លិខិតមិត្តអ្នកអាន៖ សវនាការសំណុំរឿង កឹម សុខា ឆ្លុះបញ្ចាំងពីភាពរឹងមាំនៃអធិបតេយ្យភាពជាតិកម្ពុជា

(កំពង់ចាម)៖ តាមរយៈសវនាការរយៈពេលពីសប្តាហ៍កន្លងទៅនេះ ខ្ញុំបានសង្កេតឃើញថា សវនាការរឿងក្តី «សន្ទិដ្ឋិភាពជាមួយបរទេស» ឬក្បត់ជាតិរបស់លោក កឹម សុខា បានប្រព្រឹត្តទៅដោយរលូន និងដោយតម្លាភាពដែលធ្វើឲ្យគ្រប់ភាគីពាក់ព័ន្ធអាចទទួលយកបានបើទោះបីមានមតិខ្លះយល់ឃើញផ្សេងពីនេះក៍ដោយ។

ហេតុអ្វីបានជាខ្ញុំហ៊ានអះអាងថា ជាសវនាការមួយដោយរលូន និងដោយមានតម្លាភាព? មានហេតុផលជាក់ស្តែងមួយចំនួនដូចខាងក្រោម ដែលអាចបញ្ជាក់បាន៖

ទី១៖ សវនាការនេះបាន ប្រព្រឹត្តទៅដោយបើកចំហដល់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិព្រមទាំងមានអ្នកសារព័ត៌មានបានចូលសង្កេតការណ៍យ៉ាងទូលំទូលាយពោល គឺឃើញមានតំណាងស្ថានទូតបរទេស, តំណាងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ, តំណាងបក្សនយោបាយ សុទ្ធតែត្រូវបានអនុញ្ញាតឲ្យចូលស្តាប់សវនាការដោយផ្ទាល់ បើទោះបីជាបន្ទប់សវនាការនេះតូចចង្អៀតក៏ដោយ។

ទី២៖ មានការវាយតម្លៃពីអ្នកសង្កេតការណ៍ទាំងនោះ រាប់ទាំងអ្នកនយោបាយ និងសង្គមស៊ីវិលថា សវនាការនេះបានប្រព្រឹត្តទៅដោយរលូនស្របតាមនីតិវិធី និងអាចទទួលយកបាន ដោយក្រុមប្រឹក្សាជមនុំជម្រះបានផ្តល់សិទ្ធិយ៉ាងពេញលេញ និងពេលវេលាគ្រប់គ្រាន់ដល់ជនជាប់ចោទ និងមេធាវីការពារក្តីរបស់ជនជាប់ចោទបានបក ស្រាយបំភ្លឺយ៉ាងទូលំទូលាយ។

ទី៣៖ អ្វីដែលគួរឲ្យកត់សម្គាល់ថែមទៀតនោះ គឺមេធាវីតំណាងរដ្ឋាភិបាល គឺលោក គី តិច ថែមទាំងបានត្អូញត្អែរដោយទឹកមុខបែបអាក់អន់ចិត្តប្រាប់អ្នកសារព័ត៌មានថា តុលាការបានរឹតត្បិតសេរីភាពភាគីមេធាវីដើមបណ្តឹង ដោយបានផ្តល់សិទ្ធិច្រើនទៅឲ្យភាគីការពារជនជាប់ចោទ ហើយចំណុចនេះក៏ក្រុមអ្នកសង្កេតការណ៍ក្នុងបន្ទប់សវនាការសុទ្ធតែបានកត់សម្គាល់ដូចគ្នានេះដែរ។ 

ទី៤៖ ដំណើរការរឿងក្តីនេះបានប្រព្រឹត្តទៅក្នុងតុលាការកម្ពុជា ដោយអនុលោមតាមនីតិវីធីទាំងឡាយ ដែលមានចែងជាធរមានក្នុងច្បាប់កម្ពុជាទាំងស្រុង អំពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ប្រព្រឹត្តដោយជនចាប់ចោទ កឹម សុខា។ 

ទី៥៖ លោក កឹម សុខា ដែលជាជនជាប់ចោទក៏បានសហការចូលរួមក្នុងសវនាការនេះ ដែលធ្វើឲ្យប្រព្រឹត្តទៅដោយពេញលេញស្របតាមនីតិវិធី ច្បាប់ទាំងស្រុងដោយគ្មានបញ្ហាចម្រូងចម្រាស់ឡើយ។ រីឯការសួរដេញដោលក្នុងសវនាការទៀតសោទ ក៏បានធ្វើឡើងយ៉ាងផុលផុស និងរស់រវើកផងដែរ។

យើងអាចនិយាយបានថា នេះគឺជាសវនាការមួយ ដែលនីតិវិធីតុលាការត្រូវបានធ្វើឡើងដោយហ្មត់ចត់ និងដោយយកច្បាប់ជាតិជាមូលដ្ឋាន ដែលធ្វើឲ្យគ្រប់ភាគី ចូលរួមពេញចិត្ត និងទទួលយកបាន។ 

ការបើកចំហ និងតម្លាភាពរបស់តុលាការក៏ដូចជាការយក មូលដ្ឋានច្បាប់ជាតិមកធ្វើជាគោល រីឯដំណើរការរឿងក្តីទៀតសោត ប្រព្រឹត្តទៅក្នុងតុលាការកម្ពុជាដោយមានភាគីពាក់ព័ន្ធទាំងអស់ចូលរួមយ៉ាងសកម្ម ដែលទាំងអស់នេះអាចសបញ្ជាក់ឲ្យឃើញពីភាពចាស់ទុំនៃប្រព័ន្ធយុត្តិធម៌កម្ពុជា ក៏ដូចជាភាពចាស់ទុំរបស់អ្នកនយោបាយ និងភាគីពាក់ព័ន្ធនានាក្នុងដំណើរការរកយុត្តិធម៌ក្នុងសំណុំរឿងក្តី។ ម្យ៉ាងទៀត វាក៏បានឆ្លុះបញ្ចាំងឲ្យឃើញពីភាពកាន់តែរឹងមាំនៃអធិបតេយ្យភាពជាតិខ្មែរ ដែលកំពុងឈានទៅរកឯករាជភាពពីការពឹងពាក់បរទេសលើគ្រប់វិស័យ មិនថាវិស័យយុត្តិធម៌ សេដ្ឋកិច្ច ឬសង្គមកិច្ចនោះឡើយ ពោលគឺអំណឹះតទៅ កម្ពុជាអាចឈរបានដោយជើងខ្លួនឯង អាចរស់បានដោយបាតដៃខ្លួនឯង និងអាចពឹងពាក់បាននូវកម្លាំងខ្លួនឯង គឺមិនមែនជាប្រទេសក្រីក្រតោកយ៉ាក ដែលពឹងផ្អែកលើបរទេសស្ទើរទាំងស្រុងដូចកាលពីមុនទៀតនោះឡើយ។ 

កម្ពុជាក្នុងសតវត្សរ៍ទី២១នេះ បានបង្ហាញឲ្យឃើញពីប្រៀបខ្លាំង និងជំហានឆ្ពោះទៅមុខគួរឲ្យមោទនភាព។ 

នៅលើវិស័យសេដ្ឋកិច្ច កម្ពុជាមានប្រាក់សន្សំរាប់ពាន់លានដុល្លារតម្កល់ទុកក្នុងរតនាគារជាតិ។ នៅលើវិស័យសង្គមកិច្ច កម្ពុជាបាននិងកំពុងពង្រឹងការធានារបបសន្តិសុខសង្គមជូនដល់មន្ត្រីរាជការ កម្មករ និងកងកម្លាំងប្រដាប់អាវុធ ដោយពួកគេទទួលបានអត្ថប្រយោជន៍កាន់តែច្រើនទាំងក្នុងពេលបម្រើការងារ ទាំងពេលចូលនិវត្តន៍។ នៅលើវិស័យយុត្តិធម៌វិញ ក៏កម្ពុជាកំពុងទទួលបានលទ្ធផលពីកំណែទម្រង់គួរឲ្យកត់សម្គាល់ដើម្បីធានាថា ពលរដ្ឋគ្រប់គ្នាទទួលបានយុត្តិធម៌ និងការការពារខាងផ្លូវច្បាប់ស្មើភាពគ្នាដោយមិនរើសអើង។

ខ្ញុំយល់ឃើញថា ដើម្បីកសាងប្រទេសមួយឲ្យជឿនលឿនទៅមុខប្រកបដោយនិរន្តរភាព គេចាំបាច់ត្រូវពឹងផ្អែកលើការកសាងគ្រឹះនៃអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ជាចំណុចអាទិភាព។

ក្នុងន័យនេះ ខ្ញុំគាំទ្រយ៉ាងមុតមាំចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបាននិងកំពុងដើរនៅលើផ្លូវត្រូវតាមរយៈការប្តេជ្ញាចិត្តដាច់ខាតក្នុងការការពារសន្តិភាព ទោះជាក្នុងតម្លៃណាក៏ដោយ ជាពិសេស គឺការតាំងចិត្តដ៏មុតមាំឥតងាករេក្នុងការរក្សាឲ្យបាននូវអធិបតេយ្យភាពជាតិ តាមរយៈពាក្យស្លោកថា «ដាច់ខាតមិនយកអធិបតេយ្យភាពជាតិទៅប្តូរជាមួយជំនួយបរទេស» នោះឡើយ។ 

សរុបមកវិញ សំណុំរឿងក្តីលោក កឹម សុខា គឺជាវិញ្ញាសារ ដែលពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញស្ថានភាពច្រើនយ៉ាងសម្រាប់កម្ពុជាក្នុងនោះ រួមមានការការពារបាននូវសន្តិភាព និងការពង្រឹងនូវអធិបតេយ្យភាព និងសេដ្ឋកិច្ចជាតិ ខណៈវិស័យសង្គមកិច្ច និងយុត្តិធម៌ក៏កំពុងតែត្រូវបានពង្រឹងជាបន្តបន្ទាប់។ 

និយាយជារួម គឺកម្ពុជាពេលនេះកំពុងបង្ហាញឲ្យឃើញពីភាពជាម្ចាស់ការលើខ្លួនឯងក្នុងគ្រប់វិស័យដោយមិនពឹងអាស្រ័យជាធំលើជំនួយបរទេសទៀតនោះទេ។ ប៉ុន្តែ កិច្ចសហការក្នុងភាពជាដៃគូជាមួយគ្រប់ប្រទេសជាមិត្តគឺនៅតែបន្តធ្វើក្នុងភាពស្មើមុខមាត់គ្នា និងស្មើសិទ្ធិគ្នា ប្រកបដោយកិត្តយស។ ផ្ទុយទៅវីញ ការធ្វើនយោបាយដោយពឹងផ្អែក និងសំអាងលើបរទេស គឺជារឿងហួសសម័យ និងក៏ជារឿងដែលប្រជាពលរដ្ធមិនអាចទទួលយកបានទៀតឡើយ៕

ដោយ: សាស្ត្រាចារ្យវិទ្យាសាស្ត្រសង្គមនៃសាកលវិទ្យាល័យកំពង់ចាម

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com