ឯកឧត្តម ហ៊ុន ម៉ាណែត៖ វត្តមានទំនិញដែលមានស្លាកយីហោ«ផលិតនៅកម្ពុជា/Made in Cambodia» លើទីផ្សារអន្តរជាតិ គឺជាមោទនភាពជាតិខ្មែរ

(កំពង់ស្ពឺ) ៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការរោងចក្រវេចខ្ចប់ កែច្នៃផលិត ផលផ្លែឈើស្រស់ ហ៊ីយុនដាយ ម៉ៅលីហ្គើស៊ី ក្នុងខេត្តកំពង់ស្ពឺ។

នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍កោតសរសើរចំពោះដំណើរការវិវឌ្ឍទៅមុខ របស់ក្រុមហ៊ុន ហ៊ីយុនដាយ ម៉ៅលីហ្គើស៊ី ដែលបន្ទាប់ពីការបើកការដ្ឋានសាងសង់មក ថ្ងៃនេះខ្សែសង្វាក់ផលិតកម្ម និងការរៀបចំហេដ្ឋានរចនាសម្ព័ន្ធនានា បានលេចចេញជារូបរាងឡើង ហើយក៏បានចាប់ផ្តើមផលិត និងធ្វើការនាំចេញ ផ្លែស្វាយស្រស់ទៅកាន់បរទេសផងដែរ និងសូមចូលរួមអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ចំពោះការ ទទួលបាននូវសមិទ្ធិផលរោងចក្រវេចខ្ចប់កែច្នៃផលិតផលផ្លែឈើស្រស់ដ៏ថ្មីសន្លាងមួយនេះ សម្រាប់ធ្វើការនាំចេញកសិផល ផ្លែឈើស្រស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

ឯកឧត្តម ហ៊ុន ម៉ាណែត បានចាត់ទុកសមិទ្ធិផលក្នុងរោងចក្រនេះថា ជាមោទនភាពជាតិរបស់យើងក្នុងនាមជាខែ្មរ ពីព្រោះការនាំចេញទៅកាន់ទីផ្សារអន្តរជាតិមានលក្ខខណ្ខតម្រូវស្តង់ដារខ្ពស់ ដូច្នេះការដែលយើងអាចជ្រៀតមុខទំនិញ កសិផលរបស់យើងចូលទៅក្នុងទីផ្សារទាំងនោះបាន គឺបានបញ្ជាក់អំពីសមត្ថភាពទំនិញរបស់យើងពិតជាពិសេស ស្តង់ដារគុណភាព និងសុវត្ថិភាព ដែលមានការទទួលស្គាល់ជាអន្តរជាតិ និងអាចបម្រើដល់តម្រូវការបស់ទីផ្សារពិភពលោក ចូលរួមចំណែកមួយផ្នែកក្នុងការលើកស្ទួយដល់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ តាមរយៈស្លាក យីហោដាក់ថា “ផលិតនៅកម្ពុជា (Made in Cambodia)” ។

ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏សូមកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម ក៏ដូចជាគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលចូលរួមជំរុញអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ហើយជ្រុងមួយទៀត គឺវិស័យកសិ-ឧស្សាហកម្ម ដែលមានអត្ថប្រយោជន៍ច្រើន ទាំងការបង្កើនការងារ និងការធានានូវតម្លៃរបស់ទិន្នផលកសិកម្ម ដើម្បីជួយដល់ប្រជាកសិករ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មានប្រសាសន៍បន្ថែមថា ការសហការវិនិយោគបណ្តាក់ទុនរួមគ្នារវាងវិនិយោគិនកម្ពុជា ជាមួយនឹងដៃគូធុរកិច្ចកូរ៉េ នៅក្នុងក្រុមហ៊ុនហ៊ីយុនដាយ ម៉ៅលីហ្គេស៊ី ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាល នៅក្នុងការជំរុញការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មក្នុងសន្ទុះ និងទំហំថ្មីមួយ ដើម្បីពង្រីក និងពង្រឹងមូលដ្ឋានកំណើនសេដ្ឋកិច្ចជាតិផង ព្រមទាំងបង្កើនល្បឿននៃការកាត់បន្ថយភាពក្រីក្រ និងលើកតម្កើងជីវភាពរស់នៅរបស់ប្រជាជនផង។ ទាំងអស់នេះ គឺជាការចូលរួមចំណែកពង្រឹងស្ថិរភាពនៃកំណើន សេដ្ឋកិច្ចខ្ពស់របស់កម្ពុជាក្នុងរយៈពេលជាង២០ឆ្នាំជាប់ៗគ្នាមកនេះ ឱ្យកាន់តែរឹងមាំ។ កំណើនបែបនេះ មិនមែនកើតទ្បើងដោយងាយស្រួលនោះទេ វាគឺជាលទ្ធផលនៃការបូកបញ្ចូលគ្នានៃកំណើនលើគ្រប់វិស័យទាំងអស់ ទាំងកម្រិតជីវភាពរស់នៅរបស់ប្រជាជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សង្គមស៊ីវិល និងវិស័យឯកជន។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្តថា ការចាប់ដៃគូធុរកិច្ចនេះ ក៏បានឆ្លុះបញ្ចាំងផងដែរអំពីកិច្ចសហប្រតិបតិ្តការទ្វេភាគី ដ៏ល្អប្រសើររវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលកិច្ចសហប្រតិបត្តិការទ្វេភាគីនេះកើតចេញមកអំពី ចក្ខុវិស័យច្បាស់លាស់ និងវែងឆ្ងាយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហើយក៏កំពុងមានភាពរឹងមាំកាន់តែខ្លាំងទ្បើងលើ គ្រប់វិស័យ ដែលពិតជាបានផ្តល់នូវភាពងាយស្រួល និងលទ្ធភាពកាន់តែខ្ពស់ដល់ធុរជន និងវិនិយោគិនកូរ៉េ ក្នុងការមកបណ្ដាក់ទុនវិនិយោគបន្ថែម និងធ្វើឲ្យប្រតិបត្ដិការអាជីវកម្មរបស់ពួកគេនៅកម្ពុជាកាន់តែរីកធំធាត់លូតលាស់ល្អ។

នាឱកាសនោះដែរ ឯកឧត្តម ហ៊ុន ម៉ាណែត បានអះអាងទៀតថា ចក្ខុវិស័យដ៏ច្បាស់លាស់ និងវែងឆ្ងាយរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បាននាំមកផងដែរនូវសន្តិភាព ដ៏ស្រស់បំព្រងដល់ដែនដីកម្ពុជា។ សន្តិភាព បានផ្តល់នូវសាធុកាពរដ៏ច្រើនអនេកមកដល់ជាតិ និងប្រជាជនកម្ពុជា ហើយអ្វីដែលយើងកំពុងឃើញជាក់ស្តែងនាពេលនេះ គឺឱកាសសម្រាប់កម្ពុជាក្នុងការទាញយកប្រយោជន៍ពីកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាមួយប្រទេស ជាដៃគូ ទាំងនៅក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។ មានតែសន្តិភាពទេ ដែលនាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ ដូចដែលយើងកំពុងមានសព្វថ្ងៃនេះ។ សូមអរគុណសន្តិភាព ដែលយើងមានសព្វថ្ងៃនេះ, សូមអរគុណអ្នករកសន្តិភាព និងសូមនាំគ្នាថែរក្សាកុំឱ្យបាត់បង់។ ការរួបរួមគ្នាថែរក្សា សន្តិភាពនេះ គឺត្រូវការការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ ទាំងប្រជាជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សង្គមស៊ីវិល និងវិស័យឯកជន ដើម្បីភាពរឹងមាំ និងស្ថិតស្ថេរយូរអង្វែង តទៅមុខ។ ឯកឧត្តម ហ៊ុន ម៉ាណែត បន្តថា ជាមួយនឹងការជួយគាំទ្រ ការលើកទឹកចិត្ត និងការបង្កលក្ខណៈងាយស្រួល គ្រប់បែបយ៉ាង ដែលផ្តល់ដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការដាក់ចេញនូវគោលនយោបាយ និងវិធានការណ៍ថ្មីៗ ជាច្រើនក្នុងរយៈកាលកន្លងមកនេះ ក្រុមហ៊ុនអាចនឹងបន្តរីកចម្រើនកាន់តែ

ខ្លាំង និងរឹងមាំឡើងជាលំដាប់ សំដៅធានាបាន នូវភាពជោគជ័យផ្ទាល់របស់ក្រុមហ៊ុន ក៏ដូចជារបស់វិស័យឯកជនទាំងមូលនៅកម្ពុជា ដែលជាចលករនៃកំណើន សេដ្ឋកិច្ចជាតិ៕SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com