សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ចុះសួរសុខទុក្ខ​កងវិស្វកម្ម លេខ ១៧៨ ស្ថាបនា​ផ្លូវ​ក្រុងព្រះសីហនុ​

(ខេត្តព្រះសីហនុ)៖ កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២០ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ រួមជាមួយ​ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ( គ​.​អ​.​ឆ​.​ក ) អមដំណើរ​ដោយ​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ព្រមជាមួយ​ឯកឧត្តម អស់លោក លោកស្រី សមាជិក​គណៈកម្មាធិកា​រ​ជាតិ គ​.​អ​.​ឆ​.​ក នាយទាហាន មន្ត្រី​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ បាន​អញ្ជើញ ជួប​សំណេះសំណាល សាកសួរ​សុខទុក្ខ​ជាមួយ​នាយទាហាន នាយទាហានរង និង​ពលទាហាន កងវិស្វកម្ម​លេខ​១៧៨ ស្ពាន​-​ថ្នល់ នាយកដ្ឋាន​វិស្វកម្ម ក្រសួងការពារជាតិ ដែល​កំពង់​បំពេញភារកិច្ច​ស្ថាបនា​ផ្លូវថ្នល់​នៅ​ក្រុងព្រះសីហនុ ដឹកនាំ​ដោយ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក សឿន រឿ​ត ទីប្រឹក្សា​សម្តេច​ពិជ័យ​សេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង ជា​នាយករង​នាយកដ្ឋាន​វិស្វកម្ម​ក្រសួងការពារជាតិ​។​

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក សឿន រឿ​ត មេបញ្ជាការ​កងវិស្វកម្ម​លេខ​១៧៨ ស្ពាន​-​ថ្នល់ បាន​រាយការណ៍​ជូន​អង្គប្រជុំ​​ថា ​អនុវត្តតាម​ផែនការ​របស់​រាជរដ្ឋាភិបាល គណៈកម្មាធិការ​ជាតិ គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា បានប្រគល់​ភារកិច្ច​ជូន​កងវិស្វកម្ម​លេខ​១៧៨ ស្ពាន​-​ថ្នល់ ស្ថាបនា​វិថី​ឯករាជ្យ​លេខ​១០០ ចំនួន​៤​កំណាត់ ប្រវែង​សរុប ៥ ៣៦៥​ម៉ែត្រ ដែលមាន​ទទឹងផ្លូវ​៤០​ម៉ែត្រ “​កំណាត់​ទី​១” ៥០​ម៉ែត្រ “​កំណាត់​ទី​២” និង​២៦​ម៉ែត្រ “​កំណាត់​ទី​៣ និង​ទី​៤” បានចាប់ផ្តើម​ដំណើរការ ចាប់តាំងពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៩ ។​

​ជាមួយគ្នានេះ គណៈកម្មាធិការ​អន្តរក្រសួង មាន​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ និង​ក្រសួង​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ក៏បាន​ប្រគល់​ភារកិច្ច​ជូន​កងវិស្វកម្ម ស្ថាបនា​ផ្លូវ​ក្រុង ចំនួន​៨​ខ្សែ​ថែមទៀត រួមមាន លេខ​៨២១ លេខ​៨២៣ លេខ​៨២៧ លេខ​២០៩ លេខ​៨១៤ លេខ​១០៣ លេខ​១៤៣ និង​លេខ​១ ០៨៣ សរុប​ប្រវែង ៨ ៦៩០​ម៉ែត្រ ដែល​នឹង​ចាប់ដំណើរការ​ក្នុងពេល​ដ៏​ឆាប់​ខាងមុខនេះ ។​

​ដើម្បី​អនុវត្ត​គម្រោង​ទាំង​៩ ដែល​គណៈកម្មាធិការ​ជាតិ គ​.​អ​.​ឆ​.​ក ប្រគល់ជូន​កងវិស្វកម្ម​លេខ​១៧៨ ស្ពាន​-​ថ្នល់ បានរៀបចំ​ទីតាំង​ឈរជើង​របស់​ទីបញ្ជាការ​មួយកន្លែង មាន​ទំហំ​១​ហិកតា ស្ថិតនៅ​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ដើម្បី​រៀបចំ​ទីកន្លែង​បំពេញការងារ​ប្រចាំថ្ងៃ ការ​ស្នាក់នៅ ការ​ទុកដាក់​ឧបករណ៍ សម្ភារៈ មធ្យោបាយ រថយន្ត និង​គ្រឿងចក្រ​គ្រប់​ប្រភេទ ។ នៅក្នុង​ការបំពេញ​បេសកកម្ម​នេះ កងវិស្វកម្ម បាន​ប្រើប្រាស់ កម្លាំង​ចំនួន​១៨៥​រូប ដោយ​ចែកចេញជា​៣​ថ្នាក់ “១”​ថ្នាក់​បញ្ជាការ រួមមាន​ដឹកនាំ​បញ្ជា និង ហិរញ្ញវត្ថុ “២”​ថ្នាក់​ប្រតិបត្តិការ “​ផ្នែក​បច្ចេកទេស​ស្ថាបនា ផ្នែក​ផ្គត់ផ្គង់ ផ្នែក​សន្តិសុខ សុវត្ថិភាព ផ្នែក​លូ ផ្នែក​បេតុង​” និង​“៣”​ថ្នាក់​ជំនាញ​“​វិស្វករ​បច្ចេកទេស ប្រតិទិន​ពិសោធន៍ ក្រុមបច្ចេកទេស​វាស់​ស្ទង់ ក្រុម​ជាង​ជួសជុល ក្រុម​រថយន្ត​ដឹកជញ្ជូន ក្រុម​ត្រួតពិនិត្យ សម្ភារៈ ឃ្លាំង និង​ក្រុម​សន្តិសុខ សណ្តាប់ធ្នាប់​នៅ​ការដ្ឋាន ។

​ជាមួយគ្នានេះ កងវិស្វកម្ម​បាន​ប្រើប្រាស់​មធ្យោបាយ គ្រឿងចក្រ​គ្រប់​ប្រភេទ ចំនួន​៧៣​គ្រឿង រួមមាន គ្រឿងចក្រ​កៀ​កិន​, អ៊ិ​ច​ស្កា​វា​ទ័​រ អ៊ិ​ច​ស្កា​វា​ទ័​របុក​បេតុង​-​ថ្ម​, គ្រឿងចក្រ​រុញ​ដី​, កិន​បង្ហាប់​, ចូកដី​-​ថ្ម កង់​កៅស៊ូ​, រថយន្ត​ក្រឡុក​បេតុង​, បាញ់​បេតុង​, ដឹក​ដី​-​ថ្ម​, ដឹក​ប្រេង​, ទឹក ព្រមទាំង​គ្រឿងចក្រ និង​រថយន្ត​មួយចំនួនទៀត ។

​នៅក្នុង​ពិធី​សំណេះសំណាល​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​មានប្រសាសន៍ថា អនុវត្តតាម​បទបញ្ជា​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ នាយករដ្ឋមន្ត្រី ដែលមាន​ចក្ខុវិស័យ​វែងឆ្ងាយ​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​រីកចម្រើន ប្រកបដោយ​កិត្តិ​បណ្ឌិត​ឈ្លាសវៃ ពិសេស​សំដៅ​ប្រែក្លាយ​ក្រុងព្រះសីហនុ​ទៅជា​ក្រុង​ទំនើប​ឲ្យ​មាន​សោ​ភណ្ឌ​ភាព បរិស្ថាន​ល្អ សម្រាប់​ការរស់នៅ ទេសចរណ៍ និង​ធុរកិច្ច ទើប​យើងទាំងអស់គ្នា​មាន​ភារកិច្ច​បំពេញបេសកកម្ម​នៅទីនេះ​។

​ក្នុងនាមក្រសួងការពារជាតិ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដែលមាន​ទំនុកចិត្ត​លើ​កងវិស្វកម្ម​លេខ​១៧៨​ស្ពាន​-​ថ្នល់ នាយកដ្ឋាន​វិស្វកម្ម ក្រសួងការពារជាតិ

​តាមរយៈ​ការប្រគល់​ភារកិច្ច​ចូលរួម​អនុវត្ត​អភិវឌ្ឍ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ក្រុង ក្នុង​ខេត្ត​ព្រះសីហនុ​យើង​នេះ ។ ទន្ទឹមនឹងនេះ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ សម្តែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​នាយទាហាន និង​ពលទាហាន នៃ​កងវិស្វកម្ម​លេខ​១៧៨​ស្ពាន​-​ថ្នល់ ដែល​បាន​យកចិត្តទុកដាក់​អស់ពី​កម្លាំងកាយ​ចិត្ត ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ បំពេញបេសកកម្ម​ជា​ប្រវត្តិសាស្ត្រ ដែល​រាជរដ្ឋាភិបាល​ប្រគល់ជូន​នាពេលនេះ ។ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បានផ្តល់​អនុសាសន៍​ណែនាំ ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន កងវិស្វកម្ម​លេខ​១៧៨ ស្ពាន​-​ថ្នល់ ត្រូវអនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​វិន័យ​កងទ័ព និង​ត្រូវខិតខំ​ប្រឹងប្រែង​ពង្រឹងសមត្ថភាព​គ្រប់ផ្នែក គ្រប់​វិស័យ ទាំង​លក្ខណៈ​បច្ចេកទេស ទាំង​វិន័យ ដើម្បី​សម្រេច​ជោគជ័យ​តាម​ការ​ទំនុកចិត្ត​របស់​រាជរ​ដ្ឋា​ភិ​បាល និង​ជាការ​លើកកម្ពស់​កិត្តិយស កេរ្តិ៍ឈ្មោះ​កងយោធពល​ខេមរភូមិន្ទ ប្រកបដោយ​សមត្ថភាព​វិជ្ជាជីវៈ​លើ វិស័យ​វិស្វកម្ម​នេះ ។

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ អរគុណ​ចំពោះ ឯកឧត្តម ជា សុផារ៉ា ប្រធាន​គណៈកម្មាធិការ​ជាតិ គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា និង ឯកឧត្តម អស់លោក លោកស្រី មន្ត្រី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដែលមាន​ទំនុកចិត្ត​មកលើ​កងវិស្វកម្ម ក្រសួងការពារជាតិ ក្នុងការ​អនុញ្ញាត​ឲ្យ​ចូលរួម​អនុវត្ត​អភិវឌ្ឍ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្រុង ក្នុង​ខេត្ត​ព្រះសីហនុ យើង​នេះ ។​

​សម្តេច​ពិជ័យ​សេនា បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ រដ្ឋបាល​មូលដ្ឋាន ស្ថាប័ន​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​សហការ និង​សម្របសម្រួល​ការងារ​គ្រប់បែបយ៉ាង ធ្វើ​ឲ្យ​កងវិស្វកម្ម​បំពេញបេសកកម្ម​របស់​ខ្លួន​នាពេល​កន្លងមក​ដំណើរការបាន​រលូន និង​ជោគជ័យ ។ ជាមួយគ្នានេះ​សម្តេច​ពិជ័យ​សេនា បានស្នើ​ឯកឧត្តម គួច ចំរើន ជួយ​បង្កលក្ខណៈ​ងាយស្រួល និង​ពិនិត្យ​លទ្ធភាព​ក្នុងការ​ផ្តល់​ទីតាំង​ជូន​កងវិស្វកម្ម​លេខ​១៧៨​ស្ពាន​-​ថ្នល់​បន្តទៀត ទៅតាម​សំណូមពរ​របស់ ឧ​ត្ត​ម​សេនីយ៍​ឯក សឿន រឿ​ត មេបញ្ជាការ ដែល​បានលើកឡើង ។

​ក្រោយពី​ពិធី​សំណេះសំណាល សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ព្រមទាំង​គណៈកម្មាធិកា​រ​ជាតិ គ​អ​ឆក ក៏បាន​ចុះ​ពិនិត្យ​សង្វាក់​ផលិតកម្ម​បេតុង​ចេញ​ដោយ​អ្នកបច្ចេកទេស​កងវិស្វកម្ម និង​មានការ​ចូលរួម​ពិនិត្យ​រួម​ពី​ក្រុមការងារ​បច្ចេកទេស គ​អ​ឆក និង​មន្ទីរពិសោធន៍​ក្រសួង​សាធារណការ​។ ដោយមាន​ការស្នើសុំ​ពី​គណៈកម្មាធិការ​ជាតិ សម្តេច​ពិជ័យ​សេនា ក៏បាន​ចុះ​ពិនិត្យ​ការងារ​ស្ថាបនា​របស់​ក្រុមហ៊ុន​ទាំង ៦ និង​អង្គភាព​រដ្ឋ​ចំនួន ២ ដែល​កំពុង​ស្ថាបនា​ផ្លូវ ៣៤ ខ្សែ​នេះ​យ៉ាងសកម្ម​។

​ផ្តើម​ការចុះពិនិត្យ គណប្រតិភូ​បាន​ចុះ​ពិនិត្យ​វិថី​ឯករាជ្យ ដែល​កងវិស្វកម្ម​លេខ ១៧៨ កំពុង​បំពេញការងារ​ស្ថាបនា រួមមាន ការងារ​កៀ​កិន​ស្រទាប់​ថ្ម 4×6 និង​ស្រទាប់​ថ្ម M30 ដែលជា​ស្រទាប់​គ្រឹះ ការងារ​តម្លើង​លូ​មូល​និង​លូ​ប្រអប់​កាត់​ទទឹងផ្លូវ​ចំនួន ៤ កន្លែង ការងារ​ចាក់​បេតុង​ផ្លូវ និង​ការងារ​តម្លើង​លូ​បណ្តោយ​ផ្លូវ​ពីរ​ជួរ​មាន​លូទឹក​ភ្លៀង និង​ទឹក​កង្វក់ ព្រម​តាំង​ការ​វាយ​បំបែក​ថ្ម​ខាងក្រោម ដែលជា ឧបសគ្គ​ក្នុង​ការកាយ​តម្លើង​លូ​ផងដែរ​។ ទន្ទឹមនេះ ថ្នាក់ដឹកនាំ បាន​បន្ត​ពិនិត្យ​វឌ្ឍនភាព​ការងារ​ស្ថាបនា​ចំពោះ​ក្រុមហ៊ុន​ដទៃទៀត ដោយ​បញ្ចប់​ការងារ​ចុះ​ពិ​និត្យនៅ​រង្វង់​មូល​ឆ្នេរ​រាម​។​

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​មានប្រសាសន៍​បន្ថែមថា តាមរយៈ​ការជួប​ជុំគ្នា និង​ចុះ​ពិនិត្យ​ការដ្ឋាន​ស្ថាបនា​ផ្លូវ​នា​ថ្ងៃនេះ សម្តេច​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា គណៈកម្មាធិការ​ជាតិ គ​.​អ​.​ឆ​.​ក ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​រដ្ឋបាល​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​ទាំងអស់ នឹង​បន្ត​សហការ​ឲ្យ​កាន់តែ​ជិត​ស្នី​ទ្ធ​ថែមទៀត ដើម្បី​កងវិស្វកម្ម​បន្ត​បេសកកម្ម​របស់ខ្លួន ទទួលជោគជ័យ​ថ្មីៗ​ថែមទៀត តាម​ការប្រគល់​ភារកិច្ច​របស់​រាជរដ្ឋាភិបាល៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង