Paulo Victor អាចនឹងចូលរួមហ្វឹកហាត់ជាមួយក្រុមជាថ្មីនៅសប្តាហ៍ក្រោយ

(កម្ពុជា)៖ ក្រោយពីរងរបួសធ្ងន់ក្នុងការប្រកួតជាមួយក្រុម Chiangrai United នៃពារង្វាន់ Leo Pre-Season 2020 កីឡាករ Paulo Victor បានសម្រាកព្យាបាលបានរយៈពេលជាងមួយសប្តាហ៍ហើយ ។ ខ្សែប្រយុទ្ធឆ្នើមរូបនេះបានរងរបួសនៅកជើងខាងស្តាំក្នុងជំនួបជាមួយ Chiangrai United នាចុងវគ្គទី១ និងត្រូវបង្ខំឲ្យផ្លាស់ប្តូរនៅវគ្គទី២។ បើតាមការលើកឡើងរបស់គ្រូបង្វឹក លោកស៊ុំ វណ្ណា គឺ Paulo អាចចូលរួមហ្វឹកហាត់ជាមួយក្រុមវិញនៅសប្តាហ៍ក្រោយ ពោលគឺជាពេលដែលលីគកំពូលកម្ពុជាចាប់ផ្តើមតែម្តង ។

ដោយឡែកកីឡាករវ័យ២៦ឆ្នាំរូបនេះក៏បាននិយាយពីបញ្ហារបួសខ្លួនយ៉ាងដូច្នេះថា៖ « ខ្ញុំបានទៅជួបជាមួយនឹងគ្រូពេទ្យ ដោយគាត់បានប្រាប់ខ្ញុំថាវាអាស្រ័យទៅលើបញ្ហាសាច់ដុំរបស់ខ្ញុំ បើវាមានភាពប្រសើរឡើងខ្ញុំអាចចូលរួមហ្វឹកហាត់ជាមួយក្រុមក្នុងកំឡុងពេល៥ ទៅ១០ថ្ងៃទៀត ។ ពេលនេះខ្ញុំមានភាពប្រសើរជាងមុនហើយ ខ្ញុំចង់បង្ហាញខ្លួនសម្រាប់ប្រកួតដំបូងនៅថ្ងៃទី១៥ខាងមុខនេះ ប៉ុន្តែអ្វីៗវាស្ថិតនៅលើការតាមដានបន្ថែមទៀត » ។

ទាក់ទងនឹងការយល់ឃើញទៅលើក្រុមនាឆ្នាំនេះ ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះបានបង្ហាញភាពសុទិដ្ឋិនិយមថា៖ « ខ្ញុំយល់ថាក្រុមរបស់យើងមានការប្រកួតប្រជែងខ្ពស់ណាស់នៅឆ្នាំនេះ ម្នាក់ៗមានបទពិសោធន៍ពីលីគខ្លាំងជាងមុន ខ្ញុំយល់ថាវាអាចជាឆ្នាំដ៏ល្អមួយសម្រាប់ពួកយើង យើងនឹងប្រយុទ្ធទាំងអស់គ្នាដើម្បីឈ្នះពានរង្វាន់លីគកំពូល » ។

គួររំលឹកផងដែរថាការប្រកួតដំបូងរបស់ក្រុមភ្នំពេញក្រោនក្នុងពានរង្វាន់លីគកំពូលកម្ពុជាគឺធ្វើឡើងនៅថ្ងៃ១៥ ខែកុម្ភៈ នៅកីឡដ្ឋាន Smart RSN ដោយភ្នំពេញក្រោននឹងត្រូវប្រកួតជាមួយក្រុមអគ្គិសនីកម្ពុជា ៕ (ប្រភព៖ ppcfc.com)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com