អភិបាលខេត្តកំពតបញ្ជាឲ្យគ្រឿងចក្រកាយដីដែលរំលោភព្រៃកោងកាងក្នុងស្រុកទឹកឈូចេញវិញភ្លាមៗ ក្រោយចុះពិនិត្យដោយផ្ទាល់

(កំពត) ៖ នៅរសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពត ដែលដឹកនាំដោយ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត កំពត រួមជាមួយ ឯកឧត្តម ឃុន សាវឿន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុករដ្ឋបាលជលផល បានចុះពិនិត្យទីតាំងជាក់ស្តែង ក្នុងករណីចាក់ដីរំលោភចូលព្រៃកោងកាង នៅឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។

បន្ទាប់ពីចុះពិនិត្យរួចរាល់នោះ អភិបាលខេត្តកំពត ឯកឧត្តម ជាវ តាយ បានបញ្ជាឲ្យគ្រឿងចក្រកាយដី ដែលរំលោភ ព្រៃកោងកាង នៅទីតាំងខាងលើ ចេញវិញភ្លាមៗតែម្តង។

ឯកឧត្តម ជាវ តាយ បានលើកបញ្ជាក់ថា អ្វីដែលជាកង្វល់របស់ប្រជាពលរដ្ឋក្នុងសហគមន៍គឺជាកង្វល់របស់រាជរដ្ឋាភិបាល។ ដូច្នេះរដ្ឋបាលខេត្តគ្មានអ្វីដែលទុកបណ្ដោយឲ្យការរំលោភបំពានណាមួយ ដែលផ្ទុយនឹងការអនុវត្តច្បាប់នោះទេ។ ជាលទ្ធផល រួមមាន៖
-ក្រុមហ៊ុនត្រូវផ្អាកធ្វើសកម្មភាពចាក់ដី។
-ក្រុមហ៊ុនត្រូវកាយដី ដែលចាក់ចូលសមុទ្រ ចេញវិញជាបន្ទាន់។

សូមរំលឹកថា នៅក្នុងពិធីបើបុណ្យសមុទ្រលើកទី៨ ក្នុងជុំទីពីរ ដែលប្រារព្ធធ្វើឡើងនៅក្នុងខេត្តកំពត កាលពីចុងឆ្នាំ ២០១៩ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ភារកិច្ចការពារឆ្នេរនិងធនធានធម្មជាតិតំបន់ឆ្នេរ គឺជាភារកិច្ចរបស់ អភិបាលខេត្តនៃខេត្តអាណាព្យាបាលនីមួយៗដោយផ្ទាល់ ហើយសម្តេចតេជោ ហ៊ុន សែន បានព្រមានធ្ងន់ៗថា ប្រសិនបើជារកឃើញថា មន្ត្រីរូបណាពាក់ព័ន្ធនឹងការចាក់ដីចូលសមុទ្រ និងទន្ទា្រនកាន់កាប់ព្រៃកោងកាង ដោយខុសច្បាប់ នោះគឺនឹងត្រូវបណ្តេញចេញពីក្របខណ្ឌ៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង