា​ទេសចរណ៍​លំដាប់​អន្តរជាតិ​មួយគ្រឿង​របស់​សហរដ្ឋ​អាមេរិក ឈ្មោះ Westerdam បាន​ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០ ក្រោយ​អាជ្ញាធរ​កោះ​តៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង និង​កោះ​ហ្គាំ បាន​បដិសេធ មិន​ឲ្យ​ចូល​ចត ដោយសារតែ​ការព្រួយបារម្ភ​ពី​វីរុស​កូ​រ៉ូ​ណា​ថ្មី ឬ កូ​វីដ ១៩ (Covid-19)​។​

​នាវា​ទេសចរណ៍​អាមេរិក​នេះ មាន​អ្នកទេសចរ​ចម្រុះ​ជាតិ​សាសន៍ ៤១​សញ្ជាតិ ចំនួន ១៤៥៥ នាក់ មកពី​ជុំវិញ​ពិភពលោក ក្នុងនោះ ក៏មាន​ជនជាតិ​កាណាដា ៥​នាក់ ដើមកំណើត​ខ្មែរ និង​មាន​បុគ្គលិក ជា​កង​នាវិក​បម្រើការ​លើ​នាវា​នេះ ចំនួន ៨០២ នាក់​។​

​នាវា​ទេសចរណ៍​នេះ បាន​ចាក​ចេញពី​ទីក្រុង​ហុងកុង ប្រទេស​ចិន កាលពី​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០២០ សម្រាប់​ដំណើរ​ទេសចរណ៍ តាម​បណ្តា​ប្រទេស​នានា​។

​នៅពេល​ទទួល​សំណើ​ពី​ស្ថានទូត​អាមេរិក កាលពី​ថ្ងៃទី​១១​កុម្ភៈ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​អនុញ្ញាត​ឲ្យ​នាវា​ទេសចរណ៍​អាមេរិក​នេះ ចូល​ចត​នៅ​កំពង់សោម ដែល​សម្តេច បញ្ជាក់ថា ជា​កិច្ចការ​មនុស្សធម៌​រប​ស់​កម្ពុជា ហើយ​កម្ពុជា គ្មាន​ការរើសអើង​ពូជសាសន៍​ប្រទេស​ដទៃ​ណា​ទេ​។ ក្នុងនោះ បើសិនជា​លើ​នាវា​មាន​អ្នកជំងឺ គឺ​សម្តេច​រឹតតែ​ឲ្យ​ចូល​ចត​លឿន​បំផុត ដើម្បី​ជួយសង្គ្រោះ​ដល់​អ្នកជំងឺ​នោះ​។

​ការសម្រេច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ត្រូវ​បានទទួល​ការស្វាគមន៍ និង​កោតសរសើរ​ពី​ឯកអគ្គរដ្ឋទូត​អាមេរិក និង​ពី​អគ្គនាយក​នៃ​អង្គការ​សុខភាព​ពិភពលោក WHO​។​

​ក្នុងការ​ពិនិត្យ​កាលពី​ថ្ងៃទី​១៣​កុម្ភៈ មានការ​សង្ស័យថា អ្នកទេសចរ​បរទេស ២០​នាក់ មាន​បញ្ហា​សុខភាព ហើយ​ក្រុមគ្រូពេទ្យ បាន​បញ្ជូន​សំណាក មក​វិភាគ​ពិ​និត្យនៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ នៅ​ភ្នំពេញ​។ ប៉ុន្តែ​លទ្ធផល បង្ហាញ​ជា​ផ្លូវការ​ថា អ្នកទេសចរ​ទាំងនោះ មិនមាន​ជំងឺ​រលាក​សួត​ថ្មី កូ​វីដ ១៩ ឡើយ​៕​

( រូបភាពនាវាទេសចរណ៍ យកពី Telegram របស់លោក Phong Sophal )

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង