លិខិតមិត្តអ្នកអាន៖ សម រង្ស៊ី ត្រូវព្រនង់រដ្ឋបរទេស ព្រោះយករូបថ្នាក់ដឹកនាំរបស់គេ មកចំអកឲ្យ កឹម សុខា

(ភ្នំពេញ)៖​​​ បន្ទាប់ពីបានប្រកាសក្តែងៗ ថាខ្លួនជាមេក្លោងក្នុងការឃុបឃិតជាមួយបរទេសដើម្បីផ្តួលរំលំ រដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ហើយបានបង្ហោះរូបថតជាច្រើនសន្លឹកដើម្បីជាភស្តុតាងដាក់បន្ទុកខ្លួនឯង និងដាក់បន្ទុកលើលោក កឹម សុខា ផងនោះ ទណ្ឌិត សម រង្ស៊ី បានបន្តចំអកបញ្ឈឺចិត្តលោក កឹម សុខា បន្ថែមទៀត ដោយអះអាងនៅថ្ងៃទី២៤ ខែមករានេះថា ខ្លួនសប្បាយចិត្តពេលដឹងថា មេធាវីរដ្ឋាភិបាលប្រកាសយកភស្តុតាងទាំងនេះទៅប្រើ។

ទណ្ឌិត សម រង្ស៊ី ដែលគេដឹងថា បានប្រឹងប្រែងប្រើប្រាស់គ្រប់វិធី និងល្បិចកិច្ចកល ដើម្បីសង្កត់កលោក កឹម សុខា មិនឲ្យមានសេរីភាពឡើងវិញនោះ បានសរសេរក្នុងហ្វេសប៊ុក និងក្នុងធ្វីតធ័ររបស់ខ្លួនថា «ខ្ញុំត្រេកអរណាស់ដោយបានទទួលព័ត៌មានថា លោក គី តិច មេធាវីរដ្ឋាភិបាលបានយល់ព្រមទទួលយកឯកសារ និងរូបថតផ្សេងៗ ដែលខ្ញុំបង្ហោះក្នុងហ្វេសប៊ុក ដើម្បីធ្វើជាភស្តុតាងក្នុងសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា…»។

សាររបស់ទណ្ឌិត សម រង្ស៊ី នេះត្រូវបានមជ្ឈដ្ឋានទូទៅមើលឃើញយ៉ាងច្បាស់ក្រឡែតថា គឺជាការចំអកបញ្ឈឺចិត្តលោក កឹម សុខា បន្ថែមទៀត ក្រោយពីខ្លួនបានប្រកាសផ្តល់ភស្តុតាងជាច្រើនដល់តុលាការពាក់ព័ន្ធនឹងការឃុបឃិតជាមួយបរទេស ក្នុងផែនការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ខណៈ ដែលលោក កឹម សុខា កំពុងព្យាយាមដោះសារ បដិសេធម្តងហើយ ម្តងទៀតថា មិនបានឃុបឃិតជាមួយបរទេសនោះឡើយ។

ទង្វើរបស់ទណ្ឌិត សម រង្ស៊ី នេះបានទទួលប្រតិកម្មយ៉ាងខ្លាំងក្លាពីភាគីអ្នកគាំទ្រលោក កឹម សុខា និងពីផ្ទៃក្នុងអ្នកគាំទ្រទណ្ឌិត សម រង្ស៊ី មួយចំនួនផងដែរ។ ពួកគេអះអាងថា ទណ្ឌិត សម រង្ស៊ី គ្មានការងារធ្វើ និងកំពុងដើរទាត់ខ្យល់ ហើយទំនងជាអផ្សុកពេក បែរជានិយាយរឿងបែបនេះ ចេញមកកើតក្នុងកាលៈទេសៈ ដែលលោក កឹម សុខា កំពុងតតាំងក្តីយ៉ាងតឹងតែងនៅឯតុលាការ។ ទណ្ឌិត សម រង្ស៊ី ធ្វើបែបនេះព្រោះតែខ្លាចគេភ្លេចឈ្មោះខ្លួន ហើយនាំគ្នានិយាយតែពីឈ្មោះលោក កឹម សុខា។

ជាពិសេស គឺក្រោយពេលមេធាវីរដ្ឋាភិបាលលោក គី តិច បានប្រកាសអរគុណទណ្ឌិត សម រង្ស៊ី ដែលបានបង្ហាញភស្តុតាងដើម្បីដាក់បន្ទុកលើលោក កឹម សុខា និងលើខ្លួនឯងផងនោះ ប្រតិកម្មពីផ្ទៃក្នុងអតីតបក្សសង្គ្រោះជាតិកាន់តែកើតឡើងយ៉ាងខ្លាំងក្លា។ ពួកគេអាក់អន់ចិត្ត ខឹងសម្បារ និងស្តីបន្ទោសទណ្ឌិត សម រង្ស៊ី យ៉ាងខ្លាំងចំពោះទង្វើបែបអសីលធម៌ ទ្រូសមិត្ត ដោយខុសបែបបទជាមួយលោក កឹម សុខា។

លើសពីនេះ ប្រភពស្និទ្ធនឹងទណ្ឌិត សម រង្ស៊ី បានខ្សឹបប្រាប់ថា ទណ្ឌិត សម រង្ស៊ី ក៏ទទួលបានការព្រមានខ្លាំងៗដោយការមិនសប្បាយចិត្តពីរដ្ឋាភិបាលបរទេស ដែលគាត់បានបង្ហាញក្នុងរូបថតផងដែរ ពីព្រោះរដ្ឋាភិបាលបរទេសទាំងនោះកំពុងព្យាយាមបង្កើតទំនាក់ទំនងល្អជាមួយកម្ពុជា ដោយពួកគេមិនចង់ឲ្យឈ្មោះមេដឹកនាំ ឬប្រទេសរបស់គេមានជាប់ប្រឡូកប្រឡាក់ជាមួយសំណុំរឿងលោក កឹម សុខា នោះឡើយ។ ហេតុនេះហើយបានជាក្នុងសវនាការ ទាំងតុលាការ និងមេធាវីការពារក្តី បានស្នើសុំមិនប្រើឈ្មោះប្រទេសចំៗនោះទេ តែត្រូវប្រើជាអក្សរតាងដើម្បីចៀសវាងការប៉ះពាល់។

ផ្ទុយទៅវិញ ទណ្ឌិត សម រង្ស៊ី ដែលជាអ្នកនយោបាយមិនសូវយល់ពីការទូត និងខ្សោយខាងយុទ្ធសាស្ត្រ បែរជាប្រកាសជាចំហ ហើយថែមទាំងបានបង្ហោះទាំងរូបថតមេដឹកនាំបរទេសជាច្រើនដោយបញ្ជាក់ថា អ្នកទាំងនោះជាអ្នកជួយជ្រោមជ្រែងក្នុងការធ្វើឲ្យមានការផ្តួលរំលំប្តូររបប នៅកម្ពុជាទៅវិញ។ នេះគឺជាហេតុផល ដែលរដ្ឋាភិបាលបរទេសទាំងនោះសម្តែងការមិនសប្បាយចិត្ត និងហួសចិត្ត មិននឹកស្មានថា ទណ្ឌិត សម រង្ស៊ី ឆោតល្ងង់ដល់ម្លឹងសោះ។ ប្រទេសទាំងនោះបានព្រមានទណ្ឌិត សម រង្ស៊ី យ៉ាងធ្ងន់ធ្ងរ។

ដោយសារបញ្ហានេះហើយបានជាក្នុងសារលើកក្រោយនេះ ទណ្ឌិត សម រង្ស៊ី ហាក់ដូចជាចង់លាងខ្លួនវិញ ដោយចង់កាឡៃសាច់រឿងថា នោះគ្រាន់តែជាជំនួបធម្មតាជាមួយបរទេសតែប៉ុណ្ណោះ ដែលគេមិនអាចយកទៅធ្វើភស្តុតាងបានទេ។

ប៉ុន្តែ ទណ្ឌិត សម រង្ស៊ី ភ្លេចគិតថា សារដែលខ្លួនសរសេរក្នុងហ្វេសប៊ុកផេកផ្លូវការ និងការនិយាយសារភាពតាមវិទ្យុអាស៊ីសេរីកន្លងទៅ វាមានលក្ខណៈធ្ងន់ធ្ងរ និងផ្តល់បច្ច័យអាក្រក់យ៉ាងណាដល់លោក កឹម សុខា រហូតដល់មេធាវីរដ្ឋាភិបាលប្រកាសអរគុណថែមទៀតបែបនេះ។

យោងតាមសារទាំងនេះ ទណ្ឌិត សម រង្ស៊ី មិនអាចលាងខ្លួនបានឡើយ ទោះជាខំសរសេរថា ការនិយាយបែបនេះគ្រាន់តែចង់ឌឺសម្តេចតេជោ ហ៊ុន សែន ក៏ដោយ ពីព្រោះក្នុងតុលាការ អ្វីដែលសំខាន់បំផុតនោះ គឺភស្តុតាង និងសាក្សី។

ពេលនេះ ខ្ញុំយល់ថា ទណ្ឌិត សម រង្ស៊ី កំពុងធ្ងន់កមែនទែនហើយ ពីព្រោះទាំងលោក កឹម សុខា និងអ្នកគាំទ្រ កឹម សុខា ក៏មិនសប្បាយចិត្ត ទាំងអ្នកគាំទ្រ ទណ្ឌិត សម រង្ស៊ី ខ្លួនឯងក៏បញ្ចេញប្រតិកម្មស្តីបន្ទោស និងលើសពីនេះ ទណ្ឌិត សម រង្ស៊ី ក៏ត្រូវព្រនង់យ៉ាងធ្ងន់ធ្ងររបស់រដ្ឋាភិបាលបរទេស ដែលខ្លួនធ្លាប់ចាត់ទុកជាទីពឹងបង្អែក។ សូមកុំភ្លេចថា ពាក្យពេចន៍របស់ទណ្ឌិត សម រង្ស៊ី ត្រូវបានគេថតចម្លងទុកអស់ហើយ ទោះចង់កែក៏កែមិនបានដែរ។

ទោះយ៉ាងណាក ដើម្បីផលប្រយោជន៍នយោបាយខ្លួនឯង ទណ្ឌិត សម រង្ស៊ី នឹងនៅតែបន្តឆ្លៀតចំអកបញ្ឈឺចិត្តលោក កឹម សុខា ដោយគ្មានញញើតកោតក្រែងដដែល។ ក្រៅពីចេតនាចង់រឹតចំណងលោកកឹម សុខា មិនឲ្យរើខ្លួនរួច ទណ្ឌិត សម រង្ស៊ី ក៏មានបំណងមួយទៀត ដែរនោះគឺធ្វើឲ្យលោក កឹម សុខា ឈឺចិត្ត គ្រាំគ្រា រហូតទ្រាំលែងបាន ហើយប្រកាសបែកផ្លូវពីទណ្ឌិត សម រង្ស៊ី ដោយខ្លួនឯងដើម្បីយកលេសចោទទណ្ឌិត កឹម សុខា ថា «ក្បត់ឆន្ទៈរាស្ត្រ» ហើយកេងចំណេញខាងនយោបាយឲ្យខ្លួនឯង ដោយខុសទំនង។

ចេតនានេះ ត្រូវបានក្រុមលោក កឹម សុខា បានដឹង ហើយវាក៏បានក្លាយជាសម្ពាធផ្លូវអារម្មណ៍យ៉ាងធ្ងន់ធ្ងរសម្រាប់ភាគី លោក កឹម សុខា ដែលមិនដឹងថា អាចទ្រាំគ្រាំចិត្តដល់ពេលណាឡើយ។

សរុបមកវិញ ទណ្ឌិត សម រង្ស៊ី ពេលនេះក្លាយជាមនុស្សគ្រប់គ្រងខ្លួនឯងលែងបានហើយ ដោយសារបានដឹងខ្លួនឯង យ៉ាងច្បាស់ថា ឈ្មោះរបស់គាត់ត្រូវបានគេបំភ្លេចចោលទាំងស្រុង ចាប់តាំងពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩មកម្លេះ។

ដូច្នេះ ដើម្បីកុំឲ្យគេភ្លេចឈ្មោះខ្លួន ជម្រើសរបស់ទណ្ឌិត សម រង្ស៊ី មាននៅសល់តែមួយគត់ គឺការដាក់បន្ទុកបន្ថែមលើ សំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា ទោះជាត្រូវយកប្រទេសធំៗជាច្រើនមកពាក់ព័ន្ធនឹងសំណុំរឿងក្បត់ជាតិរបស់ខ្លួនក៏ដោយ ដែលជាកំហុសឆ្គងខាងនយោបាយយ៉ាងធ្ងន់ធ្ងរក៏ដោយ។ នេះជាហេតុផល ដែលទណ្ឌិត សម រង្ស៊ី មិនបោះបង់ចេតនាអាក្រក់នេះចោលជាដាច់ខាត ក្នុងការដាក់បន្ទុកលើលោក កឹម សុខា ពីព្រោះទណ្ឌិតសម រង្ស៊ី និង កឹម សុខា គឺ «មានតែមួយ» ប៉ុណ្ណោះ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com