ឯកអគ្គរដ្ឋទូត​អាមេរិក​ថា អ្នកទេសចរ​អាមេរិក​លើ​នាវា Westerdam មិនមាន​កើត​ជំងឺ​រលាក​សួត​ថ្មី បង្កដោយ​វីរុស កូ​រ៉ូ​ណា ទេ​!

(​ភ្នំពេញ​)៖ លោក Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​កោតសរសើរ​ដល់​កម្ពុជា ដែល​បានអនុញ្ញាត​ឲ្យ​នាវា Westerdam របស់​ក្រុមហ៊ុន Holland America Line ចូល​ចត នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ នា​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០ នេះ​។ ក្នុង​សារ​តាម Twitter លោក​ឯកអគ្គរដ្ឋទូត Murphy ក៏បាន​លើ​ឡើង​ថា អ្នកទេសចរ​នៅលើ​នាវា Westerdam ត្រូវបាន​ធ្វើតេស្ត ហើយ​លទ្ធផល គឺ​មិនមាន​នរណាម្នាក់ កើត​ជំងឺ​រលាក​សួត កូ​រ៉ូ​ណា ទេ​។​

​យ៉ាងណាក៏ដោយ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០ រដ្ឋមន្ត្រី​សុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ព្រមទាំង​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន ថ្នាក់ជាតិ និង​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ ដោយមាន​ទាំង​មន្ត្រី​ជំនាញ គ្រូពេទ្យ​ផង បានធ្វើ​ដំណើ​ឡើងទៅ​កាន់​កំពង់ផែ​ក្រុង​ព្រះសីហនុ ដើម្បី​រង់ចាំ​ទទួល​អ្នកទេសចរ លើ​នាវា​ទេសចរណ៍ Westerdam របស់​អាមេរិក ដែល​នឹង​ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី​១៣​កុម្ភៈ​នេះ​។​

​ជាមួយគ្នានេះ ក្រុមគ្រូពេទ្យ​កម្ពុជា​យើង ក៏បាន​ត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​លើ​អ្នកទេសចរ នៅលើ​នាវា​ទេសចរណ៍ Westerdam មុន​អនុញ្ញាតអោយ​ឡើង​មកលើ​កំពង់ផែ​ក្រុងព្រះសីហនុ​។​

​ចំពោះ​ការសម្រេច​អនុញ្ញាត​ឲ្យ​នាវា​ទេសចរណ៍ Westerdam ដែល​ផ្ទុក​មនុស្ស​ជាង ២២០០​នាក់ ចូល​ចត​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​កាលពី​យប់​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២០ ថា «​ការ​អនុ​ញ្ញ​ត​ឲ្យ​ចូល​នេះ បង្ហាញ​ពី​ការលុបបំបាត់​នូវ​ជំងឺ​ភ័យខ្លាច ដែល​កំពុង​កើតមាន​នៅលើ​ពិភពលោក​យើង​នេះ ហើយ​កម្ពុជា គ្មាន​ឡើយ​ការរើសអើង​ពូជសាសន៍ ត្រូវតែ​ចូលរួម​សង្គ្រោះ ក្នុង​កិច្ចការ​មនុស្សធម៌ ខណៈ​ពួកគេ​កំពុង​ជួប​គ្រោះអាសន្ន​។ យើង​ត្រូវ​សហការគ្នា ទាំង​អ្នក​ជាប់​នៅលើ​នាវា ដើម្បី​ជួយសង្គ្រោះ​ដោយ​មិន​ខ្វល់​ពី​ជាតិ​សាសន៍ ទោះបី​ជាតិ​សាសន៍​ណាក៏ដោយ​។ កិច្ចការ​នេះ បង្ហាញ​ពី​ការងារ​មនុស្សធម៌​ដ៏​ប្រពៃ និង​សណ្តាន​ចិត្ត​របស់​កម្ពុជា សម្រាប់​មនុស្ស​លើ​ពិភពលោក ក្នុងការ​យកអាសារ សម្រាប់​ជាតិ​សាសន៍​ដទៃ​។ បើ​គេ​មិន​ទទួល កម្ពុជា​ទទួល​។ កម្ពុជា ក៏​ចង់​បង្ហាញថា កម្ពុជា​មិនមែន​គ្រាន់តែ​សហការ​ជាមួយ​ចិន​នោះទេ គឺ​ធ្វើ​ជាមួយ​គ្រប់​ជាតិ​សាសន៍​ទាំងអស់ ព្រោះ​បញ្ហា​នេះ វា​ក្លាយជា​បញ្ហា​ប្រឈម​ជាស​កល​រួចទៅហើយ និង​ម្យ៉ាងទៀត បញ្ហា​មនុស្សធម៌ ក៏​គ្មាន​ព្រំដែន​ដែរ​។​ ​យើង​ត្រូវតែ​ជួយ​ពួកគេ នៅពេលដែល​ពួកគេ សុំឱ្យ​យើង​ជួយ យើង​ត្រូវតែ​ជួយ​គេ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​»​។​

​នាវា​ទេសចរណ៍​ខ្នាត​យក្ស Westerdam របស់​អាមេរិក ផ្ទុក​មនុស្ស​ជាង ២២០០ នាក់ ត្រូវបាន​ប្រទេស និង​កោះ ចំនួន ៦ បដិសេធ​មិន​ឲ្យ​ចូល​ចត ដោយ​ខ្លាច​អ្នកទេសចរ​ទាំងនោះ ផ្ទុក​វីរុស កូ​រ៉ូ​ណា​៕​

( រូបភាពពីហ្វេសប៊ុកលោក ហ៊ុយ ប៊ុនឡេង )

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com