កម្ពុជាទទួលខុសត្រូវខ្ពស់ក្នុងការ​ទទួលអ្នកដំណើរ​លើនាវា​ Westerdam​ និងរៀបចំ​សម្រួល​ឲ្យ​ពួកគេ​ធ្វើដំណើរចាកចេញ​ដោយ​សុវត្ថិភាព​

(ព្រះសីហនុ)៖ កាប៉ាល់ទេសចរណ៍ខ្នាតយក្សឈ្មោះ MS Westerdam ​បាន​មក​កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ នាព្រឹក​ថ្ងៃទី១៣ ខែកុម្ភៈនេះ ក្រោយ​ទទួលបានភ្លើង​បៃតង​ពីរាជរដ្ឋាភិបាល​កម្ពុជា​។ នា​វានេះ ផ្ទុកអ្នកដំណើរ​សរុបចំនួន ១៤៥៥នាក់ និងបុគ្គលិក​នា​វាចំនួន ៨០២នាក់។

នាខណៈពេលនេះ កម្ពុជាតាមរយៈអាជ្ញាធរខេត្តព្រះសីហនុ រដ្ឋមន្ត្រីសំខាន់ៗ រួមទាំងតំណាងទូតតាមបណ្តាប្រទេសជាច្រើនផង បាននិងកំពុងទទួលអ្នកដំណើរលើនាវា និងរៀបចំ​សម្រួល​ឲ្យ ​ពួកគេធ្វើដំណើរ​ចាកចេញដោយសុវត្ថិភាព។

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ដែលបាន​ទៅ​ស្វាគមន៍​ការមកដល់​របស់​នាវាបានថ្លែងប្រាប់អ្នកសារព័ត៌មានថា «​មិន​មានការ​ស្នាក់នៅ​នោះឡើយ នេះ​គ្រាន់តែ​ជា​ដំណើរ​ឆ្លងកាត់​ប៉ុណ្ណោះ​»​។ បើ​តាម​ឯកឧត្តម ​គួច ចំរើន អាជ្ញាធរ​មូលដ្ឋាន និង​ភាគី​នាវា កំពុង​សហការគ្នា​រៀបចំ​សម្រួល​ឯកសារ​រដ្ឋបាល​ចាំបាច់​ឲ្យ​បាន​លឿន​បំផុត​។

ជាការកត់សម្គាល់ ក្រុមមន្ត្រីស្ថានទូត និងអ្នកជំនាញវេជ្ជសាស្ត្រមកពីស្ថានទូតអាមេរិក បានមកដល់ខេត្តព្រះសីហនុ ដើម្បីជួយសម្រួលដល់ការចូលចតដោយសុវត្ថិភាពរបស់ នាវាទេសចរណ៍ ហូឡង់ ​អាមេរិក​ ​ឈ្មោះ​ MS Westerdam ​ដែលមានជនជាតិអាមេរិកនៅក្នុងនោះ។

នាវានេះ បានចាកចេញពីក្រុងហុងកុង នៅថ្ងៃទី១ ខែកុម្ភៈ និងត្រូវបានគេបដិសេធការឲ្យចូលចតតាមផែសមុទ្រមួយចំនួននៅក្នុងតំបន់។ នាវានេះ រាយការណ៍ថា មិនមានអ្នកដំណើរណាមួយ មាន​សញ្ញាវិជ្ជមាននូវមេរោគ កូវីដ១៩ (មេរោគកូរ៉ូណា) ចំណែកបុគ្គលិកសុខាភិបាល ក៏កំពុងធ្វើការតាម​ដានពួកគេផងដែរ ។

ក្រុមការងារស្ថានទូតអាមេរិក ត្រៀមរួចរាល់ ដើម្បីធ្វើការជាមួយក្រុមនាវា Westerdam និងអាជ្ញាធរកម្ពុជា ដើម្បីជួយដល់ជនជាតិអាមេរិក ក្នុងដំណើរការនៃការចូលចត និងផ្ទេរសម្ភារៈទៅកាន់គោល​ដៅ។ លោកឯកអគ្គរដ្ឋទូត W. Patrick Murphy ថ្លែងថា ៖ «យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយជ្រោមជ្រែងរបស់កម្ពុជា»៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com