វិធីងាយៗ១០យ៉ាង ដើម្បីការពារកុំឲ្យឆ្លងមេរោគ កូរ៉ូណា ដ៏សាហាវ

(ប៉េកាំង)៖ យោងតាមការផ្សាយរបស់គេហទំព័រ គោលនយោបាយបរទេស (Foreign Policy) កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា វិធីងាយៗ១០យ៉ាង ដើម្បីការពារកុំឲ្យឆ្លងមេរោគ កូរ៉ូណា ដ៏សាហាង មានប្រភពនៅក្រុង វូហាន ប្រទេសចិន។

ការផ្សាយអំពីវិធីការពារ១០យ៉ាងនេះ​​​ កើតឡើងក្រោយពីមានចម្ងល់ជាច្រើនពីអ្នកសារព័ត៌មាន និងពីប្រជាពលរដ្ឋដទៃទៀត ដែលចោទសួរថា «តើយើងអាចការពារខ្លួនយើង និងគ្រួសារយើងដោយវិធីណា» ដើម្បីការពារកុំឲ្យមេរោគដ៏គួរឲ្យខ្លាចនេះ ឆ្លងមកយើងបាន។

Swift News​​​ សូមបកប្រែខ្លឹមសារសង្ខេបដូចខាងក្រោម៖

១- នៅពេលចេញក្រៅផ្ទះ សូមពាក់ស្រោមដៃក្រាស់ៗ ជាពិសេស នៅពេលធ្វើដំណើរតាមរថភ្លើង, តាមរថយន្តក្រុង និងនៅតាមទីសាធារណៈ។

២- ប្រសិនបើត្រូវដោះស្រោមដៃចេញ ដើម្បីចាប់ដៃជាមួយអ្នកដទៃ ឬទទួលទានអាហារ គឺចាំបាច់មិនឲ្យដៃប៉ះមុខ ឬប៉ះភ្នែកឡើយ ទោះរមាស់មុខ ឬរមាស់ភ្នែកយ៉ាងណាក៏ដោយ។ មុននឹងពាក់ស្រោមដៃនេះវិញ ត្រូវលាងដៃនឹងសាប៊ូឲ្យបានស្អាត ឬលាងនឹងទឹកក្តៅ​​​អ៊ុនៗ។

៣- ត្រូវដូរស្រោមដៃជារៀងរាល់ថ្ងៃ,​​​ ត្រូវដុះលាងស្រោមដៃដែលប្រើហើយ ឲ្យបានស្អាតបំផុត,​​​ មិនត្រូវប្រើស្រោមដៃកខ្វក់ជាដាច់ខាត។

៤- ពាក់ម៉ាស់ការពារ ក្រោយចេញផ្ទះហើយ មិនសូវគ្មានប្រសិទ្ធភាពទេ។​​​ ដូច្នេះ ត្រូវពាក់នៅក្នុងផ្ទះឲ្យរួចរាល់ សឹមចេញក្រៅ។ ម៉ាស់ដែលពាក់ច្រើនដង មិនសូវមានប្រសិទ្ធភាពទេ ត្រូវពាក់យ៉ាងយូរត្រឹមមួយថ្ងៃបានហើយ សម្រាប់ម៉ាស់១។

៥- ត្រូវយកកន្សែង ដែលប្រើហើយចេញពីក្នុងបន្ទប់ទឹក ឬយកចេញពីផ្ទះបាយ។ ត្រូវសរសេរឈ្មោះសមាជិកគ្រួសារ នៅលើកន្សែងនីមួយៗ​​​ ដើម្បីចៀសវាងការប្រើច្រឡំគ្នា។ ត្រូវបោកគក់កន្សែងយ៉ាងហោចណាស់ឲ្យបានពីរដងក្នុងមួយសប្តាហ៍។

៦- ចូរប្រយ័ត្នប្រយែងក្នុងការកាន់ទ្វារ ឬកាន់ដៃសោរទ្វារ។ យកល្អ គួរប្រើកែងដៃ ឬស្មា ដើម្បីរុញបើកទ្វារ។ ពេលបើកទ្វារ ត្រូវតែពាក់ស្រោមដៃ។ បើសមាជិកគ្រួសារណាម្នាក់ មានផ្ទុកមេរោគនេះ​​​ ត្រូវជូតសម្អាតទ្វារ ឬដៃសោរទ្វារឲ្យបានស្អាត។

៧- ប្រសិនបើទទួលទានអាហារជុំគ្នា ចូរកុំប្រើចង្កឹះ ឬស្លាបព្រារួមគ្នា។ ហាម ឬការពារកូនតូចៗ កុំឲ្យផឹកទឹកក្នុងកែវ ដែលនៅសល់ពីមនុស្សចាស់។

៨- មិនត្រូវទិញ, សម្លាប់សត្វ ឬទទួលទានសាច់សត្វណា ដែលមិនទាន់ដឹងច្បាស់ថា សត្វនោះមានមេរោគអ្វីខ្លះ។

៩- នៅពេលអាកាសធាតុអំណោយផល គួរបើកចំហបង្អួចផ្ទះ ឬចំហបង្អួចនៅកន្លែងធ្វើការ ដើម្បីឲ្យខ្យល់ចាស់ចេញ ខ្យល់ថ្មីចូល។ មេរោគនេះ មិនអាចរស់នៅក្នុងបរិស្ថាន ឬបរិយាកាសស្អាតទេ។ ប្រសិនបើអាកាសធាតុត្រជាក់ខ្លាំង ត្រូវបិទបង្អួច ដើម្បីឲ្យកក់ក្តៅខាងក្នុងផ្ទះ ឬក្នុងបន្ទប់។

១០- ចុងក្រោយបំផុត ប្រសិនយកចិត្តទុកដាក់នឹងមិត្តភក្តិ, សាច់ញាតិ ឬសមាជិកគ្រួសារ, ត្រូវពាក់ម៉ាស់ការពារឲ្យបានតឹងណែនល្អ មុនទៅជិតពួកគេ។ 

រដ្ឋាភិបាលចិន នឹងចាត់វិធានការបន្ទាន់ជាបន្តបន្ទាប់ នៅសប្តាហ៍ខាងមុខនេះទៀត ដើម្បីការពារការឆ្លងរាតត្បាតនៃមេរោគ កូរ៉ូណា ដ៏កាចសាហាវនេះ។

ដើម្បីសុវត្ថិភាព​​​ ចូរកុំភ័យជ្រួលច្របល់។ ចូរការពារដោយវិធីសាមញ្ញ ប៉ុន្តែច្បាស់លាស់ ដូច្នេះ យើងទាំងអស់គ្នានឹងរួចផុតពីការឆ្លងនៃមេរោគនេះ ដូចករណីផ្ទុះជំងឺ SAR​​​ នៅហុងកុង កាលពីប៉ុន្មានឆ្នាំមុន៕ ផាន់ អាណា

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com