តើ​អ្វី​ជា​អាថ៌កំបាំង​ និង​ទំនាស់​ផលប្រយោជន៍ ​ក្នុង​សំណុំរឿង​ដីធ្លី​ នៅ​ខេត្តបន្ទាយមានជ័យ ​ដែល​ឈានដល់​ការធ្វើ​ទារុណកម្ម ​រហូត​ស្លាប់​មនុស្ស​?

(បន្ទាយមានជ័យ)៖ ក្នុងសំណុំរឿងដីធ្លីនៅខេត្តបន្ទាយមានជ័យ ដែលឈានដល់ការចាប់ខ្លួនមនុស្សជាក្រុម យកទៅឃុំឃាំង និងធ្វើទារុណកម្ម រហូតដល់ស្លាប់ ហាក់បង្កើតការសង្ស័យ ការបិទបាំង និងមានទំនាស់ផលប្រយោជន៍ក្នុងករណីនេះ។ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០នេះ ជនដៃដល់ ២នាក់ដែលជាមន្ត្រីអាវុធហត្ថខេត្ត ត្រូវបានចាប់ឃុំខ្លួន បន្ទាប់ពីមានបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

បណ្តឹងរបស់តំណាងប្រជាពលរដ្ឋពាក់ព័ន្ធក្នុងដំណើររឿងស្មុគស្មាញនេះ មានជនសមគំនិត ៦នាក់ ជាថ្នាក់ដឹកនាំកំពូលៗ ក្នុងខេត្តបន្ទាយមានជ័យ ក៏មានពាក់ព័ន្ធករណីដីធ្លី និងការចាប់ខ្លួនមនុស្សជាក្រុម ហើយធ្វើទារុណកម្មរហូតដល់ស្លាប់។ ទោះបីជារឿងនេះ ពិតឬមិនពិតយ៉ាងណា គេរង់ចាំមើលចំណាត់ការរបស់តុលាការខេត្តបន្ទាយមានជ័យ លើពាក្យបណ្តឹងរបស់តំណាងប្រជាពលរដ្ឋ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ និងអាចមានចំណាត់ការរដ្ឋបាលពីក្រសួងមហាផ្ទៃផងដែរ។

យោងតាមឯកសារពាក្យបណ្តឹង កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ប្រជាពលរដ្ឋ៣នាក់ ដែលអះអាងថា ជាតំណាងប្រជាពលរដ្ឋ ១៥០គ្រួសារ នៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានដាក់ពាក្យបណ្តឹងចូលតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ប្តឹងមនុស្ស៦នាក់ រួមទាំងចៅហ្វាយខេត្តផង ពីបទផ្សំគំនិតធ្វើមនុស្សឃាត និងប្រើអំពើហិង្សា។

ឈ្មោះមនុស្ស ៦នាក់ ដែលត្រូវប្រជាជនប្តឹងរួមមាន៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, លោកជំទាវ ចក់ ពួក អនុប្រធានសភាពាណិជ្ជកម្មបន្ទាយមានជ័យ, លោក យឿង គង់អនុប្រធានសភាពាណិជ្ជកម្មបន្ទាយមានជ័យ, លោក ជា ផល្លី ប្រធានរដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យ, លោក ព្រិម សាលី ប្រធានពន្ធដារខេត្តបន្ទាយមានជ័យ និងលោក បោន ប៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។

ក្នុងពាក្យបណ្តឹងតំណាងប្រជាពលរដ្ឋ បានលើកឡើងថា កាលពីថ្ងៃទី២៦-២៧ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត បានដឹកនាំកម្លាំងប្រដាប់អាវុធជាច្រើននាក់ ទៅឈូសឆាយ ដករោង ផ្ទះលំនៅឋានរបស់ពួកយើងខ្ញុំ ខ្ទេចខ្ទីអស់រលីងគ្មានសល់។ ដល់ថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០១៩ ប្រជាពលរដ្ឋបានមកតវ៉ានៅមុខសាលាខេត្ត ដើម្បីឲ្យចៅហ្វាយខេត្តដោះស្រាយ។ ស្រាប់តែចៅហ្វាយខេត្ត ឃប់ឃិតគ្នាជាប្រព័ន្ធ យកប៉េអឹម មកចាប់ពួកយើងខ្ញុំ៥នាក់ ថាជាមេខ្លោង នាំគ្នាទៅចាប់ដីស្ថានីយព្រៃឈើតាបែន II នៅឃុំស្លាក្រាម ឃុំសឹង ស្រុកអូរជ្រៅ និងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ហើយប្រើអំពើហិង្សា វាយធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរ រហូតដល់ស្លាប់ម្នាក់ គឺឈ្មោះ នុយ ស្រស់។ ដល់ថ្ងៃទី៣១ ខែដដែល បានយកពួកយើង ទៅដាក់ក្នុងពន្ធនាគារខេត្ត។ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ បានយកទៅមន្ទីរពេទ្យមង្គលបុរី។ ដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ យកពួកខ្ញុំ ទៅក្រៅឃុំ ពួកយើងខ្ញុំ មានជំងឺពីការវាយដំយ៉ាងធ្ងន់ធ្ងរ។ ខ្លះបាក់ធ្មេញ ខ្លះគ្រាំថ្លើម សួត។ ពាក្យបណ្តឹងសុំទារសងការខូចខាតនិងជំងឺចិត្ត ២០០,០០០ដុល្លារ (ម្ភៃម៉ឺនដុល្លារ)។

សូមរម្លឹកថា ពាក្យបណ្តឹងរបស់តំណាងប្រជាពលរដ្ឋខាងលើនេះ បានធ្វើឡើង ខណៈដែលកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ក្នុងពិធីជួបជុំជាមួយអ្នកសារព័ត៌មាន នៅកោះពេជ្រ ក្នុងរាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យស៊ើបអង្កេតករណីអ្នកជាប់ឃុំម្នាក់ក្នុងករណីខាងលើនេះដែលបានស្លាប់ដោយរងការធ្វើទារុណកម្ម។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសថា ក្នុងករណីស្រាវជ្រាវរកឃើញថា ជនរងគ្រោះ ដែលស្លាប់នោះ ពិតជារងការធ្វើទារុណកម្មមែន នោះអ្នកប្រព្រឹត្ត នឹងមិនអាចអត់អោនបានឡើយ ពោលគឺជនបង្កដាច់ខាត ត្រូវតែប្រឈមមុខច្បាប់។

ចំពោះករណីស្លាប់នេះ សាលាខេត្តបន្ទាយមានជ័យ ធ្លាប់បានចេញសេចក្តីបំភ្លឺ ដោយអះអាងថា ជនឈ្មោះ ទុយ ស្រស់ ស្លាប់ដោយសារបញ្ហាសុខភាពមិនល្អ និងញៀនស្រា ដាច់មិនបាន។ ការបំភ្លឺនេះហាក់ផ្ទុយនឹងស្ថានភាពសាកសពដែលមានស្នាមជាំនៅនឹងមុខ និងដងខ្លួន ដែលកើតពីអំពើទារុណកម្ម ដែលគេចោទថាបង្ករដោយមន្ត្រីអាវុធហត្ថ២រូប ហើយត្រូវបានចាប់ខ្លួនបញ្ជូនទៅតុលាការ ដែលមានឈ្មោះ ស ប៊ុនសឿង ជាមេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ និងឈ្មោះ ឆយ រដ្ឋនា ជាជំនួយការការិយល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។

តើសំណុំរឿងនេះ ចប់ត្រឹមចាប់ខ្លួន២នាក់ ស្លាប់១នាក់ និងឃុំខ្លួន៥នាក់? ទំនាស់ដីធ្លី ដែលសំដៅដល់ភាពជា ម្ចាស់កម្មសិទ្ធិ គួរចេះដោះស្រាយក្នុងកម្រិតរដ្ឋប្បវេណី ដើម្បីរកតាមផ្លូវច្បាប់ នរណាជាម្ចាស់ដីពិតប្រាកដ ដែលមិនគួរណាបណ្តែតបណ្តោយ ក្លាយជារឿងព្រហ្មទណ្ឌ ឈានទៅប្រើហិង្សាអជ្ញាសឹកយ៉ាងដូច្នេះឡើយ? តើអ្វីជាយុត្តិធម៌សង្គម និងរបៀបដោះស្រាយបញ្ហានៅក្នុងខេត្តបន្ទាយមានជ័យ ដែលគួរឲ្យប្រជាជនជឿទុកចិត្តបាន? ឬមួយបញ្ហានេះមានទំនាស់ផលប្រយោជន៍នៅពីក្រោយ?៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង