សេចក្តីព្រាងច្បាប់ ស្តីពី សិទ្ធិ​ទទួល​ព័ត៌មាន ​​ឆ្លងផុត​ក្រសួងយុត្តិធម៌​ហើយ​!

(​ភ្នំពេញ​)៖ កាលពី​ថ្ងៃទី​១១ និង​បន្ត​ដល់​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២០ នេះ ក្រុមការងារ​ក្រសួង​ព័ត៌មាន បាន​ជួបប្រជុំ​ជាមួយ​ក្រុមការងារ​ក្រសួងយុត្តិធម៌ ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់ ស្តីពី សិទ្ធិ​ទទួល​ព័ត៌មាន​។ ពោលគឺ​នៅ​ថ្ងៃទី​១២​កុម្ភៈ​នេះ សេចក្តីព្រាងច្បាប់ ស្តីពី សិទ្ធិ​ទទួល​ព័ត៌មាន បាន​ឆ្លង​ផុត​ក្រសួងយុត្តិធម៌​ហើយ​។ នេះ​បើតាម​ឯកឧត្តម ផុស សុវណ្ណ ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ របស់​ក្រសួង​ព័ត៌មាន​។​

​ឯកឧត្តម ផុស សុវណ្ណ បានលើកឡើង​ដូច្នេះ ក្នុង​ពិធី​បើក​សិក្ខាសាលា ស្តីពី ការផ្សាយ​ព័ត៌មាន​ប្រកបដោយ​វិជ្ជាជីវៈ និង​ក្រមសីលធម៌ នៅ​ទីស្តីការក្រសួង​ព័ត៌មាន កាលពី​ព្រឹក​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២០ នេះ​។ សិក្ខាសាលា​នេះ មាន​ឯកឧត្តម មឿ​ន ឈាន​ណា​រិ​ទ្ធ សាស្ត្រាចារ្យ​សារព័ត៌មាន និង​ជាទី​ប្រឹក្សា​ក្រសួង​ព័ត៌មាន ព្រមទាំង​ឯកឧត្តម ឆាយ សុផល សាស្ត្រាចារ្យ​សារព័ត៌មាន និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ជា​វាគ្មិន​។​

​សូម​រម្លឹកថា សេចក្តីព្រាងច្បាប់ ស្តីពី សិទ្ធិ​ទទួល​ព័ត៌មាន មាន ៩​ជំពូក និង ៣៨​មាត្រា ត្រូវបាន​ក្រសួង​ព័ត៌មាន បញ្ជាក់​ក្នុង​សេចក្តីជូនដំណឹង ចុះ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩ ថា សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន ត្រូវបាន​ព្រាង​រួចរាល់​ជា​ស្ថាពរ និង​ត្រូវបាន​តាក់តែងឡើង ក្នុង​គោលបំណង​ធានា​ឱ្យ​សាធារណជន​គ្រប់រូប​នូវ​សិទ្ធិ និង​សេរីភាព​ក្នុង​ការទទួល​ព័ត៌មាន​។​

​នៅក្នុង​ពិធី​ជួបជុំ​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន និង​អ្នកកាសែត កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ណែនាំ​ដល់​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ ត្រូវ​រៀបចំ និង​បញ្ជូន​សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន ទៅកាន់​គណៈរដ្ឋមន្ត្រី ដើម្បី​ប្រជុំ​ពិនិត្យ អនុម័ត ហើយ​បញ្ជូនទៅ​រដ្ឋសភា អនុម័ត​ឲ្យ​ចេញ​ជា​រូបរាង នៅក្នុង​ឆ្នាំ​២០២០ នេះ​៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com