ខណ្ឌដូនពេញ ទីក្រុង​តាខ្មៅ និង​ក្រុង​កំពត ទទួល​ជ័យលាភី ជាទី​ក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​

(​ភ្នំពេញ​)៖ ទីក្រុង​ឆ្នើម​ទាំង ៣ របស់​កម្ពុជា ដែល​ទទួលបាន​ជ័យលាភី ជាទី​ក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន ឆ្នាំ​២០២០-២០២២ រួមមាន​៖ ខណ្ឌដូនពេញ (​រាជធានី​ភ្នំពេញ​) ក្រុង​កំពត (​ខេត្តកំពត​) និង​ក្រុង​តាខ្មៅ (​ខេត្តកណ្តាល​)​។ ពិធី​ទទួល​ជ័យលាភី​នេះ បានធ្វើ​ឡើង ក្នុង​វេទិកា​ទេសចរណ៍​អាស៊ាន នៅ​រសៀល​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០ នៅ​រដ្ឋធានី​បង់​ដារ​សិរី​បេ​ហ្គា​វ៉ាន់ ប្រទេស​ប្រ៊ុយណេ​។​

​នេះ​ជា​មោទកភាព​ថ្មី​មួយទៀត សម្រាប់​ខណ្ឌដូនពេញ (​រាជធានី​ភ្នំពេញ​) ក្រុង​កំពត ( ខេត្តកំពត ) និង​ក្រុង​តាខ្មៅ ( ខេត្តកណ្តាល ) ដែល​បានទទួល​ជ័យលាភី​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​។

​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន បានប្រគល់​ពានរង្វាន់​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន ដល់ទី​ក្រុង​ទេសចរណ៍ ចំនួន ២១ នៅក្នុង​តំបន់​តំបន់​អាស៊ាន​។ ក្នុងនោះ កម្ពុជា​យើង មាន ៣ ទីក្រុង និង​ខណ្ឌ​។​

​ការទទួលបាន​ពានរង្វាន់​នេះ ដើម្បី​ពង្រឹង​ភាព​ទាក់ទាញ និង​បង្កើន​ភាព​ប្រកួតប្រជែង​របស់​ទីក្រុង​ទេសចរណ៍​អាស៊ាន ពង្រឹងគុណភាព​ផលិតផល និង​សេវាកម្ម​ទេសចរណ៍ នៅក្នុង​តាម​បណ្តា​ទីក្រុង​របស់​អាស៊ាន ក៏ដូចជា​ជំរុញ​ដល់​ការរៀបចំ​មជ្ឈដ្ឋាន​រស់​នៅ​របស់​ប្រជាពលរដ្ឋ​តាម​បណ្តា​ទីក្រុង​ឲ្យ​កាន់តែ​ប្រសើរឡើង ព្រមទាំង​ចូលរួម​យ៉ាង​មាន​ប្រសិទ្ធភាព​ដល់​ការអភិវឌ្ឍ​ទីក្រុង​ប្រកបដោយ​និរន្តរភាព​។​

​គួរ​បញ្ជាក់ថា ស្តង់ដា​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន ត្រូវបាន​ដឹកនាំ​រៀបចំ​ដោយ​ក្រសួងទេសចរណ៍​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត តាំងពី​ឆ្នាំ​២០១១ ដោយមាន​ការគាំទ្រ​ពី​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន ហើយ​ស្តង់ដា​នេះ​ត្រូវ​បានអនុម័ត និង​ដាក់​ឲ្យ​អនុវត្ត​ជា​ផ្លូវការ កាលពី​វេទិកា​ទេសចរណ៍​អាស៊ាន ឆ្នាំ​២០១៥​។ គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត បាន និង​កំពុង​ជំរុញ​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត ទាំង​នៅ​កម្រិត​ថ្នាក់ជាតិ និង​កម្រិត​តំបន់​អាស៊ាន សំដៅ​ចូលរួម​ដល់​ការ​ជម្រុញ​ការកសាង​ទីក្រុង​ឆ្លាត​វៃ (Smart City) នៅក្នុង​តំបន់​អាស៊ាន​។ នេះ​ឆ្លុះបញ្ចាំង​ពី​តួនាទី និង​ការចូលរួម​របស់​កម្ពុ​ជា​ក្នុង​តំបន់ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com