ទាហានអាមេរិក១០៩នាក់ បានរងរបួសប្រព័ន្ធខួរក្បាល ដោយសារឥទ្ធិពលអាវុធមីស៊ីលអ៊ីរ៉ង់

(អ៊ីរ៉ង់)៖ ក្រសួងការពារជាតិអាមេរិក បានប្រកាសនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ចំនួនទាហានរបស់ខ្លួន១០៩នាក់ បានរងរបួសប្រព័ន្ធខួរក្បាល ដោយសារឥទ្ធិពលអាវុធមីស៊ីលអ៊ីរ៉ង់ វាយប្រហារកាលពីខែមុនលើមូលដ្ឋានទ័ពនៅក្នុងប្រទេសអ៊ីរ៉ាក់។

សេចក្តីប្រកាសនេះ បានបញ្ជាក់ថា ក្នុងចំណោមទាហាន១០៩នាក់នេះ មាន៧៦នាក់ បានជាសះស្បើយ ហើយវិលត្រឡប់ទៅបំពេញការងារនៅក្នុងអង្គភាពវិញ ប៉ុន្តែមិនបញ្ជាក់ថា វិលត្រឡប់ទៅកាន់មូលដ្ឋាននៅក្នុងប្រទេសអ៊ីរ៉ាក់។

កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ អ៊ីរ៉ង់បានបាញ់មីស៊ីលសរុប២២គ្រាប់ទៅលើមូលដ្ឋានយោធា២កន្លែងរបស់អ៊ីរ៉ាក់ដែលមានទាហានអាមេរិកតាំងនៅដើម្បីជាការសងសឹកចំពោះការសម្លាប់ប្រមុខកងទ័ពពិសេសអ៊ីរ៉ង់លោក កាសេម សូឡេម៉ានី (Qassem Soleimani) នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អាមេរិកនៅក្នុងរដ្ឋធានីនៃប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃទី០៣ ខែមករា។

ហេតុការណ៍ទាំងនេះបានកើតឡើងបន្ទាប់ពីភាពតានតឹងបានកើនឡើងជាបន្តបន្ទាប់ជាច្រើនខែមកហើយចាប់តាំងពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បានដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីឆ្នាំ២០១៨និងដាក់ទណ្ឌកម្មសាជាថ្មីដែលនាំឲ្យការនាំចេញប្រេងរបស់អ៊ីរ៉ង់បានធ្លាក់ចុះ។

លោក ហាជីរ៉ាដេស (Hajiradesh) បាននិយាយថា ការសងសឹកយ៉ាងសមស្របដែលអ៊ីរ៉ង់បានសន្យាគឺនឹងបណ្តេញកងទ័ពអាមេរិកចេញពីតំបន់មជ្ឈិមបូព៌ា។ ហើយលោកបាននិយាយផងដែរថា អ៊ីរ៉ង់បានត្រៀមមីស៊ីលរាប់រយដើមរួចជាស្រេចហើយអាចសម្លាប់ទាហានអាមេរិកយ៉ាងហោច៥រយនាក់ក្នុងរយៈពេល៤៨ម៉ោង៕ ផាន៉ អាណា

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង