នាយករដ្ឋមន្ដ្រីម៉ាឡេស៊ី៖ សហរដ្ឋអាមេរិចក្ដោបក្ដាប់អំណាចយោធាដ៏មានឥទ្ធិពលបំផុត និងអាចលប់បំបាត់មនុស្សជាតិទាំងស្រុង

(ម៉ាឡេស៊ី)៖ លោក មហាធា ម៉ាហាម៉ាត់ នាយករដ្ឋមន្ដ្រីប្រទេសម៉ាឡេស៊ី បានបង្ហោះសារលើប្រព័ន្ធបណ្ដាញសង្គមហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ដោយបានធ្វើការក្រើនរំលឹកអំពីអំណាចយោធាដ៏មានឥទ្ធិពលបំផុតលើពិភពលោកស្ថិតក្រោមកណ្ដាប់ដៃរបស់សហរដ្ឋអាមេរិច និងបានលើកឡើងពីសង្គ្រាមនិងហេតុការណ៍មួយចំនួន ដែលមិនបានបម្រើដល់ប្រយោជន៍មនុស្សជាតិ ផ្ទុយទៅវិញបែរជាបន្សល់ទុកនូវសោកនាដកម្មក្នុងទំហំដ៏ធំធេង។

លោកនាយករដ្ឋមន្ត្រីបានបង្ហោះសារយ៉ាងដូច្នេះថា៖

«១- សហរដ្ឋអាមេរិក គឺជាមហាអំណាចដ៏ខ្លាំងក្លាបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ ពិតណាស់ ប្រទេសនេះជាប្រទេសដែលមានអំណាចយោធាដ៏មានឥទ្ធិពលបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ។ សហរដ្ឋអាមេរិច ក៏មានសមត្ថភាពលប់បំបាត់មនុស្សជាតិទាំងមូល ប្រសិនបើចង់។

២- ប៉ុន្តែជនជាតិអាមេរិកដាច់ខាតត្រូវតែចងចាំសង្គ្រាមវៀតណាម។ ប្រទេសមហាអំណាចដ៏ធំមួយ ដែលបានប្រើកងកម្លាំងយោធា បច្ចេកវិទ្យា និងប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់របស់ពួកគេ ត្រូវទទួលរងបរាជ័យក្រោមស្នាដៃទាហានជនជាតិវៀតណាម។

៣- ទាហានអាមេរិករាប់ម៉ឺននាក់បានស្លាប់។ មនុស្សជាច្រើនបានរងរបួសធ្ងន់ទាំងរាងកាយ និងសតិអារម្មណ៍។ ចំពោះការលះបង់ទាំងអស់នេះ តើអាមេរិកបានទទួលអ្វីខ្លះត្រលប់មកវិញ? គ្មានឡើយ! ពុំមានអ្វីបានមកដោយសន្តិវិធីឡើយ។

៤- ជនជាតិវៀតណាមបានប្រយុទ្ធ និងស្លាប់ដើម្បីប្រទេសរបស់ពួកគេ។ ស្មារតីជាតិនិយមដ៏មុតស្រួចរបស់ពួកគេ គឺពិតជាសមហេតុផលណាស់។ នេះក៏ជាស្មារតីរបស់ជាតិដទៃទៀត ដែលរងការវាយប្រហារដោយអាមេរិក ឬមហាអំណាចផ្សេងទៀតផងដែរ។ ការការពារ និងការលះបង់សម្រាប់ប្រទេសមួយ គឺត្រូវតែមានជានិច្ច។ ប៉ុន្តែ អ្នកដែលលះបង់ជីវិតក្នុងសង្គ្រាមឈ្លានពាន នឹងត្រូវស្លាប់ដោយឥតន័យ។

៥- គួរចងចាំករណីប្រទេសអ៊ីរ៉ាក់ផងដែរ។ ហេតុការណ៍ត្រូវបានគេសន្មត់ថានឹងបញ្ចប់ក្នុងរយៈពេលបីខែ។ ប៉ុន្តែ វាត្រូវបានអូសបន្លាយមករហូតដល់ ១៨ ឆ្នាំ។ មេដឹកនាំ សាដាម ហូស៊េន (Saddam Hussein) បានស្លាប់ ប៉ុន្ដែអ៊ីរ៉ាក់មានស្ថានភាពល្អប្រសើរជាងសម័យសាដាមមែនទេ? ខ្ញុំមិនគិតថាអំណាចផ្ដាច់ការគឺជារឿងត្រឹមត្រូវទេ។ ប៉ុន្តែប្រសិនបើលទ្ធិប្រជាធិបតេយ្យជាចម្លើយ ហើយការរំពឹងទុកថាលទ្ធិមួយនេះអាចជប់ចេញអភូតហេតុក្នុងរយៈពេលត្រឹមតែមួយយប់ គឺជារឿងដ៏ល្ងង់ខ្លៅ។

៦- មេបញ្ជាការយោធាអ៊ីរ៉ង់ឧត្តមសេនីយ៍ កាសេម សូឡីម៉ានី (Qasem Soleimani) ត្រូវបានគេធ្វើឃាតនៅអ៊ីរ៉ាក់ ដែលប្រជាជនក្នុងប្រទេសនេះ ក៏បានធ្វើការថ្កោលទោសការធ្វើឃាតលោក ចាម៉ាល់ ខាសូគី (Jamal Khashoggi) ផងដែរ។ តើមានភាពខុសគ្នារវាងការឃាត សូឡីម៉ានី និងខាសូគី ដែរឬទេ?

អគ្គិភ័យដែលកំពុងឆាបឆេះនៅព្រៃនៅអូស្រ្តាលី មិនមែនជាបញ្ហារបស់អូស្ត្រាលីតែឯងទេ។ វាប៉ះពាល់ដល់ពិភពលោកទាំងមូល។ វាគឺជាគ្រោះមហន្តរាយអន្តរជាតិ។ ពិភពលោកទាំងមូលគួរជួយអូស្រ្តាលីពន្លត់ភ្លើង។ ជាអកុសល សកម្មភាពនេះពុំបានលេចឡើងឡើយ៕»

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង