សវនាការ​កាត់ទោស កឹម សុខា បញ្ចប់​នៅថ្ងៃទី១ គ្រោង​បន្ត​នៅ​ថ្ងៃ​ស្អែក​ទៀត

(ភ្នំពេញ)៖ សាលាដំបូង​រាជធានីភ្នំពេញ នៅវេលាម៉ោង ៥ និង២០នាទី ល្ងាចថ្ងៃនេះ បានបញ្ចប់​សវនាការ នៅថ្ងៃទី១ អំពីអំពើក្បត់ជាតិរបស់លោក កឹម សុខា ដោយគ្រោង​បន្តនៅថ្ងៃស្អែកទៀត។

លោកមេធាវី គី តិច បានប្រាប់អ្នកសារព័ត៌មានថា យ៉ាងហោចណាស់ មានប្រទេស ៩ ​ពាក់ព័ន្ធនឹង​សំណុំរឿង​របស់​លោក កឹម សុខា រួមមាន ឥណ្ឌូណេស៊ី យូហ្គោស្លាវី ស៊ែប៊ី អូស្រ្តាលី អាមេរិក កាណាដា សហភាពអឺរ៉ុប តៃវ៉ាន់ និងឥណ្ឌា។ ក្រៅពីនេះ ក៏មានពាក់ព័ន្ធអង្គការអន្តរ​ជាតិ និងបុគ្គលជាជនបរទេសមួយចំនួនទៀតដែរ តែលោកសុំមិនបញ្ចេញឈ្មោះ។

មន្ត្រីជាន់ខ្ពស់​សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ នាល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះថា អ្នកសង្កេតការណ៍បរទេស ក្នុងសវនាការកាត់ទោសលោក កឹម សុខា ពីបទក្បត់ជាតិ មានមន្ត្រី​ការទូត​បរទេស​ចំនួន ១១ប្រទេស​​​ រួមទាំងភ្នាក់ងាររបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជាផងដែរ។

ក្នុង​​ចំណោម​​អ្នក​ចូលរួម​ស្តាប់​នេះ​ មាន​តែ​ប្រទេស​​ស៊ុយអែត តែ​មួយគត់ ដែលបញ្ជូនឯកអគ្គរាជទូត​របស់ខ្លួន ឲ្យចូល​រួម​​ផ្ទាល់​។ ចំណែក​ស្ថានទូតបរទេសដទៃទៀត ដូចជា ស្ថានទូតអឺរ៉ុប, អង់គ្លេស, អាមេរិក, អូស្ត្រាលី,​​​ ជប៉ុន, បារាំង, អាល្លឺម៉ង់, ណូវែលហ្សេឡង់ និងស្ថានទូតបែលហ្សិក គឹបញ្ជូន​ត្រឹមតែមន្ត្រីមានឋានៈទាបជាងប៉ុណ្ណោះ។

កាលពីវេលា​ថ្ងៃត្រង់ ក្រោយពេលសម្រាកសវនាការ មេធាវីតំណាងឲ្យរាជរដ្ឋាភិបាល លោក គី តិច បានឲ្យដឹងថា មានប្រទេសចំនួ​​​ន៩, អង្គការអន្តរ​ជាតិ និងបុគ្គល ជាជនបរទេសមួយចំនួនទៀត បានពាក់ព័ន្ធនឹងសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា ដោយសារពួកគេនៅក្រោម ឬគាំទ្រសកម្មបដិវត្តព៌ណនៅកម្ពុជា។

នៅក្នុង​សវនាការ​ជំនុំ​ជម្រះក្តី ដែលចាប់ផ្តើមនៅម៉ោង៨ព្រឹករហូតដល់ម៉ោង១២ថ្ងៃត្រង់ លោក កឹម សុខា បានប្រកាស​បដិសេធ​នូ​វ​ការចោទប្រកាន់​មកលើ​រូបលោក ពីបទ ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស ឬ​អំពើ​ក្បត់ជាតិ​ សុំឲ្យ​ចៅក្រម​​ទម្លាក់​ចោល​​ជា​ស្ថាពរ​​ចំពោះ​បទ​ចោទ ដើម្បី​លោក​អាចអនុវត្ត​បាន​នូវ​សិទ្ធិ សេរីភាព​នយោបាយ​ពេញលេញ​ឡើងវិញ​។​

មេធាវីបួនរូប មានលោក ផែង ហេង, លោក ចាន់ ចេន, លោក ផាន់ ចាន់សាក់ និងលោកស្រី ម៉េង សុធារី គឺជាមេធាវីការពារសិទ្ធិលោក កឹម សុខា នៅក្នុងសវនាការនេះ។ នៅក្នុងបន្ទប់សវនាការ មាន​អ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មាន ប្រមាណ៣០នាក់ រាប់ទាំងមន្ត្រីទូតបរទេសផងដែរ៕

SWIFT NEWS- ​​​ផាន់ អាណា

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង