​លោក ច័ន្ទ សុផល លើកឡើងថា កម្ពុជា​បាត់បង់​ការអនុគ្រោះ​ពន្ធ EBA ២០% ​ជា​ឱកាសល្អ ​សម្រាប់​កម្ពុជា ដែល​​ត្រូវ​​រៀន​​រស់!

(ភ្នំពេញ)៖ បន្ទាប់ពីគណៈកម្មការ​អឺរ៉ុប បានចេញសេចក្តី​សម្រេចលើបញ្ហា EBA របស់កម្ពុជា កាលពីយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ លោក ច័ន្ទ សុផល អ្នកសេដ្ឋកិច្ច បានលើកឡើង​ពី​ទស្សនៈផ្ទាល់ខ្លួនរបស់លោក លើបញ្ហានេះ។ តាមលោក ច័ន្ទ សុផល ​ការកំណត់​យកពន្ធ​លើ​មុខ​ទំនិញរបស់កម្ពុជា ២០% ទៅកាន់ទីផ្សារអឺរ៉ុបនេះ វា​ជា​ឱកាសល្អ ​សម្រាប់​កម្ពុជា (​ទាំង​រដ្ឋាភិបាល ទាំង​វិស័យ​ឯកជន ទាំង​កម្មករ​) ដែល​ត្រូវ​រៀន​រស់​ ដោយ​គ្មាន​ភាពអនុគ្រោះ​ពី​គេ ជា​បណ្តើរៗ ព្រោះថា ៥​ឆ្នាំ​ទៀត គេ​នឹង​តម្រូវឱ្យ​បង់ពន្ធ ១០០% ហើយ។

លោក ច័ន្ទ សុផល បានលើកឡើងនៅលើហ្វេសប៊ុករបស់លោក​ថា «​ឥឡូវ កម្ពុជា ​ត្រូវ​បង់ពន្ធ​លើ​ទំនិញ​នាំទៅ​អឺរ៉ុប ចំនួន ២០% នៃ​ទំនិញ​នាំចេញ​សរុប ទៅ​សហគមន៍​នោះ ដោយ ៨០% ទៀត ​នៅ​រួច​ពន្ធ​ដដែល​។ តាម​ការ​វាយតម្លៃ​ជាបឋម​របស់ខ្ញុំ ពន្ធ​លើ​ទំនិញ​២០%​នេះ មាន​កម្រិត​ប្រហែល ១០០​លាន​ដុល្លារ ក្នុង​១​ឆ្នាំ​។ បរិមាណ​នេះ មិន​ច្រើនពេក​ទេ បើ​គិត​ក្នុង​បរិបទ​សេដ្ឋកិច្ចកម្ពុជា​បច្ចុប្បន្ន​។ វា​ត្រូវជា ១,១% នៃ​ការ​នាំចេញ​សម្លៀកបំពាក់ ​និង​ស្បែកជើង​សរុប​។ វា​ត្រូវជា ១,២% នៃ​ចំណាយ​ថវិកាជាតិ និង​ត្រូវជា ០,៣៥% នៃ ផលិតផល​សរុប​ក្នុងស្រុក (GDP)​។ វា​មិន​ធ្វើឱ្យ​សេដ្ឋកិច្ច​ថមថយ​ខ្លាំង ឬក៏​ដួលរលំ​នោះទេ​»។

​លោក ច័ន្ទ សុផល បន្ថែមថា «ខ្ញុំ​យល់ថា វា​ជា​ឱកាសល្អ​សម្រាប់​កម្ពុជា (​ទាំង​រដ្ឋាភិបាល ទាំង​វិស័យ​ឯកជន ទាំង​កម្មករ​) ដែល​ត្រូវ​រៀន​រស់​ដោយ​គ្មាន​ភាពអនុគ្រោះ​ពី​គេ ជា​បណ្តើរៗ ព្រោះថា ៥​ឆ្នាំ​ទៀត គេ​នឹង​តម្រូវឱ្យ​បង់ពន្ធ ១០០% ហើយ ខណៈដែល​កម្ពុជា​ជាក់ច្បាស់​ថា​បាន​រីកចម្រើន​ឡើង​ផុតពី​ចំណោម​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​តិចតួច (Least Developed Countries – LDCs)​។ ភាព​អនុគ្រោះ​​ពន្ធ​នេះ គេ​ឱ្យ​សម្រាប់តែ​ប្រទេស LDCs ដែល​បច្ចុប្បន្ននេះ មាន​ចំនួន​៤៨ ក្នុងចំណោម​ជាង ២០០​ប្រទេស ក្នុង​ពិភពលោក​ទាំងមូល​។ ម្នាក់ៗ​តែងតែ​ចង់ឱ្យ​ប្រទេស​ខ្លួន​ឡើងជា​ប្រទេស​មាន​ចំណូល​មធ្យម និង​ចំណូល​ខ្ពស់​។ ដូចនេះ យើង​ត្រូវតែ​ខំប្រឹងប្រែង​ទាំងអស់គ្នា​ឡើង​»៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com