សមាគមរោងចក្រកាត់ដេរ​នៅកម្ពុជា​៖ ការផ្ទុះឡើងនៃវីរុសកូរ៉ូណា​ នៅតែជាក្តីបារម្ភ​នៅក្នុងឧស្សាហកម្ម​របស់​យើង​

(ភ្នំពេញ)៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ GMAC បានលើកឡើងថា ការផ្ទុះឡើងនៃវីរុសកូរ៉ូណានាពេលថ្មីៗ នៅតែជាក្តីបារម្ភនៅក្នុងឧស្សាហកម្មរបស់យើង។

GMAC បានជូនដំណឹងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៣០ ខែមករានេះថា នាពេលឥឡូវនេះ រាជរដ្ឋាភិបាលកម្ពុជា រួមមានអាជ្ញាធរពាក់ព័ន្ធកំពុងខិតខំប្រឹងប្រែងពិនិត្យ គ្រប់គ្រង និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺរលាកសួតដោយវីរុសកូរ៉ូណាបន្ទាប់ពីរកឃើញមានករណីវីរុសកូរ៉ូណាដំបូងបង្អស់នៅខេត្តព្រះសីហនុ។

ក្នុងអំឡុងពេលនេះ សមាគម GMAC ផ្តល់ដំបូន្មានដល់សមាជិកថា ប្រសិនបើរោងចក្រមានបុគ្គលិកដែលត្រឡប់មកពីប្រទេសចិនមកកម្ពុជា សូមពិនិត្យពួកគេដោយយកចិត្តទុកដាក់ និងដាក់ពួកគេឲ្យនៅដាច់ដោយឡែកពីបុគ្គលិកដទៃនិងកម្មករយ៉ាងហោចណាស់១៤ថ្ងៃ ក្រែងលោពួកគេមានផ្ទុកវីរុសកូរ៉ូណានេះ។ បន្ទាប់ពីរយៈពេល១៤ថ្ងៃ ប្រសិនបើរកមិនឃើញឬមិនមានរោគសញ្ញាទេ នោះអនុញ្ញាតឲ្យពួកគេត្រឡប់ចូលធ្វើការក្នុងរោងចក្រវិញ។ ត្រូវរៀបចំផ្តល់ម៉ាស់សុវត្ថិភាព និងទឹកលាងដៃសម្រាប់បុគ្គលិកនិងភ្ញៀវដែលទៅរោងចក្ររបស់លោក លោកស្រី។

ជាមួយគ្នានេះ GMAC បានកោតសរសើរសមាជិកណាដែលបានសកម្មក្នុងការចាត់វិធានការការពារកម្មករនិយោជិត និងសូមលើកទឹកចិត្តសមាជិកទាំងអស់បន្តអនុវត្តវិធានការការពាររហូតដល់មានការណែនាំថ្មីពីរាជរដ្ឋាភិបាលកម្ពុជា៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com