លិខិតមិត្តអ្នកអាន៖ ស្នៀតរបស់ក្រុមប្រឆាំង គឺពេលទឹកដល់ច្រមុះ ទើបស្រែករកកិច្ចសន្ទនា

(ភ្នំពេញ)៖ លើកណាក៏ដូចលើកណាដែរ ខ្ញុំកត់សម្គាល់ជាហូរហែមកថា គណបក្សប្រឆាំងជ្រុលនិយមនៅកម្ពុជា តែងប្រើស្នៀតដដែលៗ តាំងពីរាប់ទសវត្សរ៍មក ហើយក៏មិនដែលផ្លាស់ប្តូរនោះឡើយ។ ស្នៀតរបស់ក្រុមប្រឆាំងធ្លាប់អនុវត្តនោះ គឺបង្កហេតុ បង្កាត់ភ្លើង ចាក់សាំងលើភ្លើង រហូតក្លាយជាអគ្គិភ័យឆេះផ្ទះខ្លួនឯងអស់ ទ្រព្យសម្បត្តិក៏អស់ រីឯខ្លួនក៏ត្រូវបានសមត្ថកិច្ចចាប់ដាក់ពន្ធនាគារឲ្យទទួលទោស ទើបនាំគ្នានឹកនាបួងសួង អង្វរក ឲ្យមានការសន្ទនាដើម្បីស្វែងរកដំណោះស្រាយ។ និយាយតាមបែបផ្សេង គឺពេលទឹកដល់ច្រមុះទើបបន់ព្រះឲ្យជួយ។

រឿងចុងក្រោយដែលបញ្ជាក់ថា ក្រុមប្រឆាំងនេះនៅតែអនុវត្តវិធីចាស់គំរឹលដដែលនោះ គឺសំណុំរឿងលោក កឹម សុខា ដែលជាប់ចោទពីបទក្បត់ជាតិ និងជាទោសព្រហ្មទណ្ឌដ៏ធ្ងន់អាចថា រើខ្លួនមិនរួច ឥឡូវនេះ ពួកគេខំបង្វែទៅជារឿងនយោបាយ ហើយងាកមករកការសន្ទនាដើម្បីបញ្ចប់ទំនាស់ជាជាងការកាត់ទោសតាមផ្លូវតុលាការទៅវិញ។

ខ្ញុំនៅចាំបានថា លោក កឹម សុខា បាននិយាយយ៉ាងច្បាស់លាស់ពីផែនការសកម្មភាពរបស់ខ្លួនក្នុងការផ្តួលរំលំរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដោយមានបរទេសនៅពីក្រោយខ្នង។

លោក កឹម សុខា បានអះអាងយ៉ាងច្បាស់ និងដោយមោទនភាពថា «…គាត់មិនមែនចេះតែធ្វើអ្វីតាមគាត់នឹកឃើញ នោះទេ តែគាត់ត្រូវបានបរទេសបញ្ជាពីក្រោយខ្នង…។ ហើយផែនការផ្តួលរំលំរដ្ឋាភិបាលនេះទៀតសោតក៏ត្រូវបានរៀបចំដោយបរទេសអស់រយៈពេលជាយូរឆ្នាំមកហើយ»។

លោក កឹម សុខា បានបញ្ជាក់ដោយភាពជឿជាក់ថា បើរៀបចំល្អិតល្អន់ប៉ុណ្ណឹងហើយផ្តួលរំលំរដ្ឋាភិបាលមិនបានសម្រេចទៀតនោះ មិនដឹងធ្វើយ៉ាងម៉េចទៀតទេ?

ក្រៅពីផែនការតាមខ្សែញាក់របស់បរទេស លោក កឹម សុខា និងក្រុមប្រឆាំងរបស់ខ្លួនក៏បានធ្វើសកម្មភាពគឃ្លើនមិនខ្លាចច្បាប់ជាច្រើនទៀត ក្នុងដំណើរជីវិតនយោបាយរបស់ខ្លួន ដោយបានផ្លាស់ប្តូរខ្លួនពីអ្នកនយោបាយទៅជាប្រធានអង្គការសង្គមស៊ីវិល បន្ទាប់មកក៏ហក់ចូលនយោបាយវិញ។

លោក កឹម សុខា ក៏បានអះអាងយ៉ាងច្បាស់ថា ភាពបត់បែននេះ គឺសុទ្ធសឹងជាផែនការ ដែលរៀបចំដោយបរទេសទាំងអស់។ ទាំងនៅជាអ្នកនយោបាយ និងនៅជាប្រធានអង្គការសង្គមស៊ីវិល លោក កឹម សុខា បានតាំងខ្លួនជាអ្នកប្រឆាំងប្តូរផ្តាច់ម្នាក់ ដោយមិនញញើតកោតក្រែងនរណាទាំងអស់ សូម្បីតែច្បាប់ ព្រោះតែគាត់ត្រូវការភាពល្បីល្បាញដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីមហាជនសម្រាប់ធ្វើដើមទុននយោបាយ។

ខ្ញុំនៅចាំបានថា កាលពីនៅជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក កឹម សុខា បានធ្វើសកម្មភាព ក្រោមពាក្យស្លោកថា «បើមិនប្រថុយ គឺគ្មានការផ្លាស់ប្តូរទេ»។ ពាក្យស្លោកនេះជាការញុះញង់ផុសកំហឹងឲ្យប្រជាពលរដ្ឋងើបបះបោរប្រឆាំងរដ្ឋាភិបាល ក្រោមលេសថា ដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរ។

អ្នកនយោបាយកូនអុកបរទេសរូបនេះ ធ្លាប់បានប្រើប្រាស់វេទិកាសាធារណៈដើម្បីបញ្ឆេះកំហឹងពលរដ្ឋឲ្យស្អប់រដ្ឋាភិបាល។ ប៉ុន្តែ លទ្ធផលចុងក្រោយរបស់គណបក្សសិទ្ធិមនុស្ស ដែលជាមរតករបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានទទួលលទ្ធផលត្រឹម៣កៅអីតែប៉ុណ្ណោះ។

ដោយអស់តម្រិះក្នុងការតស៊ូនយោបាយ ព្រោះតែលទ្ធផលទទួលបានខុសឆ្ងាយពីការរំពឹងទុកពេក លោក កឹម សុខា ក៏ត្រូវបានបរទេសបញ្ជាឲ្យទៅចូលរួមជាមួយទណ្ឌិត សម រង្ស៊ី បង្កើតអតីតបក្សសង្គ្រោះជាតិ បើទោះបីជាអ្នកទាំងពីរនេះមានទស្សនៈខុសគ្នា ដូចទឹកនិងប្រេងក៏ដោយ។

ពេលអតីតបក្សប្រឆាំងបានកៅអីត្រឹម៥៥ ដែលមិនគ្រប់គ្រាន់ក្នុងការផ្លាស់ប្តូររដ្ឋាភិបាល លោក កឹម សុខា ក៏ត្រូវបានបរទេសប្រើឲ្យរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាលដោយប្រើប្រាស់ចលនាបដិវត្តន៍ពណ៌តាមលំនាំបដិវត្តន៍នៅយូហ្គោស្លាវី និងស៊ែប៊ី។ នេះហើយជាទោសក្បត់ជាតិយ៉ាងធ្ងន់ធ្ងរ ដែលលោក កឹម សុខា កំពុងប្រឈមមុខ។ ប៉ុន្តែដល់ពេលមានទោសធ្ងន់ អាចដឹងខ្លួនថា រើខ្លួនមិនរួច ក្រុមប្រឆាំងបាននាំគ្នានិយាយថា នោះជារឿងនយោបាយ និងសុំឲ្យមានការសន្ទនាតាមបែបនយោបាយដើម្បីដោះស្រាយក្រៅប្រព័ន្ធតុលាការ។

ខ្ញុំឆ្ងល់នឹងការលើកជាសំណួរសួរថា ពេលរៀបចំផែនការផ្តួលរំលំ តើលោក កឹម សុខា ឬក្រុមប្រឆាំងជ្រុលនិយម ទាំងឡាយមានគិតដល់ការសន្ទនាតាមផ្លូវនយោបាយឬទេ? ពេលកម្លាំងរបស់ខ្លួនកើនឡើង ពួកគេគិតតែនាំគ្នាធ្វើបាតុកម្ម និងកុប្បកម្មផ្តួលរំលំរដ្ឋាភិបាល។ តើម្តេចមិនគិតនិយាយពីការសន្ទនាផង? ពេលអតីតបក្សប្រឆាំងមិនទាន់រលំរលាយ ម្តេចក៏មិនគិតពីការសន្ទនាបង្រួបបង្រួមជាតិ។ ម្តេចក៏គិតតែញុះញង់បំបែកបំបាក់ដើម្បីផ្តួលរំលំរដ្ឋាភិបាល?

ដល់ពេលឥឡូវក្រោយពីដុតភ្លើង ថែមសាំងរហូតឆេះផ្ទះខ្លួនឯងអស់ ហើយខ្លួនត្រូវជាប់ចោទពីបទក្បត់ជាតិឃុបឃិតជាមួយបរទេសទៀត បែរជានាំគ្នានិយាយថា មានតែផ្លូវសន្ទនាខ្មែរ និងខ្មែរទេ ទើបអាចបញ្ចប់បញ្ហាខ្មែរបាន? ចុះពីមុនម្តេចមិនស្វែងរកការសន្ទនារវាងខ្មែរនិងខ្មែរ? ម្តេចក៏បែរជាទៅពឹងបរទេសឲ្យជួយបង្រៀនពីរបៀបផ្តួលរំលំខ្មែរគ្នាឯង ជាពិសេសការផ្តួលរំលំតាមគំរូនៅប្រទេសយូហ្គោស្លាវី និងស៊ែប៊ី។ ដូច្នេះសំណួរទាំងអស់នេះអាចឆ្លុះបញ្ចាំងបានយ៉ាងច្បាស់ថា ក្រុមប្រឆាំងជ្រុលនិយមមិនចោលក្បួនសម្តែងល្ខោន លេងប៉ាហ៊ី ឆ្ពិនភ្នែកគេឯងនោះឡើយ។

តាមពិតក្រុមប្រឆាំងនេះក៏មិនដែលគិតគូរដល់វប្បធម៌សន្ទនាអ្វីទេ គឺពួកគេគិតតែពីរកវិធីផ្តួលរំលំមួយមុខប៉ុណ្ណោះ។ តែដល់ពេលជាប់ចំណង អាចរើខ្លួនមិនរួចទើបស្រែករកការសន្ទនា។ បែបនេះគេហៅថា ពេលទឹកដល់ច្រមុះទើបរកព្រះជួយ។ ប៉ុន្តែ គ្មានព្រះណាអាចជួយមនុស្សពុតត្បុតពោរពេញដោយល្បិចកលបែបនេះបានឡើយ។

យ៉ាងណាមិញ អំពើដែលពួកគេបានសាងអាចនឹងឲ្យផលយ៉ាងសមស្របទៅពួកគេវិញហើយ។ ក្រុមអ្នកបំបែកបំបាក់ខ្មែរ កំពុងរងការបែកបាក់ខ្ទេចខ្ទីដោយខ្លួនឯង។ ក្រុមអ្នកសាងវប្បធម៌លាបពណ៌កំពុងត្រូវបានថ្នាំពណ៌កំពប់ប្រឡាក់ខ្លួនឯងវិញលាងមិនជ្រះឡើយ។ ក្រុមអ្នកចង់ផ្តួលរំលំគេ អាចនឹងទទួលទណ្ឌកម្មតាមរយៈទោសក្បត់ជាតិនៅឯតុលាការ។ នេះជាកម្មផលដែលពួកគេបានសាង។

រឿងផ្លូវច្បាប់ យើងត្រូវទុកឲ្យអ្នកច្បាប់ដោះស្រាយ ចំណែក រឿងនយោបាយ គឺជារឿងដោយឡែក ដែលមិនអាចឡូកឡំគ្នាបានឡើយ។ រឿងអាស្រូវរបស់អ្នកនយោបាយមិនមែនសុទ្ធតែជារឿងនយោបាយទេ។ តែបើអ្នកនយោបាយប្រព្រឹត្តខុសច្បាប់ គឺជារឿងផ្លូវច្បាប់។

ខ្ញុំយល់ថា សូមកុំព្យាយាមទាញរឿងច្បាប់ឲ្យទៅជារឿងនយោបាយឲ្យសោះ។ ពាក្យសន្ទនានយោបាយខ្មែរ និងខ្មែរដែលពួកគេកំពុងស្រែកទាមទារ ពេលនេះត្រូវបានក្រុមប្រឆាំងដដែលនេះសម្លាប់បាត់ទៅហើយ៕

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com