អ្នកដំណើរ​១៤៥៥នាក់ ក្នុងកាប៉ាល់ទេសចរណ៍ Westerdam ​នឹងមកកាន់ភ្នំពេញ ដើម្បីចេញដំណើរបន្តទៅកាន់ប្រទេសកំណើតវិញ

(ព្រះសីហនុ)៖ មន្ត្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល បានមានប្រសាសន៍ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះថា រាជរដ្ឋាភិបាលកម្ពុជា​​​ នឹងដឹកអ្នកដំណើរ​១៤៥៥នាក់ នៅក្នុងកាប៉ាល់ទេសចរណ៍ខ្នាតយក្សឈ្មោះ MS Westerdam ​មកកាន់ទីក្រុងភ្នំពេញ ដើម្បីសម្រួលដល់ការធ្វើដំណើរទៅកាន់របស់ពួកគេវិញ បានឆាប់រហ័ស។

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានពីខេត្តព្រះសីហនុមកថា ក្រសួងបានត្រៀមរថយន្តក្រុង១៥គ្រឿង ដើម្បីដឹកជញ្ជូនអ្នកដំណើរទាំងអស់នេះ ចេញពីវានាមកជិះនៅព្រលានយន្តហោះកងកេង ក្នុងខេត្តព្រះសីហនុ ហោះសំដៅមកព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីឡើងជិះយន្តហោះបន្តដំណើរទៅកាន់ប្រទេសកំណើតរបស់ពួកគេ។

ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ដូច្នេះ «អូសកាប៉ាល់មកជិតនេះ ហើយដឹកតាមប៊ឹស, ប៊េសត្រៀម១៥គ្រឿង ដឹកទៅកងកេង, [ជិះយន្តហោះ] ពីកងកេងទៅភ្នំពេញ ហើយគាត់ហោះបន្តទៅ [ប្រទេសកំណើត]»។

កាប៉ាល់ទេសចរណ៍ខ្នាតធំរបស់ហូឡង់-អាមេរិក ឈ្មោះ MS Westerdam ​បាន​មក​កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ នាព្រឹក​ថ្ងៃទី១៣ ខែកុម្ភៈនេះ ក្រោយ​ទទួលបានការអនុញ្ញាតឲ្យចូលចតពីសម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាល​កម្ពុជា​។

ក្រោយពេលនាវានេះចូលចតភ្លាម អាជ្ញាធរកម្ពុជា រួមទាំងតំណាងទូតតាមបណ្តាប្រទេសជាច្រើន បានទទួលអ្នកដំណើរលើនាវា និងរៀបចំ​សម្រួល​ឲ្យពួកគេអាចធ្វើដំណើរ​ចាកចេញដោយសុវត្ថិភាព។

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ដែលបាន​ទៅ​ស្វាគមន៍​ការមកដល់​របស់​នាវាបានថ្លែងប្រាប់អ្នកសារព័ត៌មានថា អ្នកដំណើរទាំងអស់នេះ «​មិន​មានការ​ស្នាក់នៅ​នោះឡើយ នេះ​គ្រាន់តែ​ជា​ដំណើរ​ឆ្លងកាត់​ប៉ុណ្ណោះ​»​។

យោងតាមរបាយការណ៍ បានឲ្យដឹងថា នាវានេះ ដឹកអ្នកដំណើរ១៤៥៥នាក់ មក៤១ប្រទេស ក្នុងនោះមានជនជាតិអាមរិកាំង ច្រើនគេ ដោយមានមនុស្សចំនួន៦៥១នាក់ បន្ទាប់មកជនជាតិកាណាដាចំនួន២៧១នាក់ និងជនជាតិអង់គ្លេសចំនួន១២៧នាក់។

របាយការណ៍ដដែល បានបង្ហាញថា នាវានេះ បានចូលចតចុងក្រោយបង្អស់ នៅកំពង់ផែ Kaohsiung កោះតៃវ៉ាន់ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ ដោយគ្រោងមកចូលចតនៅកំពង់ផែ Laem Chabang ក្បែរក្រុងបាងកក នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០

ជាការកត់សម្គាល់ ក្រុមមន្ត្រីស្ថានទូត និងអ្នកជំនាញវេជ្ជសាស្ត្រមកពីស្ថានទូតអាមេរិក បានមកដល់ខេត្តព្រះសីហនុ ដើម្បីជួយសម្រួលដល់ការចូលចត ដោយសុវត្ថិភាពរបស់នាវាទេសចរណ៍។

នាវានេះបានចាកចេញពីក្រុងហុងកុង ប្រទេសចិន នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ និងត្រូវបានគេបដិសេធការឲ្យចូលចតតាមផែសមុទ្រមួយចំនួននៅក្នុងតំបន់។ ប៉ុន្តែ នាវានេះបានរាយការណ៍ថា មិនមានអ្នកដំណើរណាម្នាក់ មាន​សញ្ញាវិជ្ជមានមេរោគកូរ៉ូណាឡើយ ចំណែកបុគ្គលិកសុខាភិបាល ក៏កំពុងធ្វើការតាម​ដានពួកគេយ៉ាងយកចិត្តទុកដាក់។

ក្រោយពីសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យនាវាដ៏នេះចូលចត, ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក ប៉ាទ្រិក ម័រហ្វី (Patrick Murphy) បានថ្លែងថា «យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយជ្រោមជ្រែងរបស់កម្ពុជា»៕ ផាន់ អាណា

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com