លិខិតមិត្តអ្នកអាន៖ គណបក្សខ្មែរស្រឡាញ់ជាតិ កើតមិនទាន់គ្រប់ទឹកផង ចេះបំពានច្បាប់ទៅហើយ

(ភ្នំពេញ)៖ អតីតក្រុមប្រឆាំងមួយក្រុម ដែលបានផ្តាច់ខ្លួន ពីក្រុមអតីតបក្សសង្គ្រោះជាតិ ទើបតែបានទៅសុំក្រសួងមហាផ្ទៃបង្កើតគណបក្សប្រឆាំងមួយថ្មី ហើយក៏មិនទាន់ទទួលបាននូវនីតិសម្បទាខាងផ្លូវច្បាប់ផងនោះ បែរជាហ៊ានធ្វើសកម្មភាពនយោបាយបំពានច្បាប់ដោយគ្មានដឹងទិសតំបន់អ្វីទាំងអស់។

ដូច្នេះ គេអាចហៅគណបក្សនេះថា ជាគណបក្សមិនគ្រប់ទឹកទើបសម ។ 

នេះពិតជាស្លឹកឈើជ្រុះមិនឆ្ងាយពីគល់មែន!។ មិនខុសពីអតីតគណបក្សប្រឆាំង ដែលបានរលាយនោះទេ ពួកក្រុមប្រឆាំងមិនញញើតក្នុងការរំលោភច្បាប់របស់ប្រទេសតាមទម្លាប់នោះឡើយ ហើយនៅពេលមានការចាត់វិធានការផ្លូវច្បាប់ដោយអាជ្ញាធរ ពួកគេនឹងស្រែកថា មានការរំលោភសិទ្ធិសេរីភាពខាងនយោបាយ។

គួររំឭកថា កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ ក្រសួង មហាផ្ទៃ គ្រាន់តែបានផ្តល់ភ្លើងខៀវយល់ព្រមឲ្យអតីតថ្នាក់ដឹកនាំមួយចំនួនរបស់អតីតគណបក្សប្រឆាំង ដែលទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញ ពួកគេនាំគ្នាបង្កើតគណបក្សថ្មីមួយ ឈ្មោះថា គណបក្សខ្មែរ ស្រឡាញ់ជាតិ ប៉ុន្តែ ក្រសួងមហាផ្ទៃបានតម្រូវឲ្យតំណាងគណបក្សនេះ ត្រូវរៀបចំបំពេញឯកសារ ដើម្បីចុះបញ្ជីឲ្យស្របតាមច្បាប់ ស្តីពីគណបក្សនយោបាយជាមុនសិន មុននឹងធ្វើសកម្មភាពផ្សេងៗ។

ប៉ុន្តែ គណបក្សមិនទាន់គ្រប់ទឹកមួយនេះ បានធ្វើសកម្មភាពរំលោភបំពានច្បាប់ ស្តីពីគណបក្សនយោបាយទាំងមិនទាន់បានចុះបញ្ជីនៅក្រសួងមហាផ្ទៃនៅឡើយផង។

កាលពីនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ គណបក្សខ្មែរស្រឡាញ់ជាតិ ដែលជាគណបក្សកើតមិនទាន់គ្រប់ទឹក បានចេញសេចក្តីថ្លែងការណ៍មួយ ទាមទារឲ្យតុលាការ ផ្តល់យុត្តិធម៌ដល់លោក កឹម សុខា ដែលជាអតីតប្រធាន បក្សរបស់ខ្លួន។ គណបក្សនេះ ពិតជាបានរំលោភលើសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ដោយហ៊ានប្រើប្រាស់រូបស្លាកសញ្ញា និងបាវចនាគណបក្សខ្មែរ ស្រឡាញ់ជាតិ នៅក្នុងសេចក្តីថ្លែងការណ៍ យ៉ាង ប្រញាប់ប្រញាល់របស់ខ្លួនទាំងមិនទាន់មានការអនុញ្ញាតជាផ្លូវការពីក្រសួងមហាផ្ទៃ។ 

ក្នុងនាមខ្ញុំជានិស្សិតច្បាប់ម្នាក់ ខ្ញុំយល់ថា ទង្វើនេះ គឺមិនត្រឹមតែជាគំរូដ៏អាក្រក់សម្រាប់ប្រជាជនរស់នៅក្នុងប្រទេសមួយ ដែលចង់បាននីតិរដ្ឋ ជាគ្រិះរបស់ជាតិតែប៉ុណ្ណោះទេ។

ក្នុងនាមខ្ញុំជានិស្សិតច្បាប់ម្នាក់ ខ្ញុំមើលឃើញថា អតីបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយចោល ក៏ដោយសារតែអតីតមេដឹកនាំ និងអតីតមន្ត្រីនៃអតីតបក្សប្រឆាំងនេះ ភាគច្រើនធ្វើតែសកម្មភាពរំលោភបំពាន ឬផ្គើននឹងច្បាប់ នាពេលកន្លងមក ប៉ុន្តែរហូតមកដល់ពេលនេះ អតីតមន្ត្រីបក្សប្រឆាំងដដែលទាំងនោះ នៅតែ ប្រកាន់ជំហរធ្វើសកម្មភាពរំលោភ និងផ្ទុយពីច្បាប់កំណត់ ដដែល។ ប្រហែលជាសកម្មភាពនេះ វាជាចរិតរបស់ក្រុមប្រឆាំង ដែលកែមិនឡើងដូចពាក្យចាស់បុរាណពោលថា៖ ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ ឬឆ្នាំងណាគម្របហ្នឹងមែន។

ដូច្នេះ បានជាគ្រាន់តែតុលាការទើបតែចាប់ដំណើរការរឿងក្តីសោះ គណបក្សនេះក៏ហ៊ានចេញសេចក្តីថ្លែងការណ៍ច្រងេងច្រងាង ស្វែងរកយុត្តិធម៌ឲ្យលោក កឹម សុខា ទាំងទទឹងទិស។

ខ្ញុំនៅចាំបានថា សមាសភាពមេដឹកនាំបក្សខ្មែរស្រឡាញ់ ជាតិនេះ គឺសុទ្ធតែជាអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ និងជាអតីតតំណាងរាស្ត្រ ដែលមាននិន្នាការនិយមខាងលោក កឹម សុខា ដូចជាលោក ជីវ កត្តា, លោក ស៊ឹម សុវណ្ណនី និងលោក កង គឹមហាក់ ជាដើម។

ដូច្នេះ បើទោះបីជាគណបក្សថ្មី ដែលគ្រោងនឹងបង្កើត មិនទាន់ទទួលបានភាពស្របច្បាប់ក៏ដោយ ក៏ក្រុមនេះគឃ្លើនប្រឆាំងនឹងច្បាប់ ហ៊ានចេញសេចក្តីថ្លែងការណ៍ ទាំងបំពានដើម្បីការពារ និងគាំទ្រលោក កឹម សុខា ដែរ។ ដូច្នេះ ខ្ញុំអាចនិយាយបានថា អតីតក្រុមប្រឆាំង ដែលបង្កើតបក្សថ្មីនេះ គឺជាពូជផ្លែល្វា ដែលល្អតែសម្បកក្រៅ តែការពិត គឺជាបក្សរំលោភបំពានច្បាប់យ៉ាងកម្រោលយកគំរូតាមគណបក្ស ដែលតុលាការបានរំលាយចោលយ៉ាងជាក់ច្បាស់។

ជាការឆ្លុះបញ្ចាំងមកវិញ ប្រជាពលរដ្ឋអាចវាយតម្លៃបានថា គណបក្សខ្មែរស្រឡាញ់ជាតិ ដែលធ្លាប់បានអះអាង និងតាំងខ្លួនឯងថា ជាគណបក្សប្រឆាំងថ្មីនៅកម្ពុជា ជាគណបក្ស ដែលគោរពច្បាប់ អាចស្វែងរកយុត្តិធម៌ និងលទ្ធិប្រជាធិបតេយ្យពិតៗ ជូនប្រជាពលរដ្ឋ! ប៉ុន្តែ នៅពេលខ្លួនមិនទាន់មានសិទ្ធិស្របច្បាប់ដើម្បីធ្វើសកម្មភាពផងនោះ បែរជាមិនគោរពច្បាប់ បំពានច្បាប់ទាំងកម្រោល តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួនបែបនេះ។ តើឲ្យប្រជាពលរដ្ឋទុកចិត្ត និងគាំទ្រយ៉ាងម៉េចទៅ?

ទោះជាយ៉ាងណា ប្រទេសត្រូវមានច្បាប់ គ្រួសាក៏ត្រូវតែមានវិន័យ។ គ្រប់គណបក្សនយោបាយត្រូវធ្វើសកម្មភាពស្របតាមច្បាប់ ស្តីពីគណបក្សនយោបាយ៕

ដោយ៖ និស្សិតសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច


appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com