អត្តចរិតដើមរបស់អ្នកជំនួញដីធ្លីងាយប្រែប្រួលណាស់ ប្រសិនខ្វះភាពស្មោះត្រង់ជាមួយដៃគូ និងជាមួយអតិថិជន

(កំពង់ចាម)៖ អ្នកឯកទេសខាងអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា បានកត់សម្គាល់ថា អត្តចរឹតដើមរបស់អ្នកជំនួញដីធ្លីងាយប្រែប្រួលណាស់ ប្រសិនខ្វះភាពស្មោះត្រង់ ហើយលោភលន់ចង់បានតែផលប្រយោជន៍ផ្ទាល់ខ្លួនហួសហេតុពេក រហូតបាត់បង់អស់គុណធម៌។

លោក ហេរ៉ូ សុជាតិ អ្នកជំនាញខាងជំនួញផ្នែកអចលនទ្រព្យ ដែលមានបទពិសោធន៍ក្នុងការរកស៊ីទិញ-លក់ដី ផ្ទះសម្បែងនៅក្នុងរាជធានីភ្នំពេញ បានកត់សម្គាល់បែបនេះ នៅក្នុងបទបង្ហាញរបស់លោក នៅឯសិក្ខាសាលាមួយស្តីវិជ្ជាជីវៈផ្នែកជំនួញដីធ្លី នាខេត្តកំពង់ចាម កាលពីសប្តាហ៍មុន ដើម្បីចែករំលែកបទសោធន៍ដល់ះអ្នករស់នៅក្នុងខេត្ត ដែលកំពុងតែធ្វើ និងមានបំណងធ្វើជំនួញលើវិស័យនេះ។

អ្នកជំនាញអចលនទ្រព្យ និងជាម្ចាស់ក្រុមហ៊ុន​​​ TOP4 Realty ដែលចាប់ដៃគូជាមួយវិនិយោគិនចិនធំៗ នៅក្នុងរាជធានីភ្នំពេញ និងនៅខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ការធ្វើអាជីវកម្មនៅក្នុងទីផ្សារសេរី តែងតែមានការប្រកួតប្រជែងខាងចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ការងារ ទើបធ្វើឲ្យអ្នកប្រកបអាជីវកម្មទទួលបានការរីកចម្រើនលើរបររបស់ខ្លួន ព្រោះការប្រកួតប្រជែង គឺជាកម្លាំងមួយជួយរុញឲ្យអ្នកជំនួញខិតខំប្រឹងប្រែងកាន់តែខ្លាំង។

លោក ហេរ៉ូ សុជាតិ បានមានប្រសាសន៍ថា «នៅក្នុងទីផ្សារសេរី បច្ចុប្បន្ននេះ យើងចៀសមិនផុតពីការប្រកួតប្រជែងទេ។ យើងយកការប្រកួតប្រជែងធ្វើជាកម្លាំងចលករឲ្យយើងចេះប្រឹងប្រែង ហើយធ្វើការងារហ្នឹងឲ្យជោគជ័យ។ សំខាន់យើងប្រកួតប្រជែងដោយឈរលើគុណធម៌ ទើបអ្នកធ្វើការមានតម្លៃ។ វាជាការពិតណាស់ អ្នកធ្វើជំនួញមួយចំនួនអត់គិតគុណធម៌ទេ គឺគិតតែសញ្ញាបូក ឃើញតែផលប្រយោជន៍ផ្ទាល់ខ្លួន»។

លោកបានបន្ថែមថា «វិស័យដីធ្លីនេះងាយធ្វើឲ្យមនុស្សផ្លាស់ប្តូរលឿនបំផុត! ហេតុអ្វី? គឺលុយ… ខ្ញុំធ្វើការនេះជាង២០ឆ្នាំ ជួបមនុស្ស១០០នាក់ សឹងតែ៩០នាក់ផ្លាស់ប្តូរ ព្រោះលុយនៅនឹងមុខ។ បាត់អស់ហើយមិត្តភក្តិ គុណធម៌លែងមានហើយ»។

លោកបានណែនាំថា អ្នកធ្វើជំនួញលើវិស័យនេះ គួរចេះបើកចិត្តឲ្យទូលាយ និងចេះចែករំលែកគ្នានូវផលចំណេញ ទើបបានសុខយូរអង្វែង ព្រោះអំពើក្បត់មិនអាចលាក់បានទេ ប៉ុន្តែបង្កើតភាពស្អប់ខ្ពើម និងជម្លោះ។

ចំណែកលោក ភិន សុផល អ្នកវិនិយោគផ្នែកអចលនទ្រព្យ នៅក្នុងខេត្តកំពង់ចាម បានឲ្យដឹងថា វិស័យអចលនទ្រព្យមានការរីកចម្រើនឈានឡើងឥតឈប់ឈរ ហើយនៅឆ្នាំ២០២០ ក្រុមហ៊ុនរបស់លោកនឹងវិនិយោគនៅទឹកដីខេត្តកំពង់ចាម ដោយសារតែខេត្តមួយនេះប្រមូលផ្តុំដោយសេដ្ឋកិច្ច អាជីវកម្ម និងឧស្សាហកម្ម ដែលសមស្របជាមួយការវិនិយោគលើវិស័យអចលនទ្រព្យមិនគួរមើលរំលង។

លោកបានលើកឡើងថា «តាមពិត ទស្សនៈខ្ញុំវិនិយោគតំបន់នេះ មកពីខេត្តចំណាស់មួយនេះ មានតម្រូវការលំនៅដ្ឋានច្រើន ហើយគម្រោងផ្សេងៗទៀត នឹងវិនិយោគផ្តោតលើតែផ្ទះល្វែង និងសំណង់ធំៗ ដែលប្រជាពលរដ្ឋមានលុយតិច មិនមានលទ្ធភាព ក៏អាចទិញបាន»។

លោក ភិន សុផល ដែលជាសហគ្រិនជោគជ័យវ័យក្មេង​​​ លើវិស័យអចលនទ្រព្យនេះ គឺលោកមិនមែនធ្វើតែម្នាក់ឯងទេ ផ្ទុយទៅវិញ លោកមានមិត្តភក្តិ និងអ្នកភូមិចូលរួមដាក់ទុនវិនិយោគ ឬធ្វើជាភ្នាក់ងារលក់ប្រកបដោយគុណធម៌ និងស្មោះត្រង់ក្នុងការចែកផលប្រយោជន៍ ជាពិសេស ស្មោះត្រង់នឹងអតិថិជនរបស់ខ្លួន៕

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com