លោក ពេជ្រ ស្រស់ ប្រកាស​ដាក់​មេធាវី ប្តឹង​ក្មេងស្រី​ទំនើង ៤​នាក់ ដែល​ព្រួត​គ្នា​វាយ​ក្មេងស្រី​សិស្ស​វិទ្យាល័យ ផ្សារ​ដើមថ្កូវ ម្នាក់ បន្ទាប់ពី​ប៉ូលិស​ដោះលែង​!

(ភ្នំពេញ)៖ នៅព្រលប់ថ្ងៃទី១៧ ខែមករានេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានប្រកាសដាក់មេធាវីរបស់លោក ដើម្បីប្តឹងក្មេងស្រីទំនើង ៤នាក់ ដែលបានព្រួតគ្នាវាយក្មេងស្រីសិស្សវិទ្យាល័យ ផ្សារដើមថ្កូវ ម្នាក់។ ការប្រកាសដូច្នេះ បន្ទាប់ពីមានការសម្របសម្រួលដោះស្រាយដោយស្ងាត់ៗ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧មករានេះ ដោយក្រុមក្មេងស្រីទំនើងទាំង ៤នាក់ បានបង់លុយ ២០០០ ដុល្លារ ដល់ក្រុមគ្រួសារក្មេងស្រីរងគ្រោះ ដើម្បីបញ្ចប់រឿង ហើយប៉ូលិសក៏បានដោះលែងក្មេងស្រីទាំងនោះ។

លោក ពេជ្រ ស្រស់ បានបញ្ជាក់ថា «ខ្ញុំនឹងដាក់មេធាវីរបស់ខ្ញុំ ប្តឹងក្មេង ទំនើង ៤នាក់ ប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌទៅតុលាការ ដោយមិនអាចយកលុយ មកបញ្ចប់រឿងបានទេ បើពុំនោះទេ នឹងកើតក្មេងទំនើងពេញស្រុកខ្មែរ មិនខានឡើយ។ ច្បាប់គឺជាច្បាប់ ច្បាប់សម្រាប់មនុស្ស មិនគ្រប់អាយុ ក៏មានចែងដែរ។ បញ្ជាក់ មិនមែនខ្ញុំឈ្លោះជាមួយក្មេងទេ ប៉ុន្តែត្រូវតែពង្រឹងច្បាប់ គឺដើម្បីថែរក្សានូវសណ្តាប់ធ្នាប់សង្គម»។

នៅព្រលប់ថ្ងៃទី១៧ ខែមករានេះ បន្ទាប់ពីដោះស្រាយរួចរាល់ នៅមុខប៉ូលិស កាលពីថ្ងៃ ក្នុងរឿងក្រុមក្មេងស្រីទំនើង ៤នាក់ បានព្រួតគ្នាវាយលើក្មេងស្រីរងគ្រោះម្នាក់ នៅក្នុងថ្នាក់រៀន នៅវិទ្យាល័យ ផ្សារដើមថ្កូវ រួចមក ក៏ធ្លាយខ្លីបវិដេអូថ្មី ដែលក្រុមក្មេងស្រីទំនើងទាំង ៤នាក់ ដឹកនាំដោយឈ្មោះ អន បានវាយទាត់ធាក់យ៉ាងចាស់ដៃ លើក្មេងស្រីម្នាក់ទៀត នៅសួនច្បារ មុខវត្តបទុម។

នៅព្រលប់ថ្ងៃទី១៧មករានេះ ក្មេងស្រីរងគ្រោះ ឈ្មោះ មរតក អាយុ ១៤ឆ្នាំ បានរត់ចេញពីផ្ទះ ទៅរក K01 ដើម្បីឲ្យផ្សាយផ្ទាល់តាមហ្វេសប៊ុក ហើយនាងនៅតែភិតភ័យ និងបានលើកដៃសំពះ សូមសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជួយនាង ដោយនាងមិនហ៊ានទៅរៀនឡើយ។ ក្មេងស្រីរងគ្រោះ ទទូចឲ្យតុលាការ ចាត់ការតាមច្បាប់លើក្រុមក្មេងស្រីទំនើងទាំង ៤នាក់នោះ ព្រោះខ្លាចគេព្រួតវាយនាងទៀត។

សូមរម្លឹកថា វីដេអូខ្លីបខ្លីមួយ ដែលបង្ហាញពីសកម្មភាពក្មេងស្រីសិស្សសាលាមួយក្រុម បានព្រួតគ្នាវាយ ទាត់ធាក់សិស្សស្រីម្នាក់ ក្នុងថ្នាក់រៀន និងជេរប្រទេច នៅចំពោះមុខសិស្សជាច្រើនទៀត ត្រូវបានគេផ្សព្វផ្សាយ និងចែកចាយតាមហ្វេសប៊ុក នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។

តាម Facebook គេបានឃើញសារមហាជន ស្នើដល់អាជ្ញាធរសមត្ថកិច្ច ស្រាវជ្រាវ ចាប់ខ្លួនក្រុមក្មេងស្រីសិស្សសាលា ដែលបានព្រួតគ្នា វាយ ទាត់ធាក់ និងជេរប្រទេចសិស្សស្រីម្នាក់ នោះ យកទៅផ្តន្ទាទោសតាមច្បាប់។

កាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ សមត្ថកិច្ច បានស្រាវជ្រាវរកឃើញថា សកម្មភាពហិង្សា បង្កឡើងដោយសិស្សស្រីទាំងនោះ បានកើតឡើង នៅវិទ្យាល័យផ្សារដើមថ្កូវ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។ សមត្ថកិច្ចបានចាត់វិធានការលើករណីនេះ ដោយឃាត់ខ្លួនក្មេងស្រីសិស្សសាលាទាំង ៤នាក់ យកទៅអធិការនគរបាលខណ្ឌចំការមន មុននឹងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នេះ។

សមត្ថកិច្ច បានបញ្ជាក់ថា សកម្មភាពទាត់ធាក់ក្មេងស្រីម្នាក់នោះ បានកើតឡើង កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ហើយទើបត្រូវបានគេបង្ហោះផ្សព្វផ្សាយ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។

សមត្ថកិច្ច បានបញ្ជាក់ថា ក្មេងស្រីរងគ្រោះ ដែលត្រូវគេវាយទាត់ធាក់ រៀនថ្នាក់ទី៨ ឈ្មោះ ស្រ៊ុន កែវមរកត។ ចំណែកក្រុមជនបង្ក មានគ្នា ៤នាក់ រៀនថ្នាក់ទី៩ ម្នាក់ នៅវិទ្យាល័យផ្សារដើមថ្កូវ។ ក្មេងស្រីនោះ បានហៅបក្ខពួកពីខាងក្រៅវិទ្យាល័យ ចំនួន ៣នាក់ទៀត មកព្រួតគ្នា វាយលើក្មេងស្រីរងគ្រោះ។

សូមរម្លឹកថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ប៉ូលិសស្រុកមេសាង ខេត្តព្រៃវែង បានចាប់ក្មេងស្រីម្នាក់ ដែលបានស្ទាក់គំរាមលើក្រុមក្មេងស្រីរងគ្រោះ ៤នាក់ ដោយសារតែរឿងជិះម៉ូតូ មើលមុខ ឌឺដងដាក់គ្នា។ ការចាប់ខ្លួនក្មេងស្រី អាយុ ១៦ឆ្នាំ ជាសិស្សវិទ្យាល័យមេសាងនោះ បានកើតឡើងបន្ទាប់ពីមានការបង្ហោះខ្លីបវិដេអូតាមហ្វេសប៊ុក អំពីសកម្មភាព ដែលក្មេងស្រីទំនើងនោះ បានស្ទាក់គំរាមលើក្រុមក្មេងស្រីរងគ្រោះ នៅតាមផ្លូវ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង