ប្រមុខ​រាជរដ្ឋាភិបាល ដាក់ចេញ​វិធានការ ៥ ចំណុច ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​យន្តការ​របាយការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា សម្រាប់ UN

(​ភ្នំពេញ​)៖ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​សារាចរ ស្តីពី ការអនុវត្ត​យន្តការ​របាយការណ៍​សិទ្ធិមនុស្ស នៅ​កម្ពុជា សម្រាប់​អង្គការសហប្រជាជាតិ​។ នោះ​គឺ​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល បានដាក់​ចេញ​នូវ​វិធានការ ៥​ចំណុច ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​យន្តការ​របាយការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា សម្រាប់​អង្គការសហប្រជាជាតិ ដែលជា​កាតព្វកិច្ច​រប​ស់​កម្ពុជា​។​

​សារាចរ ចុះ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២០ បានបង្ហាញ​នូវ​វិធានការ ទាំង ៥​ចំណុច រួមមាន​៖
១-​ដោយ​ការងារ​សិទ្ធិមនុស្ស ជាការ​ងារ​អន្តរ​វិស័យ គ្រប់​ក្រសួង ស្ថាប័ន រដ្ឋបាល​រាជធានី ខេត្ត និង​អង្គភាព​ជំនាញ​គ្រប់​ជាន់ថ្នាក់ ត្រូវ​សហការ​ឱ្យបាន​ជិតស្និទ្ធ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ជាមួយ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ក្នុង​រាល់​ការងារ​ការពារ និង​លើកស្ទួយ​សិទ្ធិមនុស្ស​នៅ​កម្ពុជា មាន​ជាអាទិ៍ ការងារ​ស្រាវជ្រាវ អប់រំ និង​ផ្សព្វផ្សាយ​អំពី​សិទ្ធិមនុស្ស ការងារ​ទទួល និង​ដោះស្រាយ​ពាក្យបណ្តឹង និង​ការងារ​ស៊ើបអង្កេត និង​ត្រួតពិនិត្យ​ស្ថានភាព​សិទ្ធិមនុស្ស នៅតាម​ពន្ធនាគារ និង​កន្លែង​ឃាត់ខ្លួន និង​ឃុំខ្លួន​ផ្សេងៗ​ទៀត​។​

២-​គ្រប់​ក្រសួង ស្ថាប័ន រដ្ឋបាល​រាជធានី ខេត្ត និង​អង្គភាព​ជំនាញ​គ្រប់​ជាន់ថ្នាក់ ត្រូវធ្វើ​ការសហការ​ឱ្យ​បាន​ពេញលេញ និង​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ជាមួយ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ក្នុង​ដំណើរការ រៀបចំ​របាយការណ៍​សិទ្ធិមនុស្ស នៅ​កម្ពុជា សម្រាប់​អង្គការសហប្រជាជាតិ មាន​ជាអាទិ៍ ការ​ផ្តល់ព័ត៌មាន និង​ទិន្នន័យ ការចូលរួម​កិច្ចប្រជុំ និង​ការផ្តល់​របាយការណ៍​ឆ្លើយតប​ឱ្យបាន​ទៀងទាត់​តាម​កាលកំណត់​។​

៣-​គ្រប់​ក្រសួង ស្ថាប័ន រដ្ឋបាល​រាជធានី ខេត្ត និង​អង្គភាព​ជំនាញ​គ្រប់​ជាន់ថ្នាក់ ត្រូវ​សហការ​ជាមួយ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ផ្តល់​ការឆ្លើយតប​ប្រកបដោយ​ប្រសិទ្ធភាព និង​ទាន់ពេលវេលា​ទៅនឹង​របាយការណ៍​ទាំងឡាយ​ពាក់ព័ន្ធ​ទៅនឹង​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដែល​បានដាក់​ជូនទៅ​អង្គការសហប្រជាជាតិ ដោយ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស ប្រចាំ​នៅ​កម្ពុជា របាយការណ៍​របស់​អ្នករាយការណ៍​ពិសេស​នានា​របស់​អង្គការសហប្រជាជាតិ ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​របាយការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ដទៃទៀត ដែល​ពាក់ព័ន្ធ​នឹង​សមត្ថកិច្ច​របស់ខ្លួន​។​

៤-​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​សហការ​រៀបចំ​បញ្ជូន​តំណាង ចូលរួម​ជាមួយ​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា ដើម្បី​ទៅ​ការពារ​របាយការណ៍​សិទ្ធិមនុស្ស​តាម​សន្ធិសញ្ញា​នីមួយៗ នៅ​អង្គការសហប្រជាជាតិ តាម​ការស្នើសុំ​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​សិទ្ធិមនុស្ស​កម្ពុជា​។​

៥-​តាម​សំណើ​របស់​គណៈកម្មាធិកា​រ​មនុស្ស​កម្ពុជា ទី​ស្តី​គណៈរដ្ឋមន្ត្រី ស្នើសុំ​ថវិកា​ក្នុង​កញ្ចប់​ថវិកា​ពិសេស​របស់​រាជរដ្ឋាភិបាល ក្នុងការ​បញ្ជូន​ប្រតិភូ​តំណាង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ទៅ​ការពារ​របាយការណ៍​សិទ្ធិមនុស្ស​កម្ពុជា នៅ​អង្គការសហប្រជាជាតិ សម្រាប់​ប្រតិភូ នៃ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង​ប្រតិភូ​តំណាង​ក្រសួង ស្ថាប័ន ដែល​ចាំបាច់​៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com