ទិវា ៨ឧសភា ឆ្នាំនេះនឹងប្រារព្ធឡើងក្រោមប្រធានបទ «ខ្ញុំស្រឡាញ់សន្តិភាព,ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា»

(ភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២០ លោកជំទាវ ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានអនុគណៈកម្មការ ខ្លឹមសារ ឯកសារ ពិព័រណ៌និងផ្សព្វផ្សាយ បានដឹកនាំ កិច្ចប្រជុំលើកទី១ នៃអនុគណៈកម្មការទី ១ ដើម្បីពិភាក្សាលើខ្លឹមសារ ផែនការអនុវត្តរបស់អនុគណ:កម្មការទី១ និងទិសដៅការងារបន្តរបស់ក្រុមនីមួយៗ ដើម្បីឈានឆ្ពោះការរៀបចំខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០ ដែលនឹងចូលមកដល់ក្នុងពេលខាងមុខ។

ក្នុងកិច្ចប្រជុំបានសម្រេចកំណត់យកប្រធានបទសម្រាប់អបអរសាទរទិវា ៨ ឧសភា ឆ្នាំ២០២០នេះ គឺ «ខ្ញុំ ❤ សន្តិភាព ខ្ញុំ ❤ កាកបាទក្រហមកម្ពុជា » ។

ជាមួយគ្នានេះ លោកជំទាវ ឃួន សុដារី បានផ្តល់នូវគោលគំនិតក្នុងការងាររៀបចំផលិត ឬបោះពុម្ពឯកសារសំខាន់ៗដូចជា សេចក្តីប្រកាសព័ត៌មាន ពាក្យស្លោក ទស្សនាវដ្តី បណ្ណប្រកាស ការចងក្រងផលិតឯកសារផ្សេងៗ។

សូមរំលឹកថា ក្នុងពិធីអបអរសាទរខួបលើកទី១៥៦ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា កាលពីឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងមូល ចាប់ពីថ្នាក់ដឹកនាំ មន្ត្រីរាជការ រហូតដល់ប្រជាពលរដ្ឋមូលដ្ឋាន សូមរួមគ្នាជាមួយសប្បុរសជនទាំងអស់ បរិច្ចាគនូវធនធានជួយទ្រទ្រង់ដល់កាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ ប្រជាពលរដ្ឋរងគ្រោះ និងជនងាយរងគ្រោះទាំងឡាយ៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង