ប.ស.ស. បើកកិច្ចប្រជុំ​ពិគ្រោះ​យោ​​បល់​ត្រីភាគី លើក​ទី​៦ លើ​សេចក្តីព្រាង​អនុក្រឹត្យ “​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន​”

(​ភ្នំពេញ​)៖ ​​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ លើក​ទី​៦ ស្តីពី​សេចក្តីព្រាង​អនុក្រឹត្យ “​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន សម្រាប់​បុគ្គល​ទាំងឡាយ ដែល​ស្ថិតនៅក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់ ស្តីពី ការងារ ដោយ​រួមបញ្ចូល​ទាំង​បុគ្គលិក ធ្វើការ​តាមផ្លូវ​អាកាស និង​នាវា​សមុទ្រ ព្រមទាំង​អ្នកបម្រើ​ក្នុងផ្ទះ​” ត្រូវបានធ្វើ​ឡើង​ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមាន​ការចូលរួម​ពី​ភាគី​តំណាង​រាជរដ្ឋាភិបាល តំណាង​​និយោជក និង​តំណាង​សហជីព សរុប​ប្រមាណ ១០០​នាក់ ក្រោម​អធិបតីភាព​ឯកឧត្ដម អ៊ុក សមវិទ្យា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​នាយក​បេឡា​ជាតិ​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​

​សេចក្តីព្រាង​អនុក្រឹត្យ “​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន​នេះ រួមមាន ១០​ជំពូក និង​៤១​មាត្រា ដោយ​បែង​ចែកជា ៤ (​បួន​) ភាគ សំខាន់ៗ​។ ភាគ​ទី​១ ចែង​អំ​ពីបទ​ប្បញ្ញត្តិ​ទូទៅ កំណត់​ក្នុង​ជំពូក​ទី​១ មាន ៤ (​បួន​) មាត្រា ចាប់ពី​មាត្រា​១ ដល់​មាត្រា​៤ ចែង​អំពី គោលបំណង គោលដៅ វិសាលភាព និង​និយមន័យ ភាគ​ទី​២ ចែង​អំពី​បញ្ញត្តិ​ប្រតិបត្តិ ដែល​រួមមាន ៧ ជំពូក (​ជំពូក​ទី​២ ដល់ ជំពូក​ទី​៨) មាន ៣៣​មាត្រា​សំខាន់ៗ (​គិត​ចាប់ពី​មាត្រា​៥ ដល់​មាត្រា​៣៧) ដោយ​ជំពូក​ទី​២ ចែង​អំពី​ស្ថាប័ន​មាន​សមត្ថកិច្ច ជំពូក​ទី​៣ ចែង​អំពី​លក្ខខណ្ឌ និង​នីតិវិធី​នៃ​ការចុះបញ្ជី​ក្នុង​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន តាម​របប​ភាគទាន​ជា​កាតព្វកិច្ច ជំពូក​ទី​៤ ចែង​អំពី​អត្រា​ភាគទាន បែបបទ និង​នីតិវិធី​នៃ​ការបង់​ភាគទាន​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន តាម​របប​ភាគទាន​ជា​កាតព្វកិច្ច ជំពូក​ទី​៥ ចែង​អំពី​លក្ខខណ្ឌ បែបបទ និង​នីតិវិធី​នៃ​ការទាមទារ និង​ផ្តល់​តាវកាលិក​ក្នុង​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន តាម​របប​ភាគទាន​ជា​កាតព្វកិច្ច ជំពូក​ទី​៦ ចែង​អំពី​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត ជំពូក​ទី​៧ ចែង​អំពី​សហ​វិធាន និង​ជំពូក​ទី​៨ ចែង​អំពី​ទោស​ប្បញ្ញត្តិ ភាគ​ទី​៣ ចែង​អំពី​អន្តរ​ប្បញ្ញត្តិ កំណត់​ក្នុង​ជំពូក​ទី ៩ មាន ៣(​បី​) មាត្រា គិត​ចាប់ពី​មាត្រា​៣៨, មាត្រា​៣៩ និង​មាត្រា​៤០ និង​ភាគ​ទី​៤ ចែង​អំពី​អវសាន​ប្បញ្ញត្តិ​កំណត់​ក្នុង​ជំពូក​ទី ១០ មាន ១ (​មួយ​) មាត្រា គឺ​មាត្រា​៤១​។​

​គោលបំណង​នៃ​កិច្ចប្រជុំ​នេះ ដើម្បី​ប្រមូល​ធាតុ​ចូល​សំខាន់ៗ​បន្ថែមទៀត ឲ្យ​កាន់​តែមាន​លក្ខណៈ​ទូលំទូលាយ​គ្រប់​ជ្រុងជ្រោយ និង​ល្អ​ប្រសើរឡើង មុន​ដាក់ជូន​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម និង​រាជរដ្ឋាភិបាល ពិនិត្យ និង​សម្រេច​។​

​សូមបញ្ជាក់ថា កិច្ចប្រជុំ​នេះ បាន​ប្រព្រឹត្តទៅ នៅ​សាលប្រជុំ​បេឡា​ជាតិ​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នា​ព្រឹក​ថ្ងៃ​ពុធ ៤​រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ​៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com