ម៉ាស់ច្រើនជាងមួយលានបន្ទះនឹងត្រូវចែកជូនដោយឥតគិតថ្លៃ ឆ្លើយតបនឹងការបំប៉ោងតម្លៃទ្វេគុណពីជនឆ្លៀតឱកាស

(ភ្នំពេញ)៖ ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ ស្របពេលមានការព្រួយបារម្ភកាន់តែខ្លាំងចំពោះជំងឺរលាកសួតប្រភេទថ្មី ដែលបង្កឡើងដោយវីរុសកូរ៉ូណា (2019-nCoV) មានប្រភពមកពីក្រុងវូហាន ប្រទេសចិន ដែលកំពុងឆ្លងរីករាលដាលនៅតាមប្រទេសជាច្រើនលើពិភពលោកនោះ តម្រូវការម៉ាស់ និងការហក់ឡើងកប់ពពកនៃតម្លៃម៉ាស់ បានក្លាយជាប្រធានបទដ៏រសើបមួយនៅលើបណ្ដាញសង្គម និងសារព័ត៌មានអនឡាញមួយចំនួននៅកម្ពុជា។

ឈានមកដល់ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ សង្កេតឃើញមានការចែករំលែកតគ្នាពាក់ព័ន្ធទៅនឹងការរិះគន់ ចំពោះការកើនឡើងនៃតម្លៃម៉ាស់ តែផ្ទុយគ្នានេះ ក៏មានការកោតសរសើរចំពោះសកម្មភាពនៃការចែកម៉ាសដោយឥតគិតថ្លៃ ឬប្រកាសដាក់លក់បញ្ចុះតម្លៃម៉ាស់ ដើម្បីតបតទៅនឹងសកម្មភាពបំប៉ោងតម្លៃរបស់ជនឆ្លៀតឱកាសមួយចំនួននោះយ៉ាងផុសផុល។

មន្ត្រីនៃសាលាខេត្តព្រះសីហនុមួយរូប បានបង្ហោះលើគណនី facebook របស់ខ្លួននាព្រឹកនេះ បានរិះគន់ថា ម៉ាស់មួយធ្លាប់លក់តែ៦០០០រៀល ប៉ុន្តែពេលនេះឡើងថ្លៃគុណនឹង៥ ឬលើសពីនេះ។

គណនីនៃ facebook ឈ្មោះ Bou Vattna បានសរសេររៀបរាប់ក្នុងខ្លឹមសារដើមយ៉ាងដូច្នេះថា ៖

«ម៉ាសN95 តម្លៃលក់ធម្មតាពីមុន មួយតែ៦០០០រៀលទេ តែ៤ថ្ងៃចុងក្រោយនេះ ឡើងថ្លៃចាប់ពី៣០០០០ រៀល ដល់៤០០០០រៀល ហើយគ្មានឥវ៉ាន់លក់ទៀត»

✍🏻 ឡើងថ្លៃពេកហើយ តើនេះជាការជួយការពារជីវិតមនុស្ស ឬជាការឆក់ឱកាសរបស់អ្នករកសុី ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន…??? 👉 តែគ្មានជម្រើសត្រូវតែទិញ …»៕

ដោយឡែកឆ្លើយតបនឹងបញ្ហានេះ នៅព្រឹកមិញនេះ ក្រសួងសុខាភិបាល បានអំពាវនាវ អ្នកដែលលក់ម៉ាស់ (mask) ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមចូលរួមទប់ស្កាត់ការចម្លងវីរុសកូរ៉ូណាថ្មី (2019-nCoV) ដោយសុំកុំតម្លេីងថ្លៃម៉ាស់ ទុកលទ្ធភាពឲ្យបងប្អូនប្រជាពលរដ្ឋយេីងដែលមានតម្រូវការប្រេីម៉ាស់ អាចទិញប្រេីបានផង ដេីម្បីជាកិច្ចចូលរួមការពារសុខភាពផ្ទាល់ខ្លួនលេីការចម្លងជំងឺនេះ និងជាបុណ្យកុសលសម្រាប់លោកអ្នកជាអ្នកលក់ម៉ាស់នេះផង។

ស្របគ្នានឹងការអំពាវនេះ ចាប់ពីថ្ងៃច័ន្ទ ទី២៧ ខែមករា ឆ្នាំ២០២០តទៅ នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានចាប់ផ្តើមចែកម៉ាស់ ចំនួន ១លានម៉ាស់ ក្នុងរយៈពេល១ខែ ដោយឥតគិតថ្លៃ ដល់ភ្ញៀវជាតិ-អន្តរជាតិ ក៏ដូចជាពលរដ្ឋទូទៅដែលឆ្លងកាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតទាំងអស់ ដើម្បីការពារនិងបង្ការការឆ្លងនូវវីរុសកូរ៉ូណាប្រភេថ្មី។

ជាមួយគ្នានេះ នៅឯរមណីយដ្ឋានអង្គរខេត្តសៀមរាបកាលពីម្សិលមិញនេះ នាថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២០ “សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិនកម្ពុជា 柬埔寨華語導遊協會” បានបើកយុទ្ធនាការចុះចែកម៉ាស់ ការពារជំងឺរលាកសួតថ្មី កូរ៉ូណាវីរុស ជូនភ្ញៀវទេសចរណ៍ជាតិអន្តរជាតិ បានទៅទស្សនាប្រាសាទអង្គរ ហើយសកម្មភាពដូចគ្នានេះ បានធ្វើឡើងនៅឯអាកាសយានដ្ឋានអន្តរជាតិ សៀមរាបផងដែរ។

នាថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២០នេះដែរ ឧកញ៉ា ឡេង ណាវ៉ាត្រា អ្នកជំនួញអចលនទ្រព្យល្បីឈ្មោះមួយរូបបានប្រកាសចូលរួមទប់ស្កាត់ជំងឺឆ្លងនេះ ដោយបញ្ជាក់ថា បុរីឡេង ណាវ៉ាត្រា សូមចូលរួម ទិញម៉ាស់ចំនួន 10.000 មួយមុឺនម៉ាស់ សូមបងប្អូនអាជីវករ កុំឡើងថ្លៃខ្លាំងពេកអី ដើម្បីចូលរួមចែករំលែកនិង ទប់ស្កាត់ជំងឺឆ្លង។

ក្នុងនោះដែរ លើកគណនីហ្វេសប៊ុកមួយ ឈ្មោះ Khim Kimchheang បានប្រកាសជូនដំណឹងពីការលក់បញ្ចុះតម្លៃម៉ាស់ នាថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២០ ថា ជាទូរទៅលោកលក់ម៉ាស់តំលៃ 1.2$ក្នុងមួយប្រអប់ តែដោយសារឃើញបងប្អូនយើងកំពុងត្រូវការខ្លាំង ខ្ញុំលក់ជូនមួយប្រអប់តែ1$ តែប៉ុណ្ណោះ ហើយលោកក៏បានអំពាវនាវសូមបងប្អូនអាជីវករកុំតម្លើងថ្លៃពេក ព្រោះមិនចង់ឃើញបងប្អូនខ្មែរណាឆ្លងវុីរ៉ុសនេះទេ”។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ ជំងឺផ្លូវរលាកសួត ដែលបង្កដោយវីរ៉ុសកូរ៉ូណាវីរុសថ្មី បានឆ្លងទៅដល់មនុស្សសរុប ២,៧៦១ករណីក្នុងប្រទេសចិន និងជាង៣៧ករណីទៀតនៅតាម១១ប្រទេសផ្សេងទៀត ស្របពេលដែលចំនួនអ្នកស្លាប់បានកើនឡើងបានសម្លាប់មនុស្សប្រមាណ៨០នាក់ ករណីស្លាប់ទាំងអស់គឺស្ថិតនៅក្នុងប្រទេសចិនតែមួយប៉ុណ្ណោះ៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com