GMAC ​ប្រកាសគាំទ្រការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ​ និងអះអាងថា​ ជាការធ្វើកំណែទម្រង់​ដ៏ត្រឹមត្រូវ​

(ភ្នំពេញ)៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ GMAC យល់ឃើញថា ការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ដែលពាក់ព័ន្ធនឹងមាត្រា ១៤៤ថ្មី មាត្រា ១៦២ មាត្រា ៣០០ និងមាត្រាពាក់ព័ន្ធ នៅ​ពេលនេះ គឺជាការធ្វើកំណែទម្រង់ដ៏ត្រឹមត្រូវ និងជាពេលដែលសាកសមជាទីបំផុត។ នេះបើតាមសេចក្តីថ្លែងការណ៍ ស្តីពីការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ដែលចេញដោយ GMAC នៅថ្ងៃទី១៥ ខែមករានេះ។

GMAC បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានទទួលលិខិតអញ្ជើញពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឲ្យចូលរួមនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ដែលពាក់ព័ន្ធនឹង (ទី១) កែសម្រួលអត្រាប្រាក់ឈ្នួលវេនការ​ងារ​ពេលយប់ស្មើអត្រាវេនការងារពេលថ្ងៃក្នុងមាត្រា ១៤៤ថ្មី និងមាត្រាពាក់ព័ន្ធ (ទី២) លុបការឈប់​សម្រាក​នៅថ្ងៃបន្ទាប់សម្រាប់ថ្ងៃសម្រាកបុណ្យចំលើថ្ងៃអាទិត្យក្នុងមាត្រា ១៦២ និងមាត្រាពាក់ព័ន្ធ និង​(ទី៣) ពង្រីកវិសាលភាពក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្នុងការដោះស្រាយវិវាទបុគ្គលក្នុងមាត្រា ៣០០ និងមាត្រាពាក់ព័ន្ធ ក្នុងគោលបំណងឆ្លើយតបទៅនឹងការវិវឌ្ឍផ្នែកសង្គម និងសេដ្ឋកិច្ចរបស់ប្រទេស​កម្ពុជា​។

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា យល់ឃើញថា ការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារដែលពាក់ព័ន្ធ​នឹងមាត្រា ១៤៤ថ្មី មាត្រា ១៦២ មាត្រា ៣០០ និងមាត្រាពាក់ព័ន្ធ នៅពេលនេះ គឺជាការធ្វើកំណែទម្រង់ដ៏ត្រឹមត្រូវ និងជាពេលដែលសាកសមជាទីបំផុត។

គួររំលឹកផងដែរថា ចាប់តាំងពីត្រូវបានប្រកាសឲ្យប្រើប្រាស់ដោយព្រះរាជក្រមលេខ ជស/រកម/០៣៩៧​/០១​ ចុះថ្ងៃទី១៣ ខែមីនាឆ្នាំ១៩៩៧ រហូតមកដល់ពេលនេះ ច្បាប់ស្តីពីការងារ មានអាយុកាល ចំនួនជាង​ ២ ទសវត្ស រួចមកហើយ។ ច្បាប់នេះ ត្រូវបានសហការរៀបចំតាក់តែងដំបូង ដោយអ្នកជំនាញអន្តរជាតិនៃអង្គការអន្តរជាតិខាងការងារ (ILO) ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិទ្យាស្ថានការងារសេរីអាមេរិកអាស៊ី ដោយផ្អែកទៅលើបរិបទជាក់ស្តែងនៃសេដ្ឋកិច្ច និងសង្គមនាពេលនោះ​។

ដូចនេះ ស្របតាមបរិបទសកលភាវរូបនីយកម្ម និងកាប្រកួតប្រជែងដ៏ស្រួចស្រាវនៅថ្នាក់អន្តរជាតិនាពេលបច្ចុប្បន្ន ច្បាប់ស្តីពីការងារដែលមានអាយុកាលជាង ២ ទសវត្ស នេះ គួរគប្បីត្រូវធ្វើវិសោធនកម្មជាបន្តបន្ទាប់ដើម្បីកែសម្រួលមាត្រា មួយចំនួន ក្នុងគោលបំណងបង្កើនសមត្ថភាពផលិតកម្ម និងសក្តានុពលនៃភាពប្រកួតប្រជែងរបស់ប្រទេសនៅលើឆាកអន្តរជាតិ តាមរយៈការបើកចំហឱកាសវិនិយោគដែលមានលក្ខណអំណោយផលដល់ឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ដូចជាផ្នែកកម្មន្ត​សាល (DiscreteManufacturing & Process Manufacturing) ផ្នែកសេវាកម្ម ផ្នែកអាកាសចរ និងដឹកជញ្ជូន និងផ្នែកមន្ទីរពេទ្យជាដើម ដើម្បីឲ្យកម្ពុជាក្លាយទៅជាប្រទេសដែលមានការអភិវឌ្ឍន៍ខ្ពស់ផ្នែកឧស្សាហកម្មនិងសេវាកម្ម។

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា សូមសំដែងនូវការគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ចំពោះទស្សន​វិស័យវែងឆ្ងាយ លើវិស័យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ បរិយាកាសវិនិយោគដែលមានលក្ខណៈល្អប្រសើរ និងប្រកដដោយភាពប្រកួតប្រជែង នឹងជួយថែរក្សា អ្នកវិនិយោគដែលមានស្រាប់ ក៏ដូចជាទាក់ទាញបន្ថែមទៀតនូវអ្នកវិនិយោគថ្មីៗ។ ការវិនិយោគកាន់តែច្រើន ការបង្កើតការងារកាន់តែច្រើន ហើយកម្រិតប្រាក់បៀវត្ស និងអត្ថប្រយោជន៍ផ្សេងៗក៏នឹងកើនឡើងជាស្វ័យប្រវត្តទៅតាមនោះដែរ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង