សម្តេច​តេ​ជោ ហ៊ុន សែន ចេញ​សារលិខិត ចូលរួម​អបអរសាទរ ក្នុងឱកាស «​ទិវា​វិទ្យុ​ពិភពលោក​» លើក​ទី​៩ នា​ថ្ងៃទី​១៣​កុម្ភៈ

(​ភ្នំពេញ​)៖ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​សារ​លិខិត ៤​ទំព័រ ចូលរួម​អបអរសាទរ​ជាមួយ​បងប្អូន​អ្នកសារព័ត៌មាន ដែល​កំពុង​បំពេញការងារ​លើ​វិស័យ​​ព័ត៌មាន នៅក្នុង​ស្ថាប័ន​វិទ្យុផ្សាយសំឡេង ទាំង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​នៅ​លើ​ពិភព​បលោក ក្នុងឱកាស «​ទិវា​វិទ្យុ​ពិភពលោក​» ដែល​បាន​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ​។​

​ថ្ងៃ​១៣​កុម្ភៈ គឺជា​ថ្ងៃកំណើត​នៃ​វិទ្យុ​អង្គការសហប្រជាជាតិ ដែល​ត្រូវបាន​បង្កើតឡើង ចាប់តាំងពី​ឆ្នាំ​១៩៤៦ ហើយ​ត្រូវបាន​អង្គការសហប្រជាជាតិ អនុម័ត​នៅ​ឆ្នាំ​២០១៣ ក្នុងសម័យ​ប្រជុំ លើក​ទី​៦៧ ដោយ​កំណត់​យក​ថ្ងៃទី​១៣ ខែកុម្ភៈ ជា «​ទិវា​វិទ្យុ​ពិភពលោក​» ក្នុង​គោលបំណង លើកកម្ពស់​សិទ្ធិ​យល់ដឹង​របស់​សាធារណជន និង​សារៈសំខាន់​នៃ​ស្ថាប័ន​វិទ្យុផ្សាយសំឡេង ព្រមទាំង​បង្កើន​នូវ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​រវាង​ប្រតិបត្តិ​ករ​វិទ្យុផ្សាយសំឡេង នៅ​ទូទាំង​ពិភពលោក​។​

​ខួប​លើក​ទី​៩ នៃ «​ទិវា​វិទ្យុ​ពិភពលោក​» ឆ្នាំ​២០២០ បាន​ផ្តោតលើ​ប្រធានបទ​ដ៏​មាន​សារៈសំខាន់ ស្តីពី «​ភាព​ចម្រុះ​នៃ​វិទ្យុផ្សាយសំឡេង​» ដោយ​ផ្តោត​សំខាន់​ទៅលើ​ការជំរុញ​ឱ្យមាន​ភាព​ចម្រុះ​និយម នៅ​ក្នុង​ស្ថាប័ន វិទ្យុផ្សាយសំឡេង ទាំង​នៅក្នុង​ស្ថាប័នរដ្ឋ ស្ថាប័ន​វិទ្យុ​ឯកជន និង​វិទ្យុ​សហគមន៍ ភាព​ចម្រុះ​​នៃ​ក្រុមការងារ​ផលិតកម្ម​វិធី​ផ្សាយ​តាម​រលកអាកាស និង​ក្រុមមនុស្ស​ចូលរួម​ក្នុង​កម្មវិធី ដោយ​ឈរលើ​គោលការណ៍​ផ្តល់ឱកាស​ស្មើភាព តម្លាភាព យុត្តិធម៌ និង​គ្មាន​ការរើសអើង​អំពី​ភេទ អាយុ សាសនា និន្នាការ​ន​យោ​បាប​យ ជនជាតិ និង​ពិការភាព ដើម្បី​លើកទឹកចិត្ត​ឱ្យមាន​តំណាង​គ្រប់​ក្រុម​មនុស្ស បាន​បញ្ចេញ​នូវ​ទស្សនៈ​ផ្សេងៗ​គ្នា​ទៅ​ក្រុម​គោលដៅ និង​អ្នក​ស្តាប់​ទូទៅ ដែលមាន​តម្រូវការ​ផ្សេងៗ​គ្នា តាម​គោលការណ៍​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស ដែល​ត្រូវបាន​ធានា​ដោយ​ធម្មនុញ្ញ​នៃ​អង្គការសហប្រជាជាតិ​។​

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង​ក្នុង​សារលិខិត​ថា ជាការ​ពិត ទិដ្ឋភាព​ចម្រុះ​នៃ​ស្ថាប័ន​វិទ្យុផ្សាយសំឡេង បាន​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក រវាង​ស្ថាប័ន​វិទ្យុ​រដ្ឋ ស្ថាប័ន​វិទ្យុ​ឯកជន និង​វិទ្យុ​សហគមន៍ ដែល​ទាមទារ​ឱ្យមាន​កិច្ចសហប្រតិបត្តិការ​គ្នា​ទៅវិញទៅមក មិនអាច​កាត់ផ្តាច់​បាន​។ វិទ្យុ​របស់​ស្ថាប័នរដ្ឋ ដែលមាន​វិសាលភាព​ធំ​ទូលាយ​គ្របដណ្តប់​នៅ​ទូទាំងប្រទេស បាន​ដើរតួនាទី​យ៉ាងសំខាន់ ធ្វើជា​ស្ពាន​ចម្លង ក្នុងការ​ផ្តល់ព័ត៌មាន គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល​ក្នុងការ​ដឹកនាំ​ប្រទេស និង​អភិវឌ្ឍ​ប្រទេសជាតិ កម្មវិធី​ច្បាប់ កម្មវិធី​អប់រំ និង​កម្មវិធី​កម្សាន្ត ដែល​បម្រើ​ឲ្យ​វិស័យ​វប្បធម៌​ជាតិ ជូន​ប្រជាពលរដ្ឋ ព្រមទាំង​ផលិតកម្ម​វិធី​វេទិកា​នានា ដើម្បី​ទទួលយក​សំណូមពរ ឬ​យោបល់​ពី​ប្រជាពលរដ្ឋ និង​ដៃគូ​ពាក់ព័ន្ធ មកកាន់​រាជរដ្ឋាភិបាល​វិញ ដើម្បី​ធ្វើការ​ដោះស្រាយ​នូវ​តម្រូវការ​ចាំបាច់រ​បស់​ប្រជាពលរដ្ឋ ដៃគូ​ពាក់ព័ន្ធ និង​បំពេញបន្ថែម​ចំណុច​ខ្វះខាត ដែល​បាន​អនុវត្ត​កន្លងមក​។​

​សម្តេច​តេ​ជោ បន្ថែមថា ចំណែក​ស្ថាប័ន​វិទ្យុ​ឯកជន ដែលជា​អង្គភាព​អាជីវកម្ម​សុទ្ធសាធ បានធ្វើការ​ប្រកួតប្រជែង​ទីផ្សារ​ផលិតកម្ម​វិធី​ចម្រុះ​សម្បូរបែប និង​បង្កើត​កម្មវិធី​វេទិកា​ផ្សេងៗ ចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន ដោយ​គ្មាន​ការរើសអើង ដើម្បី​បញ្ចេញ​ទស្សនៈ​មតិយោបល់ លើ​ទិដ្ឋភាព​នយោបាយ សេដ្ឋកិច្ច បញ្ហា​សង្គម ដើម្បី​ទាក់ទាញ​អ្នក​ស្តាប់​ពី​គ្រប់​មជ្ឈដ្ឋាន​ឱ្យ​គាំទ្រ​កម្មវិធី​ផ្សាយ​របស់ខ្លួន​។ ចំណែក​វិទ្យុ​សហគមន៍ ដែលមាន​វិសាលភាព​ផ្សាយ​គ្របដណ្តប់ នៅក្នុង​តំបន់​របស់ខ្លួន បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ការអភិវឌ្ឍ​ក្នុង​សហគមន៍ កម្មវិធី​អប់រំ វប្បធម៌ ក្នុង​គោលដៅ​បំរើ​ផលប្រយោជន៍​របស់​សហ​គម​ន៍​។​

​ទន្ទឹមនឹងនេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា «​ទាំង​ស្ថាប័ន​វិទ្យុ​រដ្ឋ ទាំង​ស្ថាប័ន​វិទ្យុ​ឯកជន និង​វិទ្យុ​សហគមន៍ បាន​បង្កើត​កម្មវិធី​ផ្សាយ ជា​ភាសាបរទេស និង​ភាសា​ជនជាតិភាគតិច ដើម្បី​បំពេញ​សេចក្តីត្រូវការ​របស់​ប្រជាជន នៅក្នុង​ប្រទេស​នីមួយៗ ដែលមាន​ល្បាយ​ប្រជាជន​រស់នៅ​ចម្រុះ​ជាតិ​សាសន៍ នៅ​ទូទាំង​សកលលោក​។ ទាំងនេះ បាន​ឆ្លុះបញ្ចាំង​អំពី​តម្រូវការ និង​ភាព​ប​ចម្រុះ​របស់​ស្ថាប័ន​វិទ្យុ ដែលមាន​ទំនាក់ទំនង និង​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក ទាំង​ក្របខណ្ឌ​ផលិត​ពហុ​កម្មវិធី​ផ្សាយ ដែលមាន​គំនិត​ច្នៃប្រឌិត ទាំង​អ្នកចូលរួម​ក្នុង​កម្មវិធី​ពី​គ្រប់​មជ្ឈដ្ឋាន ដើម្បី​បញ្ចេញ​ទស្សនៈ យោបល់ និង​ទេពកោសល្យ​ផ្សេងៗ ដែលមាន​ភាពរស់រវើក​ទាក់ទាញ​អ្នក​ស្តាប់​ពី​គ្រប់​មជ្ឈដ្ឋាន និង​បង្ហាញ​ពី​សាមគ្គីភាព​ក្នុងការ​រស់នៅ​ប្រកបដោយ​សុខដុម​នីយកម្ម នៅក្នុង​សង្គម ដោយ​គ្មាន​ការរើសអើង​»​។​

​ក្នុង​សារលិខិត សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​រម្លឹក​អំពី​សាវ​តារ​នៃ​ការបង្កើត​ស្ថានីយ​វិទ្យុ​ដំបូង នៅ​កម្ពុជា នៅ​ឆ្នាំ​១៩៤៧ ក្នុង​រជ្ជកាល​ព្រះបាទ ស៊ីសុវត្ថិ ដែល​ស្ថានីយ​វិទ្យុ​នោះ មាន​ឈ្មោះថា វិទ្យុ​ជាតិ​ខ្មែរ ( RNK ) ប្រព័ន្ធ AM ផ្សាយ​តាម​រលកអាកាស​កម្រិត​មធ្យម ( MW ) 918 KHz ដែល​ស្ថិតនៅ​ក្រោម​​ការគ្រប់គ្រង និង​ប្រតិបត្តិ​ការផ្សាយ​ផ្ទាល់​ដោយ​អាណានិគមនិយម​បារាំង​។ នៅ​ឆ្នាំ​១៩៦០ កម្ពុជា​បាន​បង្កើត​ស្ថានីយវិទ្យុផ្សាយសំឡេង​ទី​ពីរ ឈ្មោះថា វិទ្យុ​ស្ទឹងមានជ័យ ប្រព័ន្ធ AM កម្លាំង​ផ្សាយ ១៥ គីឡូវ៉ាត់ រលកអាកាស​កម្រិត​ទាប ( SW ) 747 KHz ជា​ជំនួយ​ឧបត្ថម្ភ​ពី​សាធារណរដ្ឋ ប្រជាមានិត​ចិន​។ នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ វិទ្យុ​នេះ នៅ​ដំណើរ​ការផ្សាយ រហូតដល់​ថ្ងៃ​ដួលរលំ​នៃ​របប​នេះ​។​

​នៅ​ថ្ងៃ​ជ័យជម្នះ ៧​មករា ឆ្នាំ​១៩៧៩ លើ​របប​ប្រល័យពូជសាសន៍​កម្ពុជា​ប្រជាធិបតេយ្យ វិទ្យុ AM 918 KHz និង​វិទ្យុ AM 747 KHz មាន​ឈ្មោះថា វិទ្យុជាតិ​កម្ពុជា បានចាប់ផ្តើម​រៀបចំ​ដំណើរការ​ផ្សាយ​ឡើង​វិញ ហើយ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ផ្សព្វផ្សាយ​ព័ត៌មាន ជូន​ប្រជាជន​កម្ពុជា ដែល​ទើប​រួច​ផុតពី​ការកាប់សម្លាប់​របស់​ពួក​ខ្មែរក្រហម ប្រឆាំងនឹង​ការវិលត្រឡប់​នៃ​របប​ប្រល័យ​ពូជ​សាសន៍ ការចរចា​ស្វែងរក​សន្តិភាព និង​ការកសាង​ប្រទេសជាតិ​ឡើងវិញ តាំងពី​បាតដៃ​ទទេ រហូត​ដល់​ប្រទេស បាន​សុខសន្តិភាព និង​មានការ​អភិវឌ្ឍ​នាពេល​បច្ចុប្បន្ន ដែលជា​ការរួមចំណែក​យ៉ាង​សំខាន់​​របស់​ស្ថាប័ន​វិទ្យុ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្តថា រាជរដ្ឋាភិបាល​កម្ពុជា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​របស់​ស្ថាប័ន​សារព័ត៌មាន និយាយ​ជារួម និង​និយាយ​ដោយឡែក ចំពោះ​ស្ថាប័ន​វិទ្យុផ្សាយសំឡេង ហើយ​បាន​ចាត់ទុកថា ស្ថាប័ន​សារព័ត៌មាន គឺជា​ដៃគូ​យ៉ាងសំខាន់​របស់​រាជរដ្ឋាភិបាល ដែល​មិនអាច​ខ្វះ​បាន​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ ហើយ​ត្រូវបាន​គាំពារ​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ច្បាប់​ស្តីពី​របប​សារព័ត៌មាន ក្នុងការ​លើកស្ទួយ​សិទ្ធិ សេរីភាព​នៃ​ការបញ្ចេញមតិ និង​សេរីភាព​ខាង​សារព័ត៌មាន​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្ថែមថា ការបើក​ទូលាយ​នូវ​សិទ្ធិ សេរីភាព​ខាង​សារព័ត៌មាន បានធ្វើឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មានការ​រីកចម្រើន​យ៉ាងខ្លាំង​ក្លា​ទាំង​សារព័ត៌មាន​បោះពុម្ពផ្សាយ​តាមបែប​ប្រពៃណី ទាំង​សារព័ត៌មាន​ផ្សាយ​តាម​រលកអាកាស និង​សារព័ត៌មាន​សម័យ​ទំនើប ផ្សាយ​តាម​ប្រព័ន្ធ​អន​ឡាញ ក្នុងនោះ ស្ថាប័ន​វិទ្យុផ្សាយសំឡេង AM របស់​រដ្ឋ មាន ១​ស្ថានីយ និង​វិទ្យុ FM របស់​រដ្ឋ មាន​ចំនួន ២៦​ស្ថានីយ ស្ថានីយ​វិទ្យុ​ឯកជន មាន​ចំនួន ១៩៥ ស្ថានីយ និង​គេហទំព័រ​វិទ្យុ​អន​ឡាញ មាន​ចំនួន ២៩៦ អង្គភាព សមាគម​វិទ្យុ ១​អង្គភាព និង​ការិយាល័យ​តំណាង​វិទ្យុ​បរទេស ប្រចាំការ​អចិន្ត្រៃយ៍​នៅ​កម្ពុជា មាន​ចំនួន ៩​អង្គភាព​៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com