លិខិតមិត្តអ្នកអាន៖ ការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីអឺរ៉ុប នឹងមិនរំខានដល់ការរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន

(ភ្នំពេញ)៖ សហភាពអឺរ៉ុបដែលអាច នឹងសម្រេចចិត្តព្យួរផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាដោយយល់ថា ជាការដាក់ទណ្ឌកម្មទៅលើរដ្ឋាភិបាលក្រុងភ្នំពេញ។ ប៉ុន្តែផ្ទុយទៅវិញ ខ្ញុំយល់ថា ការសម្រេចចិត្តបែបនេះ ពិតជាបានផ្តល់ឪកាសមាសឲ្យសម្តេចតេជោ ហ៊ុន សែន នូវកាដូពិសេសទៅវិញនោះទេ។ 

កាដូនោះ គឺការធ្វើឲ្យហាងឆេងសម្តេច ហ៊ុន សែន កាន់តែឡើងថ្លៃខ្ពស់ថែមទៀត។ ហេតុអ្វីបានជាខ្ញុំហ៊ាននិយាយ អះអាងយ៉ាងដូច្នេះ? មានហេតុផលសត្យានុម័តមួយចំនួន ដែលអាចពន្យល់រឿងនេះបាន៖

ជាបឋមគេត្រូវដឹងថា កាលពីនៅមាន EBA ពេញលេញសហភាពអឺរ៉ុបអាចនៅមានទឹកមាត់ប្រៃខ្លះក្នុងការនិយាយ ទាមទារនេះ សំណូមពរនោះពីរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។ ប៉ុន្តែ ពេល EBA ត្រូវបានព្យួរ ឬមិនព្យួរទាំងស្រុងក៏ដោយចុះ ក៏សហភាពអឺរ៉ុបអស់មានទឹកមាត់ប្រៃទៀតហើយទៅលើរដ្ឋាភិបាលក្រុងភ្នំពេញ។

បើនិយាយតាមបែបកីឡាបាល់ទាត់វិញ ការព្យួរ EBA នេះប្រៀបបានទៅ នឹងការផ្តល់ឱកាសឲ្យសម្តេចតេជោ «ហ៊ុន សែន ទាត់បាល់ប៉េណាល់ទី៥គ្រាប់ ដោយគ្មានអ្នកចាំទី»។

តើអ្វីទៅជាគ្រាប់បាល់ប៉េណាល់ទីទាំង៥ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រីទទួលបានពីសហភាពអឺរ៉ុប?

ទី១៖ សម្តេចតេជោ ហ៊ុន សែន មានហេតុផលគ្រប់គ្រាន់ និងឡូហ្ស៊ីក ក្នុងការពន្យល់ប្រជាពលរដ្ឋខ្មែរ តាមរយៈការបង្ហាញពីភាពអយុត្តិធម៌របស់សហភាពអឺរ៉ុប ដែលប្រើប្រាស់ស្តង់ដារពីរពាក់ព័ន្ធនឹងប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ហេតុផលនេះ គឺនៅត្រង់ថា សហភាពអឺរ៉ុប ដែលតែងតែលើកយកបញ្ហាប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សមកធ្វើជាស្នូលក្នុងទំនាក់ទំនងអន្តរជាតិនោះ បែរជាព្យួរ EBA ពីកម្ពុជា ហើយស្របពេលជាមួយគ្នានេះដែរ ស្រាប់តែទៅចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយវៀតណាម។

ចំពោះចំណុចនេះ នរណាក៏គេអាចយល់បានដែរថា តើសហភាពអឺរ៉ុបកំពុងធ្វើអ្វី? ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន ក៏នឹងមានហេតុផល ស្តីពីសារៈសំខាន់បំផុតនៃការការពារអធិបតេយ្យភាពជាតិមកនិយាយដើម្បីទាក់ទាញសមានចិត្តពីប្រជាពលរដ្ឋខ្មែរឲ្យបន្តគាំទ្រគណបក្សកាន់អំណាចកាន់តែខ្លាំងថែមទៀត ពីព្រោះពាក្យថា ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដែលពួកលោកខាងលិចតែងតែលើកមកនិយាយនោះ វាគ្រាន់តែជាលេសដើម្បីកេងចំណេញមកលើប្រទេសតូចតាចតែប៉ុណ្ណោះ ជាពិសេស គឺប្រើជាខែលដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ផ្សេងៗតែប៉ុណ្ណោះ។

ទី២៖ ការសម្រេចចិត្តរបស់សហភាពអឺរ៉ុប ក៏នឹងធ្វើឲ្យទំនាក់ទំនងរវាងអាស៊ាន និងអឺរ៉ុប ជួបប្រទះបញ្ហាកាន់តែធ្ងន់ធ្ងរទៅៗ ពីព្រោះសូមកុំភ្លេចថា «មុនសម្រេចកិច្ចការអ្វីមួយជាមួយអឺរ៉ុប-អាស៊ានត្រូវការកុងសង់ស៊ីស»។ ប៉ុន្តែពេលនេះ មានប្រទេសកាន់តែច្រើនលើស៥០ភាគរយនៃសមាជិកអាស៊ានទៅហើយ ដែលមិនពេញចិត្ត និងមានជម្លោះជាមួយសហភាពអឺរ៉ុប។

ប្រទេសទាំងនេះ មានជាអាទិ៍ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ជុំវិញបញ្ហាដូងប្រេង, ចំណែកប្រទេសហ្វីលីពីន គឺជុំវិញបញ្ហាសិទ្ធិមនុស្ស ដោយសារយុទ្ធនាការបង្ក្រាបគ្រឿងញៀនរបស់លោកប្រធានាធិបតី រូឌ្រីហ្គូ ឌុយទែតេ (Rodrigo Duterte) រីឯប្រទេសភូមា គឺបញហាជុំវិញសំណុំរឿងជនជាតិ រ៉ូហីងយ៉ា។ល។ ឥឡូវនេះ អឺរ៉ុបបានបង្កបញ្ហាជាមួយកម្ពុជាមួយទៀត ដែលធ្វើឲ្យទំនាក់ទំនងអាស៊ាន-អឺរ៉ុប កាន់តែមានបញ្ហាធ្ងន់ធ្ងរទៅៗ។ 

ទី៣៖ ពាក់ព័ន្ធនឹងនយោបាយក្នុងស្រុកវិញ រាជរដ្ឋាភិបាលកម្ពុជា មានសេរីភាពពេញទីក្រោមហេតុផលនៃការអនុវត្តន៍គោលការណ៍នីតិរដ្ ឋក្នុងការសម្រេចសំណុំររឿងសំខាន់ៗ យ៉ាងហោចណាស់ក៏មាន៣ដែរ គឺជុំវិញវាសនាបក្សប្រឆាំងនៅកម្ពុជា, រឿងអង្គការសង្គមស៊ីវិល និងសារព័ត៌មានគាំទ្របក្សប្រឆាំង ដែលតែងតែ១ប្រព្រឹត្តប្រព្រឹត្តខុសច្បាប់និងបំពានច្បាប់ហើយនិងការសម្រេចចិត្តសុំទៅ ព្រះមហាក្សត្រដើម្បីលើកលែងទោសលោក កឹម សុខា ឬក៏អត់ក្រោយបញ្ចប់សវនាការសំណុំរឿងក្បត់ជាតិ ។ ម្យ៉ាងទៀត រដ្ឋាភិបាលកម្ពុជា ពិតជាអាច នឹងរឹតបន្តឹងការអនុវត្តន៍ច្បាប់ប្រឆាំងនឹងបាតុកម្មកូដកម្មខុសច្បាប់, ប្រឆាំងនឹងការផ្សាយព័ត៌មានក្លែងក្លាយ, រឹតបន្តឹងការអនុវត្តន៍ច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រ, ការរើសអើងជាតិសាសន៍ ការឃុបឃិតជាមួយបរទេសជាដើម។ 

ការសម្រេចកិច្ចការទាំងនេះគឺជាសិទ្ធិស្វ័យសម្រេចទាំងស្រុងរបស់កម្ពុជាជាពិសេសជាឆន្ទានុសិទ្ធ របស់សម្តេច ហ៊ុន សែន ដែលគ្មានបរទេសណាមានទឹកមាត់ប្រៃចង់មកដើរតួសម្របសម្រួល ឬធ្វេីអន្តរាគម៍បានទៀតដូចមុនការព្យួរ EBA ទៀតនោះឡើយ។ 

ទី៤៖ រាជរដ្ឋាភិបាលរបស់សម្តេច ហ៊ុន សែន នឹងប្រែក្លាយការព្យួរ EBA នេះដើម្បី «រៀបចំផ្ទះឲ្យមានសណ្តាប់ធ្នាប់ឡើងវិញ តាមរយៈការពង្រឹងនីតិរដ្ធ» ដើម្បីធានាឯករាជ្យភាពទាំងខាងនយោបាយ និងសេដ្ឋកិច្ច។ ក្នុងន័យនេះ រាជរដ្ឋាភិបាលភ្នំពេញពិតជាអាចនឹងប្រឹងប្រែងពង្រឹងអភិបាលកិច្ចល្អ, យុត្តិធម៌សង្គម និងការប្រយុទ្ធប្រឆាំងអំពើពុករលួយជាដើមដោយ «ប្រកាន់យកដំណើរការប្រជាធិបតេយ្យតាមលក្ខណៈ ពិសេសរបស់កម្ពុជា» ពោលគឺអាចនិយាយបានថា ការព្យួរ EBA បានក្លាយជាកម្លាំងចលករក្នុងការជំរុញកំណែទំរង់ផង ក៏ដូចជាសន្ទុះសេដ្ឋកិច្ចកម្ពុជាទៅវិញ។

សំខាន់បំផុតជាងនេះទៅទៀត គឺផ្អែកលើបទពសោធន៍ក្នុងរយៈពេល៤១ឆ្នាំកន្លងមកនេះ របស់បក្សកាន់អំណាចជាពិសេសសម្តេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំនិងគ្រប់គ្រងប្រទេសឆ្លងកាត់ដោយជោគជ័យនូវការដាក់ទណ្ឌកម្ម នយោបាយ និងសេដ្ឋកិច្ចពីអន្តរជាតិ ក្រោយឆ្នាំ១៩៧៩ វិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងឆ្នាំ១៩៩៧ និងឆ្នាំ២០០៨ ជាដើម ហើយជាពិសេសបំផុត គឺពាក្យ២ឃ្លា ដែលសម្តេចតេជោ ហ៊ុន សែន តែងតែធ្លាប់លើកឡើងតាំងពីប្រទេស និងប្រជាជនគ្មានអ្វីៗ ទាំងអស់រហូតដល់សព្វថ្ងៃមានអ្វីៗ គ្រប់បែបយ៉ាងថា «សម្តេចតេជោ ហ៊ុន សែន និងបក្សប្រជាជនជានិច្ចជាកាលនៅរួមសុខរួមទុក្ខ» និង «មិនដែលរត់ចោលប្រជាជនម្តងណាឡើយ» គឺជាហេតុផលជាក់ស្តែងបំផុតដែលប្រជាជនងាយជឿជាក់ទុកចិត្ តនិងគាំទ្រសម្តេចតេជោ ហ៊ុន សែន ក្នុងស្មារតី «មិនយកអធិប្បតេយ្យជាតិទៅ ដោះដូរជាមួយជំនួយបរទេស»។

ទី៥៖ នៅលើបសមរភូមិភូមិសាស្ត្រនយោបាយវិញ : ការសម្រេចចិត្តរបស់សហភាពអឺរ៉ុបនឹងកាន់តែជំរុញឲ្យរដ្ឋាភិបាលក្រុងភ្នំពេញខិតកាន់តែជិតស្និទ្ធថែមទៀតជាមួយចិនខណៈដែលចិនកំពុងពង្រីកឥទ្ធិពលភូមិសាស្ត្រ នយោបាយរបស់ខ្លួនមកកាន់តំបន់អាស៊ីប៉ាហ្វិក ក្នុងនោះអាស៊ីអាគ្នេយ៍ក៏ជាគោលដៅដ៏សំខាន់មួយរបស់មហាយក្សចិន។ ដោយឡែកកម្ពុជាគឺជាមិត្តជិតស្និទ្ធរបស់ចិនស្រាប់។ ជាក់ស្តែង ប្រធានាធិបតីចិន ស៊ី ជីនពីង ធ្លាប់បានប្រកាស ពីពេលថ្មីៗកន្លងទៅនេះថា «មិត្តភាពកម្ពុជា~ចិនគឺជាមិត្តភាពដែកថែប» ហើយក្នុងដំណើរទស្សនកិច្ចរបស់លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសចិនកាលពីថ្ងៃទី ៥ កុម្ភៈ ២០២០ នេះ លោកស៊ីជីនពីង ក៏បានកត់សម្គាល់បញ្ជាក់សារជាថ្មីទៀតថា «កម្ពុជាគឺជាមិត្តដ៏ស្មោះត្រង់ពិតប្រាកដរបស់
ចិន » ពីព្រោះទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឡើង្នុងខណៈពេលដែលចិនកំពុងជួបប្រទះបញ្ហានៃការរាតត្បាតនៃវីរុសកូរ៉ូណា ។
ជាការឆ្លើយតបចំពោះទឹកចិត្តនិងវត្តមានរបស់លោក ហ៊ុន សែន នៅប៉េកាំងក្នុងគ្រាដ៏ លំបាកនេះ «ចិនក៏បានសម្រេចមិនត្រឹមតែរក្សាការវិនិយោគរបស់ខ្លួនដែលកំពុងមានស្រាប់នៅកម្ពុជានោះទេ ប៉ុន្តែជាងនេះទៅទៀត ក៍បានសន្យាយ៉ាងម៉ឹងម៉ាត់ថានឹងបង្កើនការវិនិយោគ ដោយផ្ទាល់មកកាន់កម្ពុជា ច្រើនថែមទៀត និងបន្តផ្តល់ជំនួយបន្ទាន់គ្រប់យ៉ាងតាមដែលកម្ពុជាត្រូវការ »។

បើនិយាយអោយខ្លីនិងកាន់តែងាយយល់នោះ គឺការសម្រេចចិត្តរបស់សហភាពអឺរ៉ុបនេះពិតជាបានជំរុញឲ្យរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន មាន ឱកាសកាន់តែច្រើនក្នុងការងាក ទៅរឹតចំណងមិត្តភាពជាមួយចិនកាន់តែរឹងមាំថែមទៀត។ ហេតុដូច្នេះ សូមកុំបន្ទោសនិង ទំលាក់កំហុសមកលើលោក ហ៊ុន សែន អី ពីព្រោះរវាងជំនួយរបស់សហភាពអឺរ៉ុបដែលមាន លក្ខខណ្ឌចងភ្ជាប់យ៉ាងតឹងរ៉ឹងជាមួយការបង្វិលក្បាលម្ចាស់ប្រទេស ធៀបនឹងជំនួយចិនដែលគ្មានលក្ខខណ្ឌអ្វីទាំងអស់ ច្បាស់ណាស់ថា គ្មានអ្នកណាមិនចាប់យកជំនួយចិននោះឡើយ។

ហេតុផលដូចបានលើកឡើងខាងដើម គឺជាភស្តុតាងបញ្ជាក់ថា សហភាពអឺរ៉ុប ដែលអាចនឹងសម្រេចចិត្តព្យួរផ្នែកខ្លះនៃ EBA ពីកម្ពុជាគឺជាការសម្រេចចិត្តដ៏ខុសឆ្គងនិងអយុត្តិធម៌បំផុតក្នុងបរិបទនៃពិភពលោក
ពហុប៉ូល។ ការសម្រេចដ៏ខុសឆ្គងនេះក៏អាចធ្វើឲ្យ សហភាពអឺរ៉ុបកាន់តែ បាត់បង់ទីតាំងឈរជើងនៅអាស៊ីអាគ្នេយ៍ និយាយជារួម និងនៅកម្ពុជា និយាយដោយឡែក។

ពាក់ព័ន្ធនឹងនយោបាយផ្ទៃក្នុងរបស់កម្ពុជាវិញ ការសម្រេចចិត្តខុសឆ្គងរបស់សហភាពអឺរ៉ុប មិនបានក្លាយជាសម្ពាធមកលើ រដ្ឋាភិបាលទេ។ ផ្ទុយទៅវិញ វាបានក្លាយជាព្រនង់ដែលសំពង ទៅលើក្រុមប្រឆាំងទៅវិញតែប៉ុណ្ណោះ។ ចំណែកឯ រដ្ឋាភិបាលកម្ពុជាវិញ តាមរយៈការសម្រេចចិត្តដ៏ខុសឆ្គងរបស់សហភាពអឺរ៉ុបនេះ កម្ពុជាកាន់តែក្លាយជារដ្ឋឯករាជពីសម្ពាធបរទេសនិងក៏ជាឱកាសដើម្បីពង្រឹងខ្លួនឲ្យកាន់តែរឹងមាំថែមទៀតដោយឈរលើកម្លាំងខ្លួនឯង។ ហើយបើនិយាយតាម បែបផ្សេងគឺ «ហាងឆេងរបស់ លោក ហ៊ុន សែន កាន់តែឡើងខ្ពស់ដោយសារការសម្រេចចិត្តដ៏ខុសឆ្គងរបស់សហភាពអឺរ៉ុបក្នុងការព្យួរ EBA ពីកម្ពុជា»។

ដោយ : អ្នកតាមដាន នយោបាយតុកាហ្វេ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com