ទោះមិនមានអ្នកឆ្លងវីរុសCovid-19 លើនាវាWesterdam តែស្អែកនេះក្រុមគ្រូពេទ្យកម្ពុជានឹងបន្តត្រួតពិនិត្យម្តងទៀត មុននឹងពួកគេឡើងយន្តហោះមកភ្នំពេញ

(ខេត្តព្រះសីហនុ) ៖ នៅយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានប្រកាសលទ្ធផលផ្លូវការនៃការពិនិត្យវិភាគសំណាកផ្លូវដង្ហើមចំពោះអ្នកទេសចរតាមកប៉ាល់ Westerdam ចំនួន២០នាក់ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បង្ហាញថា អវិជ្ជមានវីរុសកូរ៉ូណាប្រភេទថ្មី Covid-19។

ជាមួយដំណឹងដ៏ល្អនេះ គឺជាការស្វាគមន៍វត្តមានសម្តេចតេជោ ហ៊ុន សែន សម្រាប់ថ្ងៃស្អែក ដែល សម្តេចនឹងអញ្ជើញទៅកាន់ខេត្តព្រះសីហនុដើម្បីទទួលស្វាគមន៍អ្នកទេសចរលើនាវាដោយផ្ទាល់។តាមរយៈផេកហ្វេសប៊ុកផ្លូវការនាយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន

បានមានប្រសាសន៍ថា៖ « ព្រឹកស្អែក ថ្ងៃ១៤ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចនឹងទៅស្វាគមន៍អ្នកនៅលើនាវានៅខេត្តព្រះសីហនុក្នុងឋានៈជាម្ចាស់ផ្ទះ ដែលមានសាមគ្គីភាពនិងការទទួលខុសត្រូវ។»។

សូមជម្រាបថា គិតចាប់ពីម៉ោង ០៧៖០០នាទីព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ រហូតមកដល់ម៉ោង ១៨៖០០នាទីយប់ ថ្ងៃដដែលនេះ នាវា Westerdam បានចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុជាស្ថាពរហើយ ដោយភ្ញៀវទេសចរទាំងអស់នៅលើនាវា សម្តែងក្តីរីករាយជាក្រៃលែង និងបានថ្លែងអំណរគុណជាអនេកដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានអនុញ្ញាតឱ្យនាវា Westerdam ចូលចត។

បច្ចុប្បន្ននេះ ទោះបីជានាវាចរណ៍ Westerdam ត្រូវបានអនុញ្ញាតឲ្យចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុក្តី ប៉ុន្តែមនុស្សទាំងអស់នៅលើនាវា មិនត្រូវបានអនុញ្ញាតឱ្យចាកចេញនាវាឡើយទេ។

បើតាមការបញ្ជាក់ពីអភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន ឱ្យដឹងទៀតថា ភ្ញៀវទេសចរណ៍ទាំងអស់នៅលើនាវា Westerdam មិនត្រូវបានអនុញ្ញាតឱ្យដើរលេងកំសាន្តនៅក្នុងខេត្តទេ ។ ឯកឧត្តម គួច ចំរើន បន្ថែមបន្តថា ក្នុងចំណោមភ្ញៀវដែលនៅក្នុងនាវាទាំងអស់ គឺមានភ្ញៀវចំនួន ៥០០នាក់ដែលមានឯកសារគ្រប់គ្រាន់ គ្រោងនឹងចេញដំណើរចាកចេញពីកម្ពុជាតាមជើងហោះហើរទៅប្រទេសកំណើតរៀងៗខ្លួន។

សូមបញ្ជាក់ថា នាវាទេសចរណ៍ Westerdam សញ្ជាតិហូឡង់ ជារបស់ក្រុមហ៊ុន Holland America Line ផ្ទុកមនុស្ស ២២៥៧នាក់ ក្នុងនោះអ្នកដំណើរ ១៤៥៥នាក់ និងបុគ្គលិកបម្រើការលើនាវាចំនួន ៨០២នាក់ រួមមាន៤១ សញ្ជាតិ ដោយក្នុងនោះមានប្រជាពលរដ្ឋ អាមេរិកចំនួន ៦៥១នាក់ កាណាដាចំនួន ២៧១នាក់ អង់គ្លេសចំនួន ១២៧នាក់ ហូឡង់ចំនួន ៩១នាក់ អូស្ត្រាលី មានចំនួន ៧៩នាក់ និងជាតិសាសន៍ដទៃទៀតជាច្រើនសញ្ជាតិ នៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ដោយមានការសុំចូលចតនាវា Westerdam នៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៅវេលាម៉ោង ០៧ និ០០នាទី ព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំនុច Point 0 រួចមក ក្រុមការងារបច្ចេកទេស និងមន្ត្រីសុខាភិបាលរបស់យើង កំពុងធ្វើការងារគ្រប់គ្រងជួយសម្រួលដល់ភ្ញៀវទេសចរនៅលើនាវា ដើម្បីមានវិធានការការពារការឆ្លងនូវវីរុសកូរ៉ូណាថ្មី ។ ហើយក្នុងនោះអ្វីដែលសំខាន់ គឺជួយដល់ភ្ញៀវទេសចរនៅលើនាវា ដែលមានមនុស្សសរុបប្រមាណ ២២៥៧នាក់ ។

ឯកឧត្តម គួច ចំរើន បានបន្តទៀតថា ជាមួយការផ្ទេរចុះពីនាវាឡើងយន្តហោះ វាអាស្រ័យទៅលើការរៀបចំរបស់ ក្រុមការងារនៅលើនាវា ព្រោះថាបងប្អូនកំពុងស្នាក់នៅលើនាវានៅឡើយ ចំណែកឯការរៀបចំយន្តហោះ ដើម្បីមកទទួលបងប្អូន ដើម្បីហោះចេញពីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ រាជធានីភ្នំពេញ ដែលកំពុងស្ថិតនៅក្នុងដំណាក់កាលរៀបចំនៅឡើយ ហើយនៅពេលទទួលបានព័ត៌មានច្បាល់លាស់ យើងនឹងរៀបចំផែនការសកម្មភាព ឱ្យស្របទៅតាមការចាត់ចែងជាក់ស្តែង ។ ចំពោះការហោះហើររបស់បងប្អូន នឹងឈានដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នេះបើតាមការទំនាក់ទំនងមក គឺជើងយន្តហោះ នឹងត្រូវហោះនៅថ្ងៃស្អែក ។ ហើយមកដល់នេះ យើងទទួលបានព័ត៌មានច្បាស់ការ ថ្ងៃស្អែកគឺមានយន្តហោះ ០៥គ្រឿងដែលនឹងមកដឹកពួកគាត់ ។

ទោះបីជាសំណាកដែលសង្ស័យទាំង២០នាក់ មិនមានផ្ទុកវីរុសកូរ៉ូណា Covid-19 ក្តី ប៉ុន្តែសម្រាប់បងប្អូនផ្សេងទៀតទោះបីគ្មានការសង្ស័យក៏ដោយ គឺនៅថ្ងៃស្អែក មុនពេលដែលដឹកជញ្ជូនចេញពីកំពង់ផែទៅកាន់អាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ គឺក្រុមគ្រូពេទ្យកម្ពុជា នឹងធ្វើការត្រួតពិនិត្យសុខភាព ពួកគាត់ជាមុន ដើម្បីឱ្យមានភាពជាក់លាក់ថា គាត់ពិតជាមានសុខភាពល្អ ករណីមិនមានបញ្ហាទើបអនុញ្ញាតឱ្យពួកគាត់ចេញ ប្រសិនបើមានការ សង្ស័យណាមួយ មន្ត្រីនឹងឃាត់ទុកពួកគាត់ឱ្យនៅដាច់ដោយឡែក ហើយនឹងយកសំណាកទៅត្រួតពិនិត្យនៅមន្ទីរពិសោធន៍ប៉ាស្ទ័រ នៅរាជធានីភ្នំពេញភ្លាមៗតាមឧទ្ធម្ភាគចក្រ។

ទន្ទឹមនឹងនេះ ក្រុមការងារអន្តោប្រវេសន៍ កំពុងធ្វើការរៀបចំផ្ទៀងផ្ទាត់ ភ្ញៀវទេសចរដែលមានសំបុត្រ យន្តហោះ ដើម្បីត្រៀមលក្ខណ:ឱ្យគាត់បន្តដំណើរត្រង់តាមរយៈរថយន្តក្រុងពីកំពង់ផែក្រុងព្រះសីហនុ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដោយហោះទៅអាកាសយានដ្ឋានអន្តរជាតិ រាជធានីភ្នំពេញ និងបន្តទៅកាន់ប្រទេសកំណើត របស់ពួកគាត់ ក្នុងករណីប្រសិនបើភ្ញៀវមិនមាន សំបុត្រយន្តហោះ គឺរក្សាគាត់នៅលើនាវាបន្ត ៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង