អានអត្ថបទនេះ ដើម្បីបានដឹងកាន់តែច្បាស់អំពី«កូរ៉ូណាវីរុស (Coronavirus)»

(សុខភាព) ៖ ចំនួននៃការឆ្លងរាលដាលនៃ Coronavirus បានកើនឡើងយ៉ាងឆាប់រហ័សបំផុត ដែលករណីភាគច្រើនកំពុងស្ថិតនៅតែ ក្នុងប្រទេសចិន មានករណីមួយចំនួនត្រូវបាន រកឃើញនៅសហរដ្ឋអាមេរិក អង់គ្លេស ហុងកុង ម៉ាឡេស៊ី បារាំង អូស្រ្តាលី កូរ៉េខាងត្បូង ម៉ាកាវ ជប៉ុន ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម កម្ពុជា និងប្រទេសថ្មីៗជាច្រើនទៀត។

ឈានមកដល់ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០ ប្រមុខអង្គការសុខភាពពិភពលោក (WHO)លោក Tedros Adhanom Ghebreyesus បានប្រកាសដាក់ វីរុសកូរ៉ូណាជា «អាសន្នសុខភាពសកល» ខណៈដែលចំនួនអ្នកស្លាប់នៅប្រទេសចិនបានកើនឡើងដល់២១៣នាក់ហើយនិងឆ្លងកំពុងបន្ដកើនឡើងយ៉ាងគំហុកនៅចិនដីគោក និងបន្តរាលដាលទៅបណ្ដាប្រទេសដទៃនៅជុំវិញពិភពលោក។

នៅថ្ងៃនេះ SWIFT NEWS សូមលើកយកអត្ថបទស្រាវជ្រាវមួយ ក្រោមចំណងជើងថា « រោគសញ្ញានៃ Coronavirus ៖ តើយើងត្រូវមើលលើអ្វីខ្លះ ហើយតើវាអាចព្យាបាលដោយបែបណា? » មកចុះផ្សាយដើម្បីចែករំលែកដល់ប្រិយមិត្តអ្នកអាន បានស្វែងយល់កាន់តែលម្អិតអំពីវីរ៉ុសកូរ៉ូណា៖

តើ Coronavirus ថ្មីនេះមានរោគសញ្ញាបែបណាខ្លះ?

តាមការបកស្រាយរបស់អង្គការសុខភាពពិភពលោក Coronavirus នឹងបណ្តាលអោយមាន គ្រុនក្តៅ អស់កម្លាំងល្ហិតល្ហៃ ឈឺបំពង់ក និងក្អកស្ងួត នៅដំណាក់កាលដំបូងនៃជម្ងឺ។ នៅពេលដែល ជម្ងឺកាន់តែវិវត្ត អ្នកជម្ងឺនឹងមានអាការៈពិបាកដកដង្ហើមខ្លាំង។

ប៉ុន្តែរោគសញ្ញាទាំងនេះ មានភាព ស្រដៀងខ្លាំងទៅនឹងរោគសញ្ញានៃជម្ងឺផ្លូវដង្ហើមដ៏ទៃទៀត ហើយដែលធ្វើអោយមានការលំបាកក្នុងការ គ្រប់គ្រង។ បន្ថែមលើនេះទៀត រោគសញ្ញានៃ Coronavirus អាចនឹងមិនបង្ហាញរហូតដល់ក្រោយការ ឆ្លងវីរុសបាន១សប្តាហ៍។

ភាគច្រើននៃរោគសញ្ញា អាចកើតឡើងក្រោយការឆ្លងជម្ងឺបាន៣ ទៅ៦ថ្ងៃ។មានភស្តុតាងជាក់លាក់មួយចំនួនបានបង្ហាញថា វីរុសអាចឆ្លងបានដោយមនុស្សដែលពុំទាន់ បង្ហាញរោគសញ្ញា ដែលប្រការនេះធ្វើអោយមានការលំបាកខ្លាំងបំផុត ក្នុងការគ្រប់គ្រង។

ជនចាស់ជរា ដែលមានស្ថានភាពសុខភាពខ្សោយ មានហានិភ័យខ្ពស់បំផុតចំពោះការឆ្លងវីរុស ប៉ុន្តែកម្រិតហានិភ័យ ដែលកើតមានចំពោះយុវជនដែលមានសុខភាពប្រសើរ នៅពុំទាន់ដឹងនៅឡើយ។

អ្វីទៅដែលជា Coronavirus?

Coronavirus គឺជាគ្រួសារនៃវីរុសដែលមានប្រភពមកពីសត្វ មុនពេលដែលឆ្លងមកកាន់ មនុស្ស។ គិតរួមទាំងវីរុសដែលទើបរកឃើញថ្មី មានវីរុស៧ប្រភេទដែលបានកើតឡើងលើមនុស្ស ដែលក្នុងនោះមានវីរុស៤ប្រភេទ បណ្តាលអោយមានអាការៈគ្រុនសមញ្ញ។ ប៉ុន្តែវីរុស២ប្រភេទ គឺ Middle East Respiratory Syndrome (MERS) និង Severe Acute Respiratory Syndrome (SARS) គឺជាវីរុសដែលកាចសាហាវធ្ងន់ធ្ងបំផុត ដែលបានសម្លាប់មនុស្សជាង១៥០០នាក់។ករណីអ្នកជម្ងឺដែលបានបញ្ជូនមកដល់មន្ទីរពេទ្យប្រមាណ១៥-២០% ត្រូវបានចាត់ទុកជា ករណីធ្ងន់ធ្ង ហើយអត្រាមរណៈមានប្រមាណ២%។ នេះជាកម្រិតខ្ពស់មួយ ប៉ុន្តែប្រហែលជាអជ្ញាធរ អាចពុំបានដឹងពីករណីពុំសូវធ្ងន់ធ្ងទាំងឡាយ ដែលពុំបានបញ្ជូនមកមន្ទីរពេទ្យ។

តើ Coronavirus ឆ្លងតាមរបៀបណា?

វីរុសអាចឆ្លងតាមរយៈតំណក់ទឹកតូចៗ ជាកណ្តាស់ឬកំហាក នៅពេលមនុស្សណាម្នាក់ក្អក ញើសសំបោរ ឬកណ្តាស់។

វីរុសក៏អាចឆ្លងបាន នៅពេលមនុស្សណាម្នាក់ប៉ះពាល់តំបន់ដែលមាន ប្រឡូកប្រឡាក់ជាមួយវីរុស រួមមានដៃទ្វារជាដើម។មន្ទីរពេទ្យគឺជាកន្លែងទីតាំង “ចម្លងជម្ងឺយ៉ាងខ្លាំងបំផុត” គឺនៅពេលដែលអ្នកជម្ងឺម្នាក់អាច ចម្លងជម្ងឺបន្តទៅមនុស្សជាច្រើននាក់។

នៅពេលដែលអ្នកជម្ងឺមកដល់មន្ទីរពេទ្យដោយមានរោគសញ្ញា ផ្លូវដង្ហើម បុគ្គលិកសុខាភិបាលអាចនឹងពុំបានត្រៀមទុកមុនក្នុងការពាក់ម៉ាស់ការពារ ឬបង្ខាំងអ្នកជម្ងឺ ពីអ្នកដ៏ទៃ។ការផ្ទុះរាលដាលជម្ងឺពីសត្វ និងប្រភពនៃជម្ងឺត្រូវបានគេគិតថាមកពីទីផ្សារលក់គ្រឿងសមុទ្រ នៅក្រុងវូហាន ហើយក៏កន្លែងដែលមានលក់សត្វរស់ដ៏ទៃ រួមមានសំពោច និងប្រចៀវ។

តើ Coronavirus អាចទទួលការព្យាបាលបានឬទេ?

គ្មានការព្យាបាលជាក់លាក់ណាមួយសម្រាប់ Coronavirus នោះទេ ហើយក៏ដូចជាគ្មានការ ព្យាបាលណាមួយសម្រាប់ជម្ងឺផ្តាសាយនោះដែរ។

ជម្ងឺនេះមានរោគសញ្ញាដូចទាំងស្រុងទៅនឹងជម្ងឺ រលាកសួតដែលបង្កដោយវីរុស។ មកទល់បច្ចុប្បន្ននេះ គឺការព្យាបាលប្រឆាំងនឹងវីរុសនោះឡើយ ដូច្នេះគឺមានតែការថែរក្សាដល់សួត និងសរីរាង្គដ៏ទៃទៀត រហូតដល់ពេលដែលអ្នកជម្ងឺបានធូរស្រាល។

តើមានវ៉ាក់សាំងឬទេ?

នៅពេលបច្ចុប្បន្ននេះនៅពុំទាន់មានវ៉ាក់សាំងប្រឆាំងនឹង Coronavirus ថ្មីនេះនៅឡើយ ទោះបីជាអ្នកស្រាវជ្រាវនៅសហរដ្ឋអាមេរិក និងចិនកំពុងធ្វើការស្រាវជ្រាវក៏ដោយ ហើយការស្រាវជ្រាវ នេះអាចចាប់ផ្តើមបានយ៉ាងរហ័ស ក៏ដោយសារតែចិនបានចែករម្លែកពត៌មានសេនេទិកនៃវីរុសនេះ។

ទោះជាយ៉ាងណា វ៉ាក់សាំងថ្មីអាចនឹងពុំមានរហូតដល់ឆ្នាំក្រោយ ហើយប្រសិនបើមាន ក៏នឹងប្រើប្រាស់ សម្រាប់តែបុគ្គលិកសុខាភិបាលដែលមានហានិភ័យខ្ពស់ ក្នុងទទួលរងការចម្លងនៃវីរុសតែប៉ុណ្ណោះ។

ដំណាក់កាលនេះ គឺជាការផ្តោតលើការគ្រប់គ្រងបង្ការករណីឆ្លងជម្ងឺ។ ចិនបាននិងកំពុងសាងសង់ មន្ទីរពេទ្យ ដែលមានគ្រែចំនួន១០០០ សម្រាប់ព្យាបាលអ្នកជម្ងឺដោយសារវីរុស ហើយដែលអាចនឹង សង់រួចរាល់នៅប៉ុន្មានថ្ងៃខាងមុខនេះ។

តើយើងអាចធ្វើអ្វីខ្លះដើម្បីបន្ថយហានិភ័យនៃការឆ្លងវីរុស Coronavirus?

អ្នកដែលមានបំណងធ្វើដំណើរទៅប្រទេសចិន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត។ វីរុសនេះ នឹងបណ្តាលអោយមានរោគសញ្ញាផ្នែកផ្លូវដង្ហើម ដូច្នេះមនុស្សគ្រប់រូបត្រូវមានអនាម័យជាមូលដ្ឋាន លើដៃ ដូចជាលាងសម្អាតដៃដោយសាប៊ូនិងទឹក និងអនាម័យផ្លូវដង្ហើម ដូចជាការខ្ទប់មាត់ដោយកែង ដៃ នៅពេលក្អកឬកណ្តាស់។

ប្រការចាំបាច់មួយទៀត គឺមិនត្រូវកាន់ ឬប៉ះសត្វនៅប្រទេសចិន។

មនុស្សគ្រប់រូបគួរទៅរកជួបអ្នកជំនាញសុខាភិបាលជាបន្ទាន់ ប្រសិនបើពួកគេមានរោគសញ្ញា ផ្នែកផ្លូវដង្ហើម ក្នុងរយៈពេល១៤ថ្ងៃ បន្ទាប់ពីបានធ្វើដំណើរទៅក្រុងវូហាន។

ហានិភ័យនៃការឆ្លងជម្ងឺឆ្លងកាត់ព្រំដែន មានកម្រិតខ្ពស់នៅអាស៊ី។

ការដាក់កាម៉េរាជារនាំង សម្រាប់ត្រួតពិនិត្យ អាចនឹងពុំអាចកត់សម្គាល់អ្នកផ្ទុកជម្ងឺបានគ្រប់គ្នាឡើយ ដោយសាររយៈពេល នៃការឆ្លងជម្ងឺរហូតដល់ពេលលេចចេញជារោគសញ្ញា អាចមានពី៦ទៅ១០ថ្ងៃ។ ការដាក់កាម៉េរា អាចចាប់បានតែមនុស្សដែលមានរោគសញ្ញាគ្រុនក្តៅ តែអ្នកដែលប្រើថ្នាំបញ្ចុះកម្តៅអាចគេចផុតពី កាម៉េរានេះដោយងាយ។ ដូច្នេះគឺមានតែការពន្យល់ណែនាំទៅកាន់សាធារណៈជនទេ ជាប្រការចាំបាច់បំផុត។

តើមានក្រុមមនុស្សណាដែលមានហានិភ័យខ្ពស់ឬទេ?

យ៉ាងហោចណាស់មានករណីមរណៈចំនួន២រួចមកហើយ ដែលកើតឡើងលើមនុស្សចាស់ ដែលមានសុខភាពខ្សោយ។

ប៉ុន្តែ ជាមួយនឹងពត៌មានដែលមាននៅពេលនេះ គឺមនុស្សគ្រប់វ័យ សុទ្ធតែ មានហានិភ័យចំពោះការឆ្លងជម្ងឺ។ អ្នកដែលឆ្លងជម្ងឺដែលមានអាយុពី១៥ទៅ៨៨ឆ្នាំ មាន៦០%នៃ ករណីទាំងអស់។

តើអ្វីខ្លះជាភាពខុសគ្នារវាង Coronavirus និងវីរុសនៃជម្ងឺផ្តាសាយធំ?

ជម្ងឺទាំង២អាចមានរោគសញ្ញាស្រដៀងគ្នា តែបង្កដោយវីរុសដែលមានសេនេទិកផ្សេងគ្នា។ វីរុសដែលបង្កជម្ងឺផ្តាសាយធំ មានរយៈពេលសម្ងំរោគលឿន គឺមានន័យថាអ្នកជម្ងឺអាចលេចចេញជា រោគសញ្ញាត្រឹមតែ២-៣ថ្ងៃបន្ទាប់ពីឆ្លងជម្ងឺ។

ប៉ុន្តែ Coronavirus មានរយៈពេលសម្ងំរោគយូរជាង។ លើសពីនេះ វីរុសផ្តាសាយធំអាចបង្កើតជាភាពស៊ាំ តែក្នុងពេលដដែលនោះ នឹងមានវីរុសជាច្រើនទៀត កើតមានក្នុងសារពាង្គកាយ។ Coronavirus ពុំមានការវិវត្តដូចគ្នាឡើយ ហើយសារពាង្គកាយមនុស្ស ក៏មិនអាចបង្កើតភាពស៊ាំជាមួយនឹង Coronavirus ដែរ។

តើមានហានិភ័យអ្វីនឹងកើតឡើងប្រសិនបើ Coronavirus ធ្វើការបំផ្លែងខ្លួន?

បុគ្គលិកសុខាភិបាលចិនបានព្រមានរួចហើយថា វីរុសបានចាប់ផ្តើមបំផ្លែងខ្លួន គឺមានន័យថា អាចនឹងមានឱកាសមួយ ដែលជម្ងឺអាចចាប់ផ្តើមឆ្លងទៅកាន់មនុស្សជាច្រើននាក់ផ្សេងទៀត។

ការព្រួយបារម្ភនេះគឺមានន័យថា ប្រសិនបើមានវីរុសប្រភេទថ្មីមួយទៀតបានកើតឡើងដោយការបំផ្លែងខ្លួន នៃវីរុសដែលកំពុងតែមានស្រាប់នៅក្នុងខ្លួនមនុស្ស នោះគឺអាចនឹងមានលទ្ធភាពដែលវីរុសថ្មីនោះនឹង ឆ្លងរាលដាលយ៉ាងលឿនបំផុតពីមនុស្សទៅមនុស្ស។

ទោះជាយ៉ាងណា ខ្សែពត៌មានសេនេទិកនៃវីរុស អាចបញ្ជាក់បានថាវីរុសអាចមានអត្រាបំផ្លែង ខ្លួនទាប។ តែអ្នកជំនាញសុខាភិបាលនៅតែមានការសង្ស័យថា ការបំផ្លែងខ្លួននៃវីរុសអាចនឹងកាន់តែ សាហាវបំផុត និងងាយចម្លងបំផុត។

ការប្រៀបធៀប Coronavirus ជាមួយការផ្ទុះជម្ងឺផ្លូវដង្ហើមកាលពីអតីតកាល!

ជម្ងឺ Spanish Influenza នៅឆ្នាំ១៩៨១ ឬ H1N1 virus នៅតែជាការផ្ទុះជម្ងឺផ្តាសាយឆ្លងទ្វីប ដ៏ធំជាងគេបំផុតនៅក្នុងប្រវត្តិសាស្រ្តទំនើប។ ជម្ងឺនេះបានផ្ទុះឡើងនៅទូទាំងពិភពលោក ហើយដែល ផ្តាច់ជីវិតមនុស្សប្រមាណ៥០ ទៅ១០០លាននាក់។

វីរុសដដែលនេះបានក្លាយជាប្រភពនៃការផ្ទុះជម្ងឺ Swine Flue (ផ្តាសាយជ្រូក) នៅឆ្នាំ២០០៩ ហើយដែលបានសម្លាប់មនុស្សចំនួន 575,400នាក់។

ការផ្ទុះជម្ងឺផ្តាសាយថ្មីមួយទៀត គឺ Asian flu នៅឆ្នាំ១៩៥៧ ដែលបណ្តាលអោយមានអ្នក ស្លាប់ប្រមាណ២លាននាក់ ហើយនៅក្រុងហុងកុង១១ឆ្នាំក្រោយមក ដែលសម្លាប់មនុស្ស១លាននាក់។

ប៉ុន្តែ ការផ្ទុះជម្ងឺនៃ Coronavirus នៅមានទំហំតូចនៅឡើយ។ SARS បានចម្លងទៅ២៧ ប្រទេស លើមនុស្សប្រមាណ៨០០០នាក់ និងសម្លាប់មនុស្ស៧០០នាក់។

MERS មានទំហំនៃការផ្ទុះ តូចជាង SARS តែផ្តាច់ជីវិតច្រើនជាង SARS ដោយចាប់ផ្តើមពីប្រទេសហ្សកដានីនៅឆ្នាំ២០១២ ដោយឆ្លងពីសត្វអូដ្ឋមកមនុស្ស ហើយបានឆ្លងជាបន្តបន្ទាប់នៅឧបទ្វីបអារ៉ាប់។ មានករណីជម្ងឺនេះ ប្រមាណ២៥០០ត្រូវបានកត់ត្រា ហើយដែលឆ្នាំ២០១៤តែឯងមានករណីជម្ងឺនេះចំនួន៦០០ និង មានប្រមាណ១៩០ករណីកាលពីឆ្នាំមុន។ ជម្ងឺកាចសាហាវជាង SARS ហើយបានផ្តាច់ជីវិតមនុស្ស ៨៥០នាក់។

ឆ្លងតាមរយៈការប្រៀបធៀបនេះ Coronavirus គឺស្ថិតនៅក្នុងកម្រិតគ្រោះថ្នាក់ទាបនៅឡើយ ហើយទំហំនៃផលប៉ះពាល់ក៏មានតិចតួចឆ្ងាយពីជំងឺផ្លូវដង្ហើមដទៃទៀតដែលធ្លាប់កើតឡើងនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ៕SN-ពុទ្ធិរៈ

ប្រភព៖ក្រសួងអប់រំ យុវជននិងកីឡា និង កាសែត Telegraph

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com