មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាល បញ្ជាក់ថា អ្នកបុរសជនជាតិចិន មានជំងឺកូរ៉ូណា នៅខេត្តព្រះសីហនុ នៅមានសុខភាពល្អធម្មតា និងមិនទាន់ចេញពីមន្ទីរពេទ្យទេ

(​ភ្នំពេញ​)៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាល នៅរសៀលថ្ងៃនេះ បានមានប្រសាសន៍ថា អ្នកជំងឺជនជាតិចិនម្នាក់ ដែលមានជំងឺរលាកសួតថ្មី សង្ស័យជាជំងឺ កូរ៉ូណា នៅខេត្តព្រះសីហនុ នៅមានសុខភាពល្អធម្មតា និងមិនទាន់ចេញពីមន្ទីរពេទ្យនៅឡើយទេ។

លោកជំទាវវេជ្ជបណ្ឌិត ​ឱ​ វណ្ណឌីន​ អ្នកនាំពាក្យ និងជាអគ្គនាយកបច្ចេកទេសសុខាភិបាល​ នៃក្រសួងសុខាភិបាល បានបញ្ជាក់បែបនេះ ក្រោយពីមានការផ្សាយព័ត៌មានថា អ្នកជំងឺជនជាតិរូបនេះ បានជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យ នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

លោកជំទាវ បានបញ្ជាក់ដូច្នេះថា «គាត់នៅក្នុងមន្ទីរពេទ្យ តាមដានបន្តនៅឡេីយទេ​ ស្របតាមវិធានចត្តាឡីស័ក។ គាត់មានសុខភាពធម្មតា»។

ឯកឧត្តម ផៃ ស៊ី​ផាន ប្រតិភូ​រាជរដ្ឋាភិបាល និង​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ​ក្នុង​សន្និសីទកាសែត នា​ព្រឹក​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២០​ បានប្រកាសដោយច្រឡំថា អ្នកជំងឺ​ជនជាតិ​ចិន​ម្នាក់ ដែល​កើត​ជំងឺ​រលាក​សួត​ថ្មី សង្ស័យជំងឺ កូ​រ៉ូ​ណា នៅ​ខេត្ត​ព្រះសីហនុ មកដល់​ថ្ងៃ​ចន្ទ ទី​០៣ ខែកុម្ភៈ​នេះ គ្រូពេទ្យ​បាន​ព្យាបាល ជាសះស្បើយ និង​បាន​ចាក​ចេញពី​មន្ទីរពេទ្យ​ហើយ

​បុរស​ជនជាតិ​ចិន អាយុ៦០​ឆ្នាំ បានធ្វើ​ពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន មកកាន់​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២០​។ រហូតដល់​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០ ទើប​គ្រូពេទ្យ​បញ្ជាក់ថា បុរស​ជនជាតិ​ចិន​នេះ សង្ស័យឆ្លង​មេរោគ កូ​រ៉ូ​ណា វីរុស ប្រភេទ​ថ្មី​។ បុរស​ចិន​នេះ ត្រូវបាន​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ពី​គេឯង ក្នុង​មន្ទីរពេទ្យ​ព្រះសីហនុ ដោយ​គ្រូពេទ្យ​ពិនិត្យ​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់​៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com