NEWS UPDATED: តុលាការខេត្តបន្ទាយមានជ័យ ដាក់គុកមន្ត្រីកងរាជអាវុធហត្ថពីរនាក់ នៅក្នុងពន្ធនាគារខេត្ត ពាក់ព័ន្ធករណីធ្វើទារុណកម្មមនុស្សរហូតស្លាប់

(បន្ទាយមានជ័យ)៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០នេះ ចេញដីកាឃុំខ្លួនមន្ត្រីកងរាជអាវុធហត្ថពីរនាក់ នៅក្នុងពន្ធនាគារខេត្ត ពាក់ព័ន្ធករណីធ្វើទារុណកម្មរហូតធ្វើឲ្យបុរសម្នាក់ ស្លាប់នៅពេលជាប់ឃុំ។

មន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យពីររូបនេះ លោកវរសេនីយឯក ស ប៊ុនសឿង ជាមេបញ្ជារង និងលោកអនុសេនីយទោ ឆយ រដ្ឋនា ជាជំនួយការការិយាល័យគ្រឿងញៀន ត្រូវក្រុមសើបអង្កេតពិសេសរកឃើញថា មានជាប់ពាក់ព័ន្ធការស្លាប់របស់បុរស ឈ្មោះ ទុយ ស្រស់ ដែលត្រូវមន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចាប់ខ្លួន ក្នុងវិវាទដីធ្លី​​​។

យោងសេចក្តីប្រកាសរបស់សាលាដំបូងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា​​​ មន្ត្រីកងរាជអាវុធហត្ថពីររូបនេះ​​​ ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ចោទប្រកាន់ពីបទហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងហិង្សាដោយចេតនាស្ថានទម្ងន់ទោស ដោយសារមរណភាពនៃជនរងគ្រោះ តាមមាត្រា២១៨ និងមាត្រា២២៤ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជណាចក្រកម្ពុជា។

មន្ត្រីទាំងពីរនាក់ខាងលើនេះ ត្រូវកងអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១៩​​​ ខែមករា ឆ្នាំ២០២០នេះ បានសម្រេចបញ្ជូនខ្លួន​​​ ទៅតុលាការករណីធ្វើទារុណកម្មជនសង្ស័យម្នាក់ឲ្យស្លាប់ ពេលស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្ន។

វិធានការផ្លូវច្បាប់ចំពោះ មន្ត្រីប្រដាប់អាវុធខេត្តនេះ បន្ទាប់ពីសម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​អ្នកសារព័ត៌មាន​ជិត៦​ពាន់​នាក់ កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០ បានចេញបទ​បញ្ជា​ឲ្យ​ប្រធាន​សិទ្ធិមនុស្ស និង​កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្រាវជ្រាវ​ករណី​មានការ​លើកឡើងថា មាន​មនុស្ស​ស្លាប់ ក្នុង​ពន្ធនាគារ ដោយសារ​ការធ្វើ​ទារុណកម្ម នៅ​ខេត្តបន្ទាយមានជ័យ​។

លោក ទុយ ស្រស់ គឺជាតំណាង​ពលរដ្ឋ​មាន​ទំនាស់​​ដីធ្លី​នៅ​ភូមិ​ជ្រៃ ឃុំ​ចង្ហា ស្រុក​អូរជ្រៅ ខេត្តបន្ទាយ បាន​ស្លាប់​កាលពី​ថ្ងៃ​ទី០១ ខែមករា ឆ្នាំ២០២០ គឺ​ក្រោយ​ពេល​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយ​មាន​ជ័យ​ចាប់​ខ្លួនជាមួយប្រជាពលរដ្ឋ៣នាក់ទៀត រួចយកទៅដាក់ក្នុងកន្លែងឃុំឃាំង​របស់ទីបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ ចាប់​ពី​ថ្ងៃ​ទី២៨ ដល់​ថ្ងៃ​ទី៣១ ខែ​ធ្នូ ឆ្នាំ២០១៩ ក្រោយមកត្រូវបានបញ្ជូន​បន្ត​ទៅ​ដាក់គុកក្នុងពន្ធនាគារ​ខេត្ត ជាទីដែលលោកបានស្លាប់៕

SWIFT NEWS- ផាន់ អាណា

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង