កីឡាករ កីឡាការិនីបារាំង ឈ្នះការប្រកួតរត់ចម្ងាយឆ្ងាយអង្គរ ១២៨គីឡូម៉ែត្រ

(សៀមរាប)៖ ការប្រកួតរត់ចម្ងាយឆ្ងាយអង្គរ លើកទី៥ (the 5th Angkor Ultra Trail) បានបញ្ចប់ដោយជោគជ័យ បន្ទាប់ដំណើរការប្រកួតតាំងពីព្រឹកថ្ងៃសៅរ៍កន្លងទៅនេះ។

សម្រាប់វិញ្ញាសាគោលក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ គឺរត់ចម្ងាយ ១២៨គីឡូម៉ែត្រ លេខ១ ផ្នែកបុរសបានទៅកីឡាករបារាំង Guillon Antoine ប្រើថេរវេលា ១២ម៉ោង ១២នាទី និង ៥៧វិនាទី, លេខ២ កីឡាករបារាំង Le Saux Christophe ប្រើថេរវេលា ១៣ម៉ោង ៤២នាទី និង ៣២នាទី ។ រីឯផ្នែកនារី លេខ១ បានទៅកីឡាការិនីបារាំង Messina Veronipue ប្រើថេរវេលា ១៧ម៉ោង ៣០នាទី និង ២៦វិនាទី ខណៈលេខ២ បានទៅកីឡាការិនីហុងកុង Cheng Yin Kwan ប្រើថេរវេលា ២០ម៉ោង ៤៤នាទី និង ៧វិនាទី ។

ដោយឡែកវិញ្ញាសារត់ ៦៤គីឡូម៉ែត្រផ្នែកបុរស លេខ១ បានទីកីឡាករបារាំង Dercourt Yohan ប្រើថេរវេលា ៥ម៉ោង ១៨នាទី និង ៤៩វិនាទី និងលេខ២ បានទៅកីឡាករចក្រភពអង់គ្លេស King Ali ប្រើថេរវេលា ៥ម៉ោង ៤៥នាទី និង ៤០វិនាទី ។ រីឯលេខ១ ផ្នែកនារី កីឡាការិនីបារាំង Corne Katell ប្រើថេរវេលា ៦ម៉ោង ៥៥នាទី និង ៣៨វិនាទី និងលេខ២ កីឡាការិនីចក្រភពអង់គ្លេស Washington Harri ប្រើថេរវេលា ៧ម៉ោង ២២នាទី និង ០៥វិនាទី ។

ចំពោះកីឡាការិនីកម្ពុជា ២រូប ដែលដណ្ដើមបានជ័យលាភីជូនជាតិ ក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ រួមមានកីឡាការិនី លី ណារី ដែលដណ្ដើមបានលេខ១ ផ្នែកនារី លើវិញ្ញាសារត់ចម្ងាយ ៤២គីឡូម៉ែត្រ ប្រើថេរវេលា ៤ម៉ោង ៥នាទី និង ១៥វិនាទី។ ម្នាក់ទៀត គឺកីឡាការិនីកូនកាត់ខ្មែរ-បារាំង ឡូរី ដែលដណ្ដើមបានលេខ១ ផ្នែកនារី លើវិញ្ញាសារត់ ៣២គីឡូម៉ែត្រ ដោយប្រើថេរវេលា ២ម៉ោង និង ៤២នាទី ។

សូមជម្រាបជូនថាការប្រកួតលើកទី៥នេះ មានកីឡាករ កីឡាការិនី ចូលរួមប្រកួតជាង ១២០០នាក់មកពី៤៤ប្រទេស៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង