អ្នកនាំពាក្យសុខាភិបាល៖​ បុរសចិនដែលផ្ទុកមេរោគកូរ៉ូណាថ្មី​នៅខេត្តព្រះសីហនុ​ មានសុខភាពល្អ​ និងពុំទាន់រកឃើញ​ករណីថ្មី​ទៀត​ទេ​

(ភ្នំពេញ)៖ រហូតដល់ម៉ោង​ ១២:៣០​ ថ្ងៃត្រង់​​ ថ្ងៃទី​ ២៩​ មករា​ ២០២០​ ស្ថានភាពអ្នកជំងឺរលាកសួតបង្កឡើងដោយមេរោគកូរ៉ូណាវីរុសប្រភេទថ្មី​ អ្នកជំងឺបន្តមានសុខភាពល្អ​ គ្មានរោគសញ្ញាធ្ងន់ធ្ងរអ្វីទេ​។ អ្នក​ប៉ះពាល់ដទៃទៀត និងអ្នកជិះយន្តហោះជាមួយអ្នកជំងឺ​ រហូតពេលនេះ​ អ្នកទាំងនោះពុំមានអ្នកចេញរោគសញ្ញាអ្វីនៅឡើយដែរ។ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យ និងជាប្រធាន​នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៃក្រសួងសុខាភិបាល។

លោកវេជ្ជបណ្ឌិត បានបន្តថា មន្រ្តីជំនាញនឹងបន្តតាមដានសុខភាពអ្នកប៉ះពាល់ជាមួយអ្នកជំងឺទាំងអស់ជារៀងរាល់ថ្ងៃ​។ ហើយគ្រូពេទ្យថែទាំអ្នកជំងឺ​ក៏ គ្មានចេញរោគសញ្ញាអ្វីទេ​ និងគ្រប់គ្រូពេទ្យបំរើការនៅមន្ទីរពេទ្យក្រុងព្រះសីហនុ​ កំពុងបំរើការងារក្នុងមន្ទីរពេទ្យជាធម្មតា​។ រហូតពេលនេះពុំទាន់រកឃើញករណីជំងឺកូរ៉ូណាវីរុសថ្មីទៀតទេ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥​។

គួររម្លឹកថា បុរស​ជនជាតិចិន​នេះ ត្រូវបាន​គេ​រកឃើញថា មាន​ផ្ទុកមេរោគ​រលាក​ផ្លូវដង្ហើមកូ​រ៉ូ​ណ វីរុស ប្រភេទ​ថ្មី កាលពី​រសៀល​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០​។ បុរស​ចិន​នេះ ធ្វើដំណើរ​ជាមួយ​ក្រុមគ្រួសារ ៣​​នាក់ មកពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន ដែល​កើត​ជំងឺ​នេះ មុនគេ​។ បុរស​ចិន​នេះ បានធ្វើ​ដំណើរ​មកដល់​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២០​។

​បន្ទាប់ពី​ធ្វើតេស្ត​វិភាគ​រួច មានតែ​បុរស​ចិន​នេះ​តែ​ម្នាក់​គត់ ដែល​ផ្ទុកមេរោគ​រលាក​សួត កូ​រ៉ូ​ណា វីរុស ប្រភេទ​​​ថ្មី​នេះ​។ លទ្ធផល​នេះ ត្រូវបាន​រដ្ឋមន្ត្រី​សុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង ប្រកាស​កាលពី​យប់ ​ថ្ងៃទី​២៧​ ខែមករា​ ឆ្នាំ​២០២០​៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com