ក្រុមអ្នកជំនាញអង្គការ WHO បានទៅដល់ចិនហើយ ដើម្បីរកដំណោះស្រាយទប់ស្កាត់វីរុសកូរ៉ូណា

(ហ្សឺណែវ)៖ ក្រុមអ្នកជំនាញរបស់អង្គការសុខភាពពិភពលោក (WHO) បានទៅដល់ប្រទេសចិនហើយកាលពីថ្ងៃចន្ទ ដើម្បីស្រាវជ្រាវ និងស្វែងរកដំណោះស្រាយទប់ស្កាត់វីរុសកូរ៉ូណា ដែលកំពុងផ្ទុះ និងរីករាលដាលនៅតាមបណ្ដាប្រទេសមួយចំនួនលើពិភពលោក ជាពិសេសក្នុងប្រទេសចិន។ នេះបើយោងតាមដកស្រង់ចេញផ្សាយសារព័ត៌មាន Reuters។

លោក Tedros Adhanom Ghebreyesus ប្រធានអង្គការ WHO បានឱ្យដឹងថា លោកបានជួបជាមួយប្រធានាធិបតីចិនគឺលោក Xi Jinping កាលពីខែមុននៅប៉េកាំង ដើម្បីចរចាបញ្ចូនក្រុមបេសកកម្មអន្ដរជាតិមួយក្រុមទៅចិន ដោយប្រើពេលជិតពីរសប្ដាហ៍រហូតដល់ចិនបើកភ្លើងខៀវឱ្យអង្គការ WHO បញ្ចូនអ្នកជំនាញមកប្រទេសខ្លួន។

លោកប្រធានអង្គការ WHO បានទទូចដល់បណ្តាប្រទេសមួយចំនួនឱ្យចាត់វិធានការការពារសុខភាពសាធារណៈ ដើម្បីបង្ការកុំឱ្យមានការរីករាលដាលជំងឺកាន់តែខ្លាំងឡើង ដោយលោកបានបញ្ជាក់បន្ថែមថា នេះជាសារសម្រាប់ពិភពលោកទាំងមូល យើងអាចយកឈ្នះសត្រូវបាន ប្រសិនបើយើងមានសាមគ្គីភាព។

សូមបញ្ជាក់ផងដែរថា គិតមកដល់ព្រឹកថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ចំនួនអ្នកស្លាប់ដោយសារការឆ្លងរាលដាលនៃវីរុសកូរ៉ូណាថ្មីបានកើនឡើងដល់ ១,០១១នាក់ នៅទូទាំងប្រទេសចិន បន្ទាប់ពីខេត្តហ៊ូប៉ីដែលរងគ្រោះខ្លាំងបានរាយការណ៍ថា មានអ្នកស្លាប់ថ្មីចំនួន ១០៣នាក់៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង