ក្រសួងមហាផ្ទៃ ច្រានចោល​ការលើកឡើង​របស់​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន ដែលថា រាជរដ្ឋាភិបាល មិនមាន​ឆន្ទៈ​ក្នុងការ​ធ្វើវិសោធនកម្ម​ច្បាប់ ស្តីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល

(ភ្នំពេញ)៖ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជាថា ខ្វះឆន្ទៈក្នុងការធ្វើវិសោធនកម្មច្បាប់ និងទាមទារឱ្យនិរាករណ៍ច្បាប់ ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។

ពាក់ព័ន្ធនឹងករណីនេះ ក្រសួងមហាផ្ទៃ សូមធ្វើការបំភ្លឺ និងបញ្ជាក់ជូនសាធារណៈជនជាតិ និងអន្តរជាតិ ជ្រាបថា៖ នៅឆ្នាំ១៩៩៥ រាជរដ្ឋាភិបាល បានរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានដាក់ឱ្យពិគ្រោះយោបល់ ជាសាធារណៈយ៉ាងទូលំទូលាយជាច្រើនលើកច្រើនសារ អស់រយៈពេល ២០ឆ្នាំ ទើបសេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុម័ត និងប្រកាសឱ្យប្រើ នៅក្នុងខែសីហា ឆ្នាំ២០១៥។

ក្នុងសេចក្តីថ្លែងការណ៍ ក្រសួងមហាផ្ទៃ លើកឡើងថា៖ «ដោយឡែក ពាក់ព័ន្ធនឹងនីតិបុគ្គល មិនយកចំណេញ ដែលមានកំណត់ក្នុងក្រមរដ្ឋប្បវេណី គឺគ្រាន់តែចែងអំពីគោលការណ៍ទូទៅតែប៉ុណ្ណោះ។ ដូចនេះ ក្រមរដ្ឋប្បវេណី មិនបានហាមឃាត់ ក្នុងការរៀបចំឱ្យមានច្បាប់ ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល នោះឡើយ»។

ក្រសួងមហាផ្ទៃ បន្តថា ក្នុងពេលអនុវត្ត ដោយស្តាប់នូវមតិយោបល់របស់អ្នកពាក់ព័ន្ធ ក្រសួងមហាផ្ទៃ បានឯកភាពទទួលយកនូវសំណើធ្វើវិសោធនកម្មលើមាត្រាមួយចំនួន។ កិច្ចប្រជុំពិភាក្សាលើសំណើសុំធ្វើវិសោធនកម្ម ត្រូវបានដំណើរការចំនួន៤លើក រួចមកហើយ ដោយចាប់ផ្តើមក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ រហូតមក ហើយបានសម្រេចឯកភាពគ្នា លើសំណើសុំធ្វើវិសោធនកម្ម ចំនួន ៩មាត្រា លើ ១៧មាត្រា ដែលស្នើឡើងដោយសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ ក្រសួងមហាផ្ទៃ សង្ឃឹមថា នឹងបន្តការពិភាក្សាស្វែងរកការស្រុះស្រួលគ្នាលើមាត្រា ដែលនៅសេសសល់ នាពេលឆាប់ៗខាងមុខនេះ។

ដូច្នេះក្រសួងមហាផ្ទៃ បញ្ជាក់ថា «ការដែលលើកឡើងថា រាជរដ្ឋាភិបាល មិនមានឆន្ទៈក្នុងការធ្វើវិសោធនកម្មច្បាប់នេះ គឺពុំឆ្លុះបញ្ចាំងពីការពិត ដូចបានបញ្ជាក់ខាងលើនោះឡើយ»។

ក្នុងសេចក្តីថ្លែងការណ៍ដដែល ក្រសួងមហាផ្ទៃ បន្ថែមថា ជាគោលការណ៍ទូទៅ ក្នុងសង្គមប្រជាធិបតេយ្យ និងនីតិរដ្ឋ ច្បាប់ បានកំណត់អំពីដែនសមត្ថកិច្ច អំពីសិទ្ធិ និងកាតព្វកិច្ចរបស់តួអង្គសំខាន់ៗ នៅក្នុងសង្គម រួមមាន ស្ថាប័នសាធារណៈ វិស័យឯកជន គណបក្សនយោបាយ អង្គការសង្គមស៊ីវិល… ដើម្បីការពារផលប្រយោជន៍សាធារណៈ ការពារសិទ្ធិ និងផលប្រយោជន៍របស់តួអង្គទាំងនោះ។ ក្នុងន័យនេះ ក្រសួងមហាផ្ទៃ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល លើកិច្ចការនេះ នៅតែមានឆន្ទៈយ៉ាងមោះមុត បន្តលើកកម្ពស់កិច្ចសហការក្នុងភាពជាដៃគូជាមួយសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ហើយនិងបន្តរៀបចំកិច្ចប្រជុំពិភាក្សាដោយសុទ្ធចិត្ត ជាមួយសមាគម និងអង្គការមិនមែនរដ្ឋាភិបាល រហូតដល់ទទួលបានលទ្ធផលជាវិជ្ជមាន៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com