UPDATE NEWS:អ្នកស្លាប់ថ្មី១០៣នាក់ត្រូវបានរាយការណ៍នៅអ៊ូហាន ធ្វើឱ្យចំនួនអ្នកស្លាប់ដោយវីរុសកូរ៉ូណា កើនលើស ១០០០នាក់

(ប៉េកាំង)៖ គិតមកដល់ព្រឹកថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ចំនួនអ្នកស្លាប់ដោយសារការឆ្លងរាលដាលនៃវីរុសកូរ៉ូណាថ្មីនៃបានកើនឡើងដល់ ១.០១១នាក់ នៅទូទាំងប្រទេសចិន បន្ទាប់ពីខេត្តហ៊ូប៉ីដែលរងគ្រោះខ្លាំងបានរាយការណ៍ថា មានអ្នកស្លាប់ថ្មីចំនួន ១០៣នាក់។

នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពប្រចាំថ្ងៃរបស់គណៈកម្មការសុខភាពរបស់ហ៊ូប៉ី ក៏បានបញ្ជាក់ពីករណីឆ្លងថ្មីចំនួន ២.០៩៧ ករណីផ្សេងទៀត។

ស្របគ្នានឹងរបាយការណ៍ថ្មីនេះ ជំរុញឱ្យករណីឆ្លងសរុបដែលត្រូវបានបញ្ជាក់មានជាង ៤២.២០០ករណីនៅទូទាំងប្រទេសពិភពលោក។

ជនបរទេសដំបូងគេដែលបានស្លាប់ដោយវីរ៉ុសកូរ៉ូណា ជាពលរដ្ឋអាមេរិក ខណៈបុរសជនជាតិជប៉ុនម្នាក់បានស្លាប់នៅក្នុងទីក្រុងអ៊ូហាន។

ទូរទស្សន៍ CCTV បានផ្សាយថា ប្រធានាធិបតីចិនលោកស៊ី ជីនពីង បានជួបជាមួយបុគ្គលិកពេទ្យនិងអ្នកជំងឺដែលរងផលប៉ះពាល់នៅមន្ទីរពេទ្យមួយក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃចន្ទ ជាទីដែលលោកបានអំពាវនាវឱ្យមាន“ វិធានការដែលមានការប្តេជ្ញាចិត្តបន្ថែមទៀត” ដើម្បីទប់ស្កាត់ការផ្ទុះឡើងនេះ។

ស្របគ្នានេះ ក្រុមជំនាញការអន្តរជាតិរបស់អង្គការសុខភាពពិភពលោក បានមកដល់ប្រទេសចិនហើយនៅល្ងាចថ្ងៃច័ន្ទ ដែលដឹកនាំដោយ វេជ្ជបណ្ឌិតសញ្ញាតិកាណាដា លោក Bruce Aylward ដែលលោកធ្លាប់បានដឹកនាំការឆ្លើយតបរបស់អង្គការសុខភាពពិភពលោក កំលុងឆ្នាំ ២០១៤-២០១៦ ចំពោះការរីករាលដាលនៃជំងឺអេបូឡានៅតំបន់អាហ្វ្រិកខាងលិច។ ក្រុមអ្នកជំនាញការនេះ ត្រូវបានបញ្ជូនទៅប្រទេសចិន បន្ទាប់ពីប្រមុខអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានព្រមានថា មានករណីឆ្លងថ្មីជាបន្តបន្ទាប់បានរាលដាលនៅតាមបណ្តាប្រទេសផ្សេងទៀត ខណៈដែលមនុស្សទាំងនោះ មិនមានប្រវត្តិធ្វើដំណើរទៅប្រទេសចិនទាល់តែសោះ។

ដោយឡែក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោករំពឹងថា ការផ្ទុះឡើងនៃជំងឺផ្លូវដង្ហើមដែលបង្កឡើងដោយវីរុសកូរ៉ូណានេះនឹងរលាយបាត់នៅក្នុងខែមេសាខាងមុខ ដោយសារអាកាសធាតុក្តៅចូលមកដល់ ប៉ុន្តែការរំពឹងរបស់លោកត្រាំបែបនេះ ផ្ទុយគ្នាពីការព្យាករណ៍របស់អ្នកជំនាញសុខាភិបាលកំពូលៗ របស់សហរដ្ឋអាមេរិក៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង