គណៈឱសថការីកម្ពុជា​ព្រមានដាក់ទណ្ឌកម្មវិន័យ​ចំពោះឱសថការី​ ឱសថស្ថាន​ទាំងឡាយណា​ ដែលនៅបន្តលក់ម៉ាស់​ថ្លៃ​ហួសហេតុ

(ភ្នំពេញ)៖ គណៈឱសថការីកម្ពុជានឹងមានវិធានការស្រាវជ្រាវ ដើម្បីដាក់ទណ្ឌកម្មវិន័យចំពោះឱសថការី ក្នុងករណីមានគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ឱសថស្ថាន ឱសថស្ថានរង “ក” ទាំងឡាយណា ដែល​ឱស​ថការីទាំងនោះជាអ្នកទទួលបន្ទុកបច្ចេកទេសនៅតែបន្តលក់ម៉ាស់ដំឡើងថ្លៃហួសហេតុតទៅ​ទៀត។ នេះ​បើតាមលិខិតរបស់ក្រុមប្រឹក្សាគណៈឱសថការីជាតិ នៅថ្ងៃទី៣០ ខែមករានេះ ដែលបានផ្ញើទៅលោក លោកស្រីឱសថការី ដែលជាអ្នកទទួលបន្ទុកបច្ចេកទេស គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ឱសថស្ថាន ឱសថស្ថានរង “ក”។

ក្នុងលិខិតរបស់ក្រុមប្រឹក្សាគណៈឱសថការីជាតិបានលើកឡើងថា ក្នុងស្ថានភាពបច្ចុប្បន្ននេះ ពិភព​លោកក៏ដូចជាកម្ពុជា កំពុងតែជួបនូវបញ្ហានៃការរីករាលដាលនៃការចម្លងមេរោគ វីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) ដែលមានប្រភពពីទីក្រុងរ៉ូហាន ខេត្តហ៊ូប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន ជាហេតុធ្វើឱ្យប្រជាជនកម្ពុជា មានតម្រូវការចាំបាច់ក្នុងការប្រើប្រាស់ម៉ាស់ ដើម្បីការពារការឆ្លងមេរោគប្រភេទ​ថ្មីនេះ។ ស្ថិតក្នុងកាលៈទេសៈនេះគណៈឱសថការីកម្ពុជាសង្កេតឃើញមានឱសថស្ថាន ឱសថស្ថានរង “ក” មួយចំនួនបានឆ្លៀតឱកាសដំឡើងថ្លៃម៉ាស់ហួសហេតុ ធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជន និងកិត្តិយស សេចក្តីថ្លៃថ្នូរក្នុងការប្រកបវិជ្ជាជីវៈឱសថសាស្ត្រ ក៏ដូចជាកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ឱសថការីកម្ពុជា។

ក្រុមប្រឹក្សាគណៈឱសថការីជាតិ បានអំពាវនាវឲ្យឱសថការីទាំងអស់ត្រូវតែគោរពឱ្យបាននូវក្រមសីល​ធម៌ឱសថការី ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី(2019-CoV) និងត្រូវប្រកាន់ខ្ជាប់នូវឥរិយាបថថ្លៃថ្នូរក្នុងការការពារសុខភាពសាធារណៈជូនប្រជាជន៕



 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com