លិខិតមិត្តអ្នកអាន៖ កឹម សុខា ប្រឹងរើ, សម រង្ស៊ី ប្រឹងរឹត ដោយប្រមូលភស្តុតាងដាក់បន្ទុកថែម

(ភ្នំពេញ)៖ តាមពិតមិនថាខ្ញុំ ឬប្រជាពលរដ្ឋទូទៅនោះទេ គេបានភ្លេចឈ្មោះ ទណ្ឌិត សម រង្ស៊ី បាត់ទៅហើយ ក្រោយចាញ់បោកការឃោសនាបោកប្រាស់លំដាប់ផ្កាយប្រាំរឿងវិលចូលស្រុកខ្មែរថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

ទោះបីខ្ញុំសម្រេចតាំងពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ថាឈប់និយាយ និងសរសេរពីឈ្មោះទណ្ឌិត សម រង្ស៊ី ទៀត ដោយសារបុគ្គលរូបនេះគ្មាននូវសល់តម្លៃអ្វីទៀតទេ សម្រាប់ការយកចិត្តទុកដាក់ពីមហាជន ក៏ប៉ុន្តែខ្ញុំសម្រេចចិត្តដោយបង្ខំត្រូវតែសរសេរឈ្មោះ ទណ្ឌិត សម រង្ស៊ី នេះម្តងទៀតខានមិនបាន ពីព្រោះតែមានរឿងសំខាន់ដែលត្រូវនិយាយ។

អ្វីដែលសំខាន់គឺ ខណៈពេលសវនាការសំណុំរឿងលោក កឹម សុខា កំពុងតែដំណើរការ ហើយលោក កឹម សុខា និងក្រុមមេធាវីកំពុងរកវិធី និងភស្តុតាងដើម្បីដោះបន្ទុកពីការចោទប្រកាន់ក្នុងសំណុំរឿងក្បត់ជាតិ បែរជាទណ្ឌិត សម រង្ស៊ី ស្រាប់តែបង្ហាញ និងផ្តល់ភស្តុតាងជាច្រើន ដោយ free ដើម្បីបញ្ជាក់ពីភាពពាក់ព័ន្ធរបស់លោក កឹម សុខា ឬរបស់គណបក្សសង្គ្រោះជាតិ ក្នុងការឃុបឃិតជាមួយបរទេស ក្នុងផែនការផ្តួលរំលំរដ្ឋាភិបាលកម្ពុជាទៅវីញ។

តាមរយៈការសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី និងការបង្ហោះតាមទំព័រហ្វេសប៊ុកផេករបស់ខ្លួន ទណ្ឌិត សម រង្ស៊ី បាន បង្ហោះសារ និងរូបភាពជាច្រើន ដែលបញ្ជាក់ពីភាពពាក់ព័ន្ធរបស់ខ្លួន ក៏ដូចជាលោក កឹម សុខា អំពីការឃុបឃិតជាមួយបរទេស។ ទណ្ឌិត សម រង្ស៊ី ធ្វើជានិយាយឌឺថា ចង់ឲ្យតុលាការចោទប្រកាន់ខ្លួនដូចលោក កឹម សុខា ដែរទើបបង្ហាញភស្តុតាងទាំងនេះ ហើយនឹងបន្តផ្ញើមកឲ្យតុលាការថែមទៀត។

បើស្តាប់មួយភ្លែតទៅ វាហាក់ដូចជាទណ្ឌិត សម រង្ស៊ី ក្លាហានចង់រួមសុខទុក្ខជាមួយលោក កឹម សុខា ចង់ដោះបន្ទុកលោក កឹម សុខា ហើយទទួលទោសជំនួសលោក កឹម សុខា! ប៉ុន្តែ បើយើងពិនិត្យ និងវិភាគឲ្យស៊ីជម្រៅទៅ គឺជាចេតនា ពិតប្រាកដ និងសែនពិសពុលរបស់ទណ្ឌិត សម រង្ស៊ី ក្នុងការចង់ដាក់បន្ទុកថែមទៀតដល់លោក កឹម សុខា តែប៉ុណ្ណោះ។

អ្វីដែលទណ្ឌិត សម រង្ស៊ី បានបង្ហាញ និងអះអាងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គឺពិតជាមានអត្ថន័យច្រើនយ៉ាងណាស់៖

ទី១៖ គឺជាការប្រកាសទទួលស្គាល់ជាសាធារណៈថា ពិតជាមានការឃុបឃិតជាមួយបរទេស ក្នុងការរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន តាមរៀបបដិវត្តន៍ពណ៌ ដោយអតីតគណបក្សសង្គ្រោះជាតិមែន។

ទី២៖ បន្ថែមពីលើការប្រកាសទទួលស្គាល់ជាលាយលក្ខណ៍អក្សរនេះ ទណ្ឌិត សម រង្ស៊ី ក៏បានបង្ហោះរូបភាពដើម្បីបញ្ជាក់ពីភស្តុតាងថា មេដឹកនាំអតីតបក្សសង្គ្រោះជាតិ ពិតជាបានទទួលការបង្វឹកពីបរទេសដើម្បីរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាលពិតប្រាកដមែន។

ទី៣៖ អ្វីដែលទណ្ឌិត សម រង្ស៊ី បានបង្ហោះ និងនិយាយក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី គឺជាសក្ខីកម្មក្នុងនាមសាក្សីដ៏សំខាន់ម្នាក់ ដើម្បីបញ្ជាក់ឲ្យឃើញថា ការរំលាយអតីតគណបក្សសង្គ្រោះជាតិដោយតុលាការកំពូល ពិតជារឿងត្រឹមត្រូវនិងចាំបាច់។

ទី៤៖ សក្ខីកម្មរបស់ទណ្ឌិត សម រង្ស៊ី ក៏បានបន្ថែមទម្ងន់ទៅលើសំណុំរឿងក្តីរបស់លោក កឹម សុខា ដើម្បីបញ្ជាក់ថា ដំណើរការរឿងក្តីនេះពិតជាត្រឹមត្រូវ និងចាំបាច់ ពីព្រោះទាំងលោក កឹម សុខា ទាំងទណ្ឌិត សម រង្ស៊ី សុទ្ធតែបានឃុបឃិតជាមួយបរទេសយ៉ាងជ្រាលជ្រៅ ដើម្បីឈានទៅផ្តួលរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា។ ដូច្នេះ លោក កឹម សុខា ច្បាស់ជាមិនអាចបដិសេធថា ខ្លួនមិនបានឃុបឃិតជាមួយបរទេសដូចដែលគាត់តែងតែបដិសេធនោះឡើយពីព្រោះសូមកុំភ្លេចថា ទណ្ឌិត សម រង្ស៊ី គឺជាសាក្សី និងក៏ជាអ្នកពាក់ព័ន្ធដ៏សំខាន់ម្នាក់ក្នុងសំណុំរឿងក្តីនេះ។

ទី៥: ការផ្តល់ភស្តុតាងនិងការអះអាងសារភាពរបស់ សម រង្ស៊ីអំពីការឃុបឃិត របស់ពួកខ្លួនជាមួយបរទេសដើម្បីផ្តួលរំលំ រដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន គឺជាការបញ្ជាក់យ៉ាងច្បាស់បន្ថែមទៀតថា រឿងក្តីរបស់លោក កឹម សុខានេះមិនមែនជារឿងនយោបាយទេ គឺជារឿងព្រហ្មទណ្ឌ ក្បត់ជាតិពិតប្រាកដមែន។

តាមពិត វាគ្មានអ្វីជាអាថ៌កំបាំងទៀតនោះឡើយសម្រាប់ចេតនារបស់ទណ្ឌិត សម រង្ស៊ី ចំពោះលោក កឹម សុខា ពីព្រោះនរណាៗ ក៏បានដឹងដែរថា ជារៀងរាល់លើក នៅពេលលោក កឹម សុខា ជួបរឿងក្តីក្តាំ ហើយព្យាយាមការពារខ្លួន ដើម្បីឲ្យរួចផុតពីការចោទប្រកាន់ គឺទណ្ឌិត សម រង្ស៊ី តែងតែដាក់បន្ទុកបន្ថែមឲ្យលោក កឹម សុខា ជានិច្ច។

ជាក់ស្តែង ពេលសង្ស័យថា លោក កឹម សុខា អាចត្រូវបានដោះលែង កាលពីកំឡុងខែមីនា ឆ្នាំ២០១៩ ទណ្ឌិត សម រង្ស៊ី បានស្កាត់ទុកជាមុន ដោយយកសេរីភាពលោក កឹម សុខា មកភ្នាល់ជាមួយសម្តេចតេជោ ហ៊ុន សែន​​ នាយករដ្ឋមន្ត្រី។

ក្រោយមកទៀត ពេលតុលាការបន្ថយលក្ខខណ្ឌ នៃការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយឲ្យលោក កឹម សុខា អាចចេញពីផ្ទះបាន ទណ្ឌិត សម រង្ស៊ី ដែលបារម្ភខ្លាចមានការដោះលែងលោក កឹម សុខា ក៏បានស្រែកពីក្រៅប្រទេសថា ការដោះលែងលោក កឹម សុខា តែម្នាក់គ្មានតម្លៃគ្រប់គ្រាន់សម្រាប់គណបក្សសង្គ្រោះជាតិទេ គឺត្រូវមានលក្ខខណ្ឌនេះលក្ខខណ្ឌនោះ ព្រោះបំណងរបស់ទណ្ឌិត សម រង្ស៊ី គឺមិនផ្តល់តម្លៃដល់សេរីភាពលោក កឹម សុខា ទាល់តែសោះ។

ផ្ទុយទៅវិញ គឺត្រូវធ្វើយ៉ាងណាឲ្យលោក កឹម សុខា ជាប់ឃុំឲ្យបានយូរតាមដែលអាចធ្វើទៅបាន ពីព្រោះបើលោក កឹម សុខា មានសេរីភាពឡើងវិញ ទណ្ឌិត សម រង្ស៊ី នឹងអស់តម្លៃ ក៏ដូចជាអស់តួនាទីតំណែងជាប្រធានស្តីទីបន្តទៀតហើយ។

ដូច្នេះហើយបានជាក្នុងពេលលោក កឹម សុខា ជាប់ឃុំ ហើយភាគីខាងលោក កឹម សុខា នៅស្ងៀមស្ងាត់ដើម្បីសម្រួលស្ថានការណ៍ បែរជាទណ្ឌិត សម រង្ស៊ី និងបក្សពួករបស់គាត់ឯណោះវិញ គិតតែពីដុតកម្តៅស្ថានការណ៍ រហូតក្នុងគោលបំណងធ្វើម៉េចកុំអោយ កឹម សុខា រួចខ្លួន។ ហើយបើនិយាយអោយខ្លីងាយយល់ងាយចាំគឺ «សម រង្ស៊ី~កឹម សុខា មិនមែនមនុស្សតែមួយនោះទេ តែ សម រង្ស៊ី និង កឹម សុខា មានតែម្នាក់គត់ ~ មានស៊ី អត់ខា មានខា អត់ស៊ី»។ ប៉ុន្តែ លោក កឹម សុខាក៏ មិនចេះតែមិនឈ្លោះ មិនឆ្លើយ មិនឆ្លងនោះដែរ។

ជាក់ស្តែងកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ លោក កឹម សុខា ក៏បានវាយបកត្រង់ៗ ទៅទណ្ឌិត សម រង្ស៊ី ទោះដោយ មិនចំឈ្មោះក៏ដោយ ក៏បានអះអាងថា «ខ្លួនគាត់ កឹម សុខា មិនមែនជាអ្នកនយោបាយក្បាលមិនជាប់មេឃ ជើងមិនជាប់ដី ដូចអ្នកខ្លះនោះឡើយ»។

ទាំងខ្ញុំ និងប្រជាពលរដ្ឋទូទៅ ពិតជាដឹងច្បាស់ណាស់ថា អ្នកនយោបាយក្បាលមិនជាប់មេឃ ជើងមិនជាប់ដីនោះ គឺទណ្ឌិត សម រង្ស៊ី នេះឯង ពីព្រោះអ្នកនយោបាយរូបនេះ បានតែសម្តី តែពេលមានបញ្ហាអ្វីកើតឡើង គឺគាត់តែងតែរត់ផាស់ក្រញ៉ាំយករួចខ្លួន ដោយទុកឲ្យសកម្មជនអ្នកគាំទ្រទទួលទោសជំនួសជារៀងរហូតមក ដោយគ្មានការកែប្រែអ្វីឡើយ។ នេះហើយដែលគេហៅថា អ្នកនយោបាយក្បាលមិនជាប់មេឃ ជើងមិនជាប់ដី ដែលលោក កឹម សុខា ចង់សំដៅ។

សរុបមកវិញ អ្វីៗដែល ទណ្ឌិត សម រង្ស៊ី បានបង្ហោះក្នុងផេកផ្លូវការ និងការនិយាយអះអាងរបស់ខ្លួនតាមវិទ្យុ គឺពិតជាបានជួយពង្រឹងបន្ថែមទៀតនូវភស្តុតាងរបស់ដើមបណ្តឹង ក្នុងការដាក់បន្ទុកលើជនជាប់ចោទ កឹម សុខា បន្ថែមពីលើភស្តុតាង ដែលមានស្រាប់យ៉ាងសន្ធឹកសន្ធាប់។ ហើយគួបផ្សំជាមួយភស្តុតាងបន្ថែម ដែលផ្តល់ដោយទណ្ឌិត សម រង្ស៊ីនេះ ខ្ញុំជឿជាក់ថា លោក កឹម សុខា ប្រាកដជារើខ្លួនមិនរួចនោះឡើយ ទោះជាគាត់ខិតខំដោះបន្ទុកយ៉ាងណាក៏ដោយ ពីព្រោះនៅពេលលោក កឹម សុខា ខំប្រឹងរើ គឺទណ្ឌិត សម រង្ស៊ី ក៏ខំប្រឹងរឹត មិនឲ្យលោក កឹម សុខា រើខ្លួនបាននោះឡើយ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com